ភ្នំពេញ ៖ ពិធីបង្កើតសម្ព័ន្ធអ្នកប្រជាធិបតេយ្យខ្មែរនេះ បានប្រកាសផ្លូវការកាលពីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកានេះ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី ដឹកនាំដោយលោកញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ, លោកម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំ និងលោក កែម រិទ្ធិសិត ប្រធានគណបក្សខ្មែរតែមួយ និងសមាជិក សមាជិកាមួយចំនួនទៀត។
យោងតាមការលើកឡើងរបស់ថ្នាក់ដឹកនាំសម្ព័ន្ធភាព អ្នកប្រជាធិបតេយ្យខ្មែរ បានបញ្ជាក់ថា ការបង្កើតសម្ព័ន្ធនេះ ឡើងក្នុងការបណ្តុះស្មារតីដល់យុវជន យុវនារីខ្មែរឲ្យចេះស្រឡាញ់គ្នា គ្មានវប្បធម៌លាបពណ៌គ្នា ក្នុងសង្គមខ្មែរយើង។ ក្នុងនោះក៏មានការជំរុញឲ្យមានការចុះហត្ថលេខា លើលិខិតទិញលក់ដោយមេឃុំ/ចៅសង្កាត់ ក្នុងទិញលក់អចលនព្រទ្យនិងចលនព្រទ្យនានា។
ថ្នាក់ដឹកនាំសម្ព័ន្ធអ្នកប្រជាធិបតេយ្យខ្មែរ អះអាងមេឃុំ/ចៅសង្កាត់ នឹងត្រូវបណ្តុះស្មារតីគំនិតថ្មីមួយដើម្បីយុវជនខ្មែរជំនាន់ក្រោយបន្តវេន ដោយគ្មានវប្បធម៌លាបពណ៌។
ក្នុងនោះលោកញឹក ប៊ុនឆៃ ក៏បានលើកឡើងថា កម្ពុជាមានកិច្ចព្រមព្រៀងសន្តិសភាពក្រុងបារីស១៩៩១ ចំពោះការអនុវត្តវិញ ក្នុងពេលកន្លងមកនេះ មានលក្ខណៈល្អប្រសើរផង និងមានចំណុចខ្វះខាត គឺលក្ខណៈមិនល្អខ្លះផងដែរ។
លោកបន្តថា ក្នុងនាមជាអ្នកធ្លាប់ឆ្លងកាត់ក្នុងបរិបទសង្គមជាច្រើន ជាងប្រទេសមហាអំណាចម្ខាងៗ បានកំពុងតែចង់អូសទាញយកកម្ពុជា។ លោកបញ្ជាក់ “ស្ថានភាពនយោបាយកម្ពុជា នាពេលបច្ចុប្បន្នកំពុងមានការព្រួយបារម្ភ ព្រោះអតីតបក្សប្រឆាំងបានលំអៀង ទៅរកប្រទេសមួយផ្កាប់មុខ ដែលជាហេតុធ្វើឲ្យពិបាក។
សូមជម្រាបថា កាលពីអាណត្តិទី៣(២០០៣.២០០៨) មានការបង្កើតសម្ព័ន្ធប្រជាធិបតេយ្យដូចគ្នានេះដែរ រវាងគណបក្សសមរង្ស៊ី និងហ្វ៊ុនស៊ិនប៉ិច។ តែមិនយូរប៉ុន្មានសម្ព័ន្ធនោះ ដូចជាក្រមួន ឬអំបិលក៏រលាយដោយខ្លួនឯង នៅពេលគណបក្សហ្វ៊ុនស៊ិនប៉ិច បានចូលរួមបង្កើតរាជរដ្ឋាភិបាល ជាមួយគណបក្សប្រជាជនកម្ពុជា៕ ដោយ ៖ CEN