Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងពាណិជ្ជកម្ម​ប្រកាស​សម្ពោធ​ជា​ផ្លូវការ​នូវ​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​

លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​សម្ពោធ​ជា​ផ្លូវការ​នូវ​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក (E-Commerce Strategy) ដោយមាន​ការចូលរួម​ជាច្រើន​ពី​តំណាង​ក្រសួង​ស្ថាប័ន​ក្នុង​វិស័យ​សាធារណៈ វិស័យ​ឯកជន និង​ដៃគូ​អភិវឌ្ឍន៍​នានា ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​វិស័យនេះ​នៅក្នុង​ប្រទេស​កម្ពុជា​។ ការរៀបចំ​យុទ្ធសាស្ត្រ​នេះ​ទទួលបាន​ការឧបត្ថម្ភ​ហិរញ្ញប្បទាន​ពី​អង្គភាព​ក្របខ័ណ្ឌ​ពង្រឹង​សមាហរណកម្ម (Enhanced Integrated Framework – EIF)​។​

​លោក​រដ្ឋមន្ត្រី បាន​ជម្រាបជូន​ថា ក្នុង​បរិបទ​ប​ដិ​វដ្ត​ន៍​ឧស្សាហកម្ម​៤.០ បច្ចេកវិទ្យា​ឌីជីថល​គឺជា​គន្លឹះ​ដ៏​សំខាន់​ក្នុង​ការជំរុញ​ភាព​ប្រកួតប្រជែង​របស់​សហគ្រាស​ពាណិជ្ជកម្ម លើកកម្ពស់​ផលិតភាព បង្កើន​ការនាំចេញ បង្កើត​ការងារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​។ ដូច្នេះ រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៦ នៃ​រដ្ឋសភា បាន​រំលេច​អំពី “​ការរៀបចំ​ខ្លួន​សម្រាប់​ការរីកចម្រើន​នៃ​សេដ្ឋកិច្ច​ឌីជីថល និង​ឆ្លើយតប​ទៅនឹង​បដិវត្តន៍​ឧស្សាហកម្ម​៤.០” ក្នុង​មុំ​ទី​៣ ចតុកោណ​ទី​២ នៃ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​។ ក្រសួងពាណិជ្ជកម្ម ក្នុងនាម​ជា​សេនាធិការ​របស់​រាជរ​ដ្ឋា​ភិ​បាល បានរៀបចំ​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដើម្បី​ជា​ផែនទី​បង្ហាញផ្លូវ​ដល់​ការអភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ក្នុង​ក្របខ័ណ្ឌ​រួមមួយ ដោយ​វិស័យនេះ ជា​វិស័យ​ថ្មី​ទើបនឹង​លេចឡើង ប៉ុន្តែ​ជា​វិស័យ​ប្រកបដោយ​សក្តានុពល​ខ្ពស់​ក្នុង​ការបង្កើត​ប្រភព​កំណើន​ថ្មី​សម្រាប់​សេដ្ឋកិច្ចកម្ពុជា​។

ទោះជា​យ៉ាងនេះ​ក្ដី វិស័យនេះ​ក៏មាន​បញ្ហា​ប្រឈម​មួយចំនួន​ដែល​ត្រូវ​ដោះស្រាយ ដោយ​បញ្ហា​ប្រឈម​ទាំងនេះ​ត្រូវបាន​សិក្សា​វិភាគ​យ៉ាង​ល្អិតល្អន់​នៅក្នុង​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ហើយក៏​បានដាក់​ចេញ​នូវ​អនុសាសន៍ និង​ផែនការ​សកម្មភាព ដែល​ទាមទារ​ឲ្យ​មានការ​យកចិត្តទុកដាក់​ខ្ពស់ និង​ការចូលរួម​យ៉ាងសកម្ម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំង​វិស័យ​សាធារណៈ វិស័យ​ឯកជន និង​ដៃគូ​អភិវឌ្ឍន៍​ផងដែរ​។​

​ក្នុងឱកាស​នោះ​ផងដែរ ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​លើកឡើងថា យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក បានរៀបចំ​ឡើង​ក្នុង​ពេលវេលា​ដ៏​ត្រឹមត្រូវ​មួយ ស្រប​ពេលដែល​កម្ពុ​ជាមាន​ច្បាប់​ស្តីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដែល​ត្រូវ​បានប្រកាស​ឱ្យប្រើ​ប្រាស់​កាលពី​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៩ កន្លងទៅ​។

​ច្បាប់​ស្តីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក បម្រើ​ជា​មូលដ្ឋាន​គតិយុត្ត​ដ៏​មាន​សារៈសំខាន់ ដល់​ការអភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ជាពិសេស ការពារ​ផលប្រយោជន៍ និង​កសាង​ទំនុកចិត្ត​ខ្ពស់​ដល់​អ្នកប្រើប្រាស់​ក្នុង​វិស័យ​វិស័យ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិ​ក​ត្រូ​និក ក៏ដូចជា​ទាក់ទាញ​វិ​យោគិន​ទាំង​ក្នុង និង​ក្រៅប្រទេស ដើម្បី​វិនិយោគ​ក្នុង​វិស័យនេះ​នៅ​កម្ពុជា​។ ​ជាមួយ​នោះ​ផងដែរ ក្នុងពេល​បច្ចុប្បន្ន ជំងឺ​កូ​វីដ​-១៩ បាននិងកំពុង​រាតត្បាត​ទូទាំង​ពិភពលោក និង​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស ព្រមទាំង​រាំងស្ទះ​ដល់​សកម្មភាព​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​។ ក្នុង​បរិបទ​នេះ ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​មាន​សារៈសំខាន់​យ៉ាងខ្លាំង ក្នុងការ​ផ្តល់​ជា​គំរូ​អាជីវកម្ម​ថ្មី​មួយ​ប្រកបដោយ​ប្រសិទ្ធិភាព និង​ភាព​ប្រកួតប្រជែង​ខ្ពស់ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​ដែល​សមស្រប​ទៅនឹង​បរិបទ​សេដ្ឋកិច្ច​ឌីជីថល និង​លក្ខខណ្ឌ​តម្រូវការ​ទីផ្សារ​ក្នុងស្ថានភាព​កូ​វីដ​-១៩ និង​ក្រោយ​ជំងឺ​កូ​វីដ​-១៩​។

​ក្នុង​បរិបទ​តំបន់ និង​ពិភពលោក វិស័យ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក បាន​ក្លាយជា​ប្រធានបទ​សំខាន់​ដែល​ថ្នាក់ដឹកនាំ​របស់​ប្រទេស​នានា លើក​យកមក​ពិភាក្សា​នៅក្នុង​ក្របខ័ណ្ឌ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ក្នុង​ក្របខ័ណ្ឌ​តំបន់ និង​ពិភពលោក​។
​ជាក់ស្ដែង កម្ពុជា​បាន​ចុះហត្ថលេខា និង​អនុម័ត​យល់ព្រម​លើ ១) កិច្ចព្រមព្រៀង​អាស៊ាន ស្តីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក (ASEAN E-Commerce) ២) កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ​តំបន់ ហៅ​កាត់​ថា​អា​សិប (RCEP) ដែល​ត្រូវបាន​ចុះហត្ថលេខា​រួចរាល់​ហើយ​កាលពី​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២០ ថ្មីៗ​នេះ និង ៣) ជា​ជំពូក​ដ៏​សំខាន់​មួយ​នៅក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​​សេរី​ទ្វេភាគី​កម្ពុជា​-​ចិន ដែល​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២០​។

​ជា​ចុងក្រោយ ឯកឧត្តម​រដ្ឋមន្ត្រី បានបង្ហាញ​ក្តីសង្ឃឹម​យ៉ាង​មុតមាំ​ថា ឯកសារ​យុទ្ធសាស្ត្រ​នេះ​នឹង​ក្លាយជា​ឯកសារ​ចម្បង​មួយ​ក្នុងការ​រួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ជាពិសេស​ក្នុងការ​ប្រែក្លាយ​កម្ពុជា​ទៅជា​សេដ្ឋកិច្ច​ឌីជីថល​នាពេល​អនាគត ក៏ដូចជា​រួមចំណែក​ដ​ល់​ការសម្រេចបាន​នូវ​ចក្ខុវិស័យ​របស់​ក​ម្ពុ​ជា​ក្នុងការ​វិវត្តន៍​ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ក្នុង​ឆ្នាំ​២០៣០ និង​ប្រទេស​មាន​ចំណូល​ខ្ពស់​ក្នុង​ឆ្នាំ​២០៥០​។

​សូមបញ្ជាក់​ផង​ថា យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ទាំងអស់​មាន​១០​ជំពូក ដូចជា​៖ ១) យុទ្ធសាស្ត្រ​/​គោលនយោបាយ និង​ផ្នែក​សម្របសម្រួល​ស្ថាប័ន​, ២) ក្របខ័ណ្ឌ​ច្បាប់ និង​បទ​ប្បញ្ញត្តិ​, ៣) បទបញ្ញត្តិ​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​, ៤) ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា និង​ទូរគមនាគមន៍​, ៥) ហេដ្ឋារចនាសម្ព័ន្ធ​ជំនាញ​ឌីជីថល​, ៦) ប្រព័ន្ធ​ទូទាត់​, ៧) ភស្តុភា​រកម្ម​ពាណិជ្ជកម្ម​ក្នុងស្រុក​, ៨) ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​, ៩) ការទទួលបាន​ហិរញ្ញប្បទាន និង ១០) ពត៌មាន​ពាណិជ្ជកម្ម និង​ការគាំទ្រ​ទីផ្សារ​៕ ដោយ ៖ CEN

×