Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ​.​ជ​.​ប នឹង​រៀបចំ​ការបោះឆ្នោត​សាកល្បង​នៅ​ឆ្នាំ​២០២១ តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​

​ភ្នំពេញៈ លោក​ស៊ិ​ក ប៊ុន​ហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​បញ្ជាក់ថា គ​.​ជ​.​ប នឹង​រៀបចំ​ការបោះឆ្នោត​សាកល្បង​នៅ​ឆ្នាំ​២០២១ តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន និង​បាន​ស្នើសុំ​ភាគី​ជប៉ុន បន្ត​ជួយ​សម្ភារ បរិក្ខារ ដែល​រួមមាន​កុំព្យូទ័រ​យួរដៃ និង Power Bank ដើម្បី​បម្រើឱ្យ​ការបោះឆ្នោត​សាកល្បង​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន នៅ​ឆ្នាំ​២០២១​។​

​ការបញ្ជាក់​នេះ បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​លោកស្រី ហា​រូ​កូ កា​ម៉ី ប្រធាន​ថ្មី​របស់​អង្គការ JICA ប្រចាំ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០​។ ប្រធាន គ​.​ជ​.​ប បានស្នើ​សុំឱ្យ​មាន​កិច្ចសហការ​ជា​បន្តទៅទៀត ដោយ​ស្នើសុំ​ភាគី​ជប៉ុន បន្ត​ជួយ​សម្ភារ បរិក្ខារ ដែល​រួមមាន​´ កុំព្យូទ័រ​យួរដៃ ២​ពាន់​គ្រឿង និង Power Bank ២​ពាន់​គ្រឿង ដើម្បី​បម្រើឱ្យ​ការបោះឆ្នោត​សាកល្បង​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន នៅ​ឆ្នាំ​២០២១ រួមមានៈ ការចុះឈ្មោះ​គណបក្សនយោបាយ និង​បញ្ជី​បេក្ខជន តាម​ប្រព័ន្ធ​អន​ឡាញ (Online) ការ​បូកសរុប​លទ្ធផល​នៃ​ការបោះឆ្នោត​តាម​ប្រព័ន្ធ​អន​ឡាញ (Online) ការបញ្ជូន និង​ការទទួល​លទ្ធផល​បោះឆ្នោត​បឋម ការបែងចែក​អាសនៈ ការ​ស្រង់​ឈ្មោះ​បេក្ខជន​ជាប់ឆ្នោត សុទ្ធតែ​ត្រូវ​ធ្វើតាម​ប្រព័ន្ធ​កុំព្យូទ័រ​។​

​លោក ស៊ិ​ក ប៊ុ​ក​ហុក បាន​បញ្ជាក់ថា ប្រសិនបើ​ការបោះឆ្នោត​សាកល្បង​ក្នុង​ឆ្នាំ​២០២១ ទទួលជោគជ័យ នោះ​ការរៀបចំ​ការបោះឆ្នោត​នៅ​ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣ ដោយ​ប្រើ​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​ក៏​ទទួលបាន​ជោគជ័យ​ដែរ ដែល​ធ្វើឱ្យ​គ្រប់ភាគី​ទទួលយក​លទ្ធ​ផល​នៃ​ការបោះឆ្នោត​ដែល​រៀបចំ​ដោយ គ​.​ជ​.​ប ដោយ​យើងទាំងអស់គ្នា​បានដឹងហើយថា ការបោះឆ្នោត គឺជា​ស្នូល​នៃ​លទ្ធិប្រជាធិបតេយ្យ ដូច្នេះ​បើ​យើង​រៀបចំ​ការបោះឆ្នោត​បានល្អ នោះ​លទ្ធិប្រជាធិបតេយ្យ​កាន់តែ​ល្អ និង​រឹងមាំ​នៅ​កម្ពុជា បំណងប្រាថ្នា​ដ៏​ធំ​របស់​ប្រធាន គ​.​ជ​.​ប គឺត្រូវធ្វើ​ឱ្យ​ទាល់តែ​បានការ​បោះឆ្នោត​មួយ​ប្រកបដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ក្នុងនោះ​គឺ​អ្នក​ដែល​គ្រប់​អាយុ ១៨​ឆ្នាំ​ឡើងទៅ នៅពេលដែល​បាន​បំពេញ​លក្ខខណ្ឌ​ត្រឹមត្រូវ​ស្របតាម​ច្បាប់​ត្រូវតែ​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ហើយ​សំឡេងឆ្នោត​ត្រូវតែ​រាប់​ឱ្យបាន​ត្រឹមត្រូវ​ជាទីបំផុត​។ លទ្ធផល​នៃ​ការបោះឆ្នោត​ទាំង ៣​ដំណាក់កាល (​លទ្ធផល​បឋម បណ្ដោះអាសន្ន និង​ផ្លូវការ​) មិនត្រូវ​ខុសគ្នា​ជាដាច់ខាត​។​

​ប្រធាន គ​.​ជ​.​ប ក៏បាន​ស្នើសុំ​ជំនាញការ ៣​រូប លើ​ផ្នែក​ច្បាប់ បច្ចេកទេស និង​ផ្នែក​បណ្ដុះបណ្ដាល និង​អប់រំ​អ្នកបោះឆ្នោត​។​
ជាការ​ឆ្លើយតប លោកស្រី ហា​រូ​កូ កា​ម៉ី នាយិកា​អង្គការ JICA បាន​មានប្រសាសន៍ថា លោកស្រី​មាន​កិត្តិយស​ណាស់ ដែល​លោកស្រី​មានឱកាស​បាន​ជួប​សម្ដែង​ការគួរសម​ជាមួយនឹង គ​.​ជ​.​ប ជាពិសេស​ប្រធាន​គ​.​ជ​.​ប និង​គណៈប្រតិភូ​។
​លោកស្រី​បានធ្វើការ​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ស្អិតរ​មួ​ត និង​ស្និទ្ធស្នាល​ជាទីបំផុត រវាង​អ្នកជំនាញការ​ជប៉ុន និង គ​.​ជ​.​ប ហើយ​លោកស្រី​ទទួលស្គាល់ថា ការបោះឆ្នោត​គឺជា​ស្នូល​នៃ​លទ្ធិប្រជាធិបតេយ្យ ហើយ​លោកស្រី​ក៏​ជឿជាក់ថា គ​.​ជ​.​ប នឹង​រៀបចំ​ការបោះឆ្នោត​បន្តទៀត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​។​
​ពាក់ព័ន្ធ​នឹង​សំណើ​របស់ គ​.​ជ​.​ប បើតាម​ប្រធាន​ថ្មី​រូបនេះ​បានឱ្យដឹងថា អង្គការ JICA បានទទួល​រួចហើយ​កាលពី​ខែសីហា ឆ្នាំ​២០២០ ដែល គ​.​ជ​.​ប បានដាក់​តាមរយៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC)​។ ដោយសារ​អង្គការ JICA ជា​អង្គការ​អនុវត្ត​ជំនួយឥតសំណង​របស់​ប្រទេស​ជប៉ុន ដូចនេះ​លោកស្រី​នៅតែ​បន្ត​ការអនុវត្ត​តាម​គោលការណ៍​របស់​រដ្ឋាភិបាល​ជប៉ុន ក៏ដូចជា​ការងារ​រប​ស់​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ផងដែរ​។

​សម្រាប់​សំណើ​នេះ លោកស្រី​ពុំទាន់​បានទទួល​ព័ត៌មាន​លម្អិត​នៅឡើយ​ទេ ពីព្រោះ​ត្រូវ​រង់ចាំ​ការសម្រេច​ពី​រដ្ឋាភិបាល​ជប៉ុន ហើយ​លោកស្រី​នឹង​ផ្ដល់ព័ត៌មាន​ជា​បន្តបន្ទាប់​ដល់ គ​.​ជ​.​ប ប្រសិនបើ​ទទួលបាន​ចម្លើយ​វិជ្ជមាន​នៃ​សំណើ​នោះ បន្ទាប់មក​លោកស្រី​ស្នើសុំ​ឱ្យមាន​ជំនួប​ក្នុង​ក្របខ័ណ្ឌ​បច្ចេកទេស ដើម្បី​ពិនិត្យមើល​សំណើ​នេះ ពីព្រោះថា​កន្លងមក​ជប៉ុន​បាន​ជួយ​រួចហើយ​ពាក់ព័ន្ធ​នឹង​ការងារ​មួយចំនួន​ដូចជា ការចុះឈ្មោះ​បោះឆ្នោត ដូច្នេះ​ត្រូវ​ពិនិត្យមើល​ឡើងវិញ​នូវ​អ្វីដែល​ត្រូវ​ជួយ​ជា​បន្តទៀត​តាម​លក្ខណៈ​បច្ចេកទេស​៕
​ដោយ​៖CEN​

×