Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មវិធី​ប្រឡង​ស្នាដៃ​សិល្បៈ​ថ្នាក់ជាតិ​ប្រចាំឆ្នាំ ២០២០ បាន​បន្ត​ផ្តល់​ពេលវេលា​បន្ថែម​សម្រាប់​ការចុះឈ្មោះ​ចូលរួម​ប្រកួត​

​ភ្នំពេញ​៖ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្មវិធី​ប្រឡង​ស្នាដៃ​សិល្បៈ​ថ្នាក់ជាតិ​ប្រចាំឆ្នាំ ២០២០ ក្រោម​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​សែ​ល​កាត បាន​បើក​ដំណើរការ​កន្លែង​ចុះឈ្មោះ​ថ្មី​មួយទៀត នៅឯ​ការិយាល័យ​កណ្តាល​សែ​ល​កាត​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​លើកទឹកចិត្ត​ដល់​សិល្បករ​គំនូរ​ថ្មីៗ ឱ្យមក​ចូលរួម​ប្រកួត​កម្មវិធី​ប្រឡង​ប្រចាំឆ្នាំ​លើក​ទី ៣​នេះ​។​

​ការបើក​ដំណើរការ​កន្លែង​ចុះឈ្មោះ​ថ្មី​នេះ ត្រូវបាន​បើកសម្ពោធ​រួម​ជាមួយនឹង​ការសម្តែង​គូស​គំនូរ​ឌីជីថល​ផ្ទាល់​នៅឯ​ការិយាល័យ​កណ្តាល​សែ​ល​កាត​។ ការសម្តែង​នេះ មាន​វត្តមាន​ចូលរួម​ដោយ​លោក ប៊ុន ឡេង Influencer របស់​ក្រុមហ៊ុន​សែ​ល​កាត សិស្ស​និស្សិត​មកពី​មូលនិធិ​កុមារ​កម្ពុជា (CCF) និង​សិល្បករ​គំនូរ​ខ្មែរ​ដ៏​ល្បីឈ្មោះ​លោក នូ សារី ដែល​រូបគាត់​បាន​ចូលរួម​ស្វែងយល់ ក៏ដូចជា​ទទួលយក​នូវ​បទពិសោធន៍​នៃ​ការ​គូស​គំនូរ​ឌីជីថល​ផ្ទាល់ ជា​លើកដំបូង​ផងដែរ​។​

​ការប្រកាស​នូវ​ការបើក​ដំណើរការ​កន្លែង​ចុះឈ្មោះ​ថ្មី​នេះ គឺ​ត្រូវបាន​ធ្វើឡើង​ស្របគ្នា​នឹង​ការពន្យារ​កាលបរិច្ឆេទ​ឈប់​ទទួល​ពាក្យ​ចូលរួម​ប្រឡង ពោលគឺ​នឹង​បន្ត​ទទួល​ពាក្យ​ចាប់ពី​ថ្ងៃនេះ​រហូតដល់ ខែកុម្ភៈ ឆ្នាំ ២០២១​។​

​កម្មវិធី​ប្រឡង​នេះ ត្រូវបាន​គេ​រំពឹងទុក​ថា នឹងមាន​ការចុះឈ្មោះ​ចូលរួម​ប្រកួត​ច្រើនជាង​កម្មវិធី​ប្រឡង​កន្លងទៅ ហើយ​ទន្ទឹមនឹងនោះ ពេលវេលា​ផ្តល់ជូន​បន្ថែម​នេះ នឹង​ញុំ​ា​ង​ឱ្យមាន​ការរៀបចំ​សកម្មភាព និង​កម្មវិធី​ធ្វើដំណើរ​ទៅតាម​ខេត្ត បាន​កាន់តែ​ផុសផុល​ផងដែរ​។ សិល្បករ​ដែលជា​ប់​ជ័យលាភី នឹង​ទទួលបាន​នូវ​រង្វាន់​ដ៏​អស្ចារ្យ​ជាច្រើន ដោយ​ក្នុងនោះ​មានដូចជា កិច្ចសន្យាការងារ និង​ឱកាស​នៃ​ការចូល​រួមជាមួយ​គម្រោង​អន្តរជាតិ​ជាដើម​។​

​កម្មវិធី​ប្រឡង​ស្នាដៃ​សិល្បៈ​ថ្នាក់ជាតិ​ប្រចាំឆ្នាំ ២០២០ ត្រូវបាន​ចែកចេញជា ៣ ប្រភេទ សម្រាប់​សិល្បករ​ចូលរួម​ប្រកួត ដោយ​ក្នុងនោះ​មានដូចជា គំនូរ​លើ​ផ្ទាំង​ក្រណាត់ គំនូរ​ឌីជីថល និង​គំនូរ​តាម​ដងផ្លូវ​។ លោក ថូ​នី ហ្វ្រ​ង់​ស៊ី​ស (Tony Francis) ជា​ម្ចាស់​ក្រុមហ៊ុន និង​ជា​ស្ថាបនិក Kbach Arts បាន​មានប្រសាសន៍ថា ការផ្តល់​ពេលវេលា​បន្ថែម​នេះ គឺ​ដើម្បី​ផ្តល់ឱកាស​ដល់​សិល្បករ​ឱ្យបាន​កាន់តែច្រើន​មក​ចូលរួម ក៏ដូចជា​ផ្តល់​ពេលវេលា​គ្រប់គ្រាន់​ដល់​ពួកគាត់​ដើម្បី​ដាក់ពាក្យ​ប្រកួត​។​

​គួរ​រំលឹក​ផងដែរ កម្មវិធី​ប្រកួត​ប្រចាំឆ្នាំ​លើក​ទី ៣ ក្រោម​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​សែ​ល​កាត​នេះ ត្រូវបាន​ចាប់ផ្តើម​ប្រកាសឡើង​កាលពី​ខែកញ្ញា ឆ្នាំ ២០២០​កន្លងទៅ ដោយ​ក្នុងនោះ កម្មវិធី​ក៏បាន​នាំយក​នូវ​គំនូរ​ប្រភេទ​ឌីជីថល​ថ្មី ដើម្បី​អនុញ្ញាតឱ្យ​សិល្បករ​យើង​នៅ​ទូទាំងប្រទេស បាន​ចូលរួម​ដើម្បី​បញ្ចេញស្នាដៃ​ផងដែរ​។​

​ក្រុមហ៊ុន​សែ​ល​កាត សង្ឃឹមថា​គំនូរ​ប្រភេទ​ឌីជីថល​ថ្មី​នេះ នឹង​អាចជួយ​ជម្រុញ​យុវវ័យ​សម័យ​បច្ចេកវិទ្យា​ឌីជីថល ស្វែង​រកឃើញ​នូវ​មធ្យោបាយ​ថ្មីៗ ដើម្បី​ពង្រឹង​នូវ​ទេពកោសល្យ​ច្នៃប្រឌិត និង​ចាប់យក​អាជីព​ដ៏​ប្រសើរ​មួយ​សម្រាប់​ថ្ងៃ​អនាគត​របស់​ពួកគេ​៕ ដោយ ៖ CEN

×