Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា​ចូលរួម​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ទេសាភិបាល​នៃ​មជ្ឈមណ្ឌល​ស៊ា​សិន​

​លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០២០ បាន​ចូលរួម​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ទេសាភិបាល​នៃ​មជ្ឈមណ្ឌល​ស៊ា​សិន (SEACEN) លើក​ទី​៤០ តាមរយៈ Videoconference​។

កិច្ចប្រជុំ​នេះ​ដឹកនាំ​ដោយ​អាជ្ញាធរ​រូបិយវត្ថុ​ព្រុយ​ណេ​ដែលជា​ប្រធាន​ថ្មី​សម្រាប់​អាណត្តិ​ឆ្នាំ​២០២១ បន្ត​ពី​អាជ្ញាធរ​រូបិយវត្ថុ​សិង្ហ​បុរី​ដែលជា​ប្រធាន​សម្រាប់​អាណត្តិ​ឆ្នាំ​២០២០​នេះ និង​មានការ​ចូលរួម​ពី​សំណាក់​ទេសាភិបាល​ធនាគារកណ្តាល​និង​អាជ្ញាធរ​រូបិយវត្ថុ​ជា​សមាជិក​មជ្ឈមណ្ឌល​ស៊ា​សិន​។

​គួររំលឹកថា មជ្ឈមណ្ឌល​ស៊ា​សិន​មាន​សមាជិក​សរុប​ចំនួន ១៩ ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​បណ្តុះបណ្តាល​និង​អភិវឌ្ឍ​សមត្ថភាព​មន្ត្រី​ធនាគារកណ្តាល​និង​អាជ្ញាធរ​រូបិយវត្ថុ​ជា​សមាជិក​ឱ្យ​ស្របតាម​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៃ​វិស័យ​ហិរញ្ញ​វ​ត្តុ​និង​ធនាគារ​។​

​សម្រាប់​កិច្ចប្រជុំ​លើក​ទី​៤០​នេះ អង្គ​ប្រជុំបាន​ពិភាក្សា និង​អនុម័ត​លើ​កិច្ច​ការសំខាន់​មួយចំនួន រួមមាន ៖ ទី​១-​ផែនការ​សកម្មភាពរ​បស់​ស៊ា​សិន​សម្រាប់​ឆ្នាំ​២០២១ ទី​២-​កញ្ចប់​ថវិកា​សម្រាប់​ឆ្នាំ​២០២១ ទី​៣-​ការកែសម្រួល​គោលការណ៍​និង​នីតិវិធី​នៃ​ការគ្រប់គ្រង ជាពិសេស​ក្នុងស្ថានភាព​ដែល​តម្រូវឱ្យ​កម្មវិធី​បណ្តុះបណ្តាល​ភាគច្រើន​ត្រូវធ្វើឡើង​តាម​ប្រព័ន្ធ​អន​ឡាញ ទី​៤-​ការបែងចែក​និង​ការផ្តល់​សិទ្ធិ​ក្នុង​ការធ្វើ​សេចក្តីសម្រេចចិត្ត និង ទី​៥-​ការជ្រើសរើស​ដៃគូ​យុទ្ធសាស្ត្រ​របស់​មជ្ឈមណ្ឌល​ស៊ា​សិន ជាដើម​។

គួរ​រំលេច​ថា ក្នុងអំឡុងពេល​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​១៩​នេះ មជ្ឈមណ្ឌល​ស៊ា​សិន បាននិងកំពុង​ប្រែក្លាយ​កម្មវិធី​បណ្តុះបណ្តាល​របស់ខ្លួន​ឱ្យស្រប​ទៅតាម​ស្ថានការណ៍ និង​តម្រូវការ​របស់​សមាជិក តាមរយៈ​ការបង្កើន​វគ្គ​បណ្តុះបណ្តាល​និង​សិក្ខាសាលា​តាម​ប្រព័ន្ធ​អន​ឡាន ដោយ​ផ្តោតជាសំខាន់​ទៅលើ ៖ ទីមួយ​-​ការគ្រប់គ្រង​គោលនយោបាយ​រូបិយវត្ថុ​និង​ម៉ាក្រូសេដ្ឋកិច្ច​ក្នុងពេល​មាន​វិបត្តិ ទី​២-​ប្រព័ន្ធ​ទូទាត់ ស្ថិរភាព​ហិរញ្ញវត្ថុ និង​ការត្រួតពិនិត្យ​ធនាគារ និង ទី​៣-​ភាពជា​អ្នកដឹកនាំ​។​ល​។​

​កន្លងមក ធនាគារជាតិ​នៃ​កម្ពុជា​បាន​បញ្ជូន​មន្ត្រី​បុគ្គលិក​ឱ្យចូល​រួម​វគ្គ​បណ្តុះបណ្តាល ការស្រាវជ្រាវ និង​កិច្ចប្រជុំ​នានា​របស់​មជ្ឈមណ្ឌល​ស៊ា​សិន ដើម្បី​ពង្រឹងគុណភាព​ជំនាញ និង​ឯកទេសកម្ម​របស់​មន្ត្រី​បុគ្គលិក​។ គិត​ត្រឹម​ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ធនាគារជាតិ​នៃ​កម្ពុជា​ក៏បាន​ចាត់​មន្ត្រី​បុគ្គលិក​ឱ្យចូល​រួម​វគ្គ​សិក្ខាសាលា​តាម​ប្រព័ន្ធ​អន​ឡាញ​ចំនួន ៨៤​រូប​៕ ដោយ ៖ CEN

×