ភ្នំពេញៈ ក្រុមកម្មករជនជាតិចិន និងជនជាតិខ្មែរ ប្រមាណជាង ៣០នាក់ តំណាងឲ្យកម្មករ ១១៨នាក់ បានប្រមូលផ្តុំគ្នាធ្វើការតវ៉ាបិទផ្លូវ និងលើកប៉ាដានៅខាងមុខក្រុមហ៊ុន ជិនយ៉ាស៊ីង ដែលមានទីតាំងស្ថិតនៅផ្លូវ ៥០៨ សង្កាត់ផ្សាដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ការតវ៉ានេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ នេះ ក្នុងគោលបំណងដើម្បីទាមទារឲ្យក្រុមហ៊ុនបើកប្រាក់ខែចំនួន ៤ខែ ដែលក្រុមហ៊ុនមិនបានបើកឲ្យពួកគេ។
បន្ទាប់ពីការតវ៉ាលើកបដា បិទផ្លូវ គឺលោក អាំង សេរីពិសិដ្ឋ អភិបាលរងខណ្ឌចំការមន បានចុះទៅជួយសម្របសម្រួល និងអន្តរាគមន៍ឲ្យក្រុមកម្មករបើកផ្លូវដើម្បីឲ្យប្រជាពលរដ្ឋបានធ្វើដំណើរចេញចូលធម្មតា។ ដោយមានការសម្របសម្រួល ក្រុមកម្មករជនជាតិចិននិងខ្មែរ បានយល់ព្រមបើកឲ្យធ្វើចរាចរណ៍វិញហើយ។
សូមជម្រាបថា នាពេលកន្លងមកនេះ ក្រុមកម្មករជនជាតិចិន និងជនជាតិខ្មែរ ធ្វើការនៅក្រុមហ៊ុន ជិនយ៉ាស៊ីង ក៏ធ្លាប់បាននាំគ្នាទៅសុំអន្តរាគមន៍នៅមុខស្ថានទូតចិនប្រចាំកម្ពុជាផងដែរ ដើម្បីឲ្យជួយអន្តរាគមន៍ទៅក្រុមហ៊ុន ជិន យ៉ាស៊ីង បើកប្រាក់ខែឲ្យពួកគាត់ចំនួន ៤ខែ ដែលក្រុមហ៊ុនមិនបានបើកឲ្យ៕រក្សាសិទ្ធិដោយ៖CEN