ការស៊ើបអង្កេតមួយកំពុងត្រូវបានដំណើរការចំពោះនាយប៉ូលិស ៦០នាក់ របស់ថៃ ក្រោយពេលដែលអ្នកទាំងនោះបានទទួលប្រាក់តៃអៀរពីម្ចាស់ការស៊ីណូម្នាក់ នាឱកាសថ្ងៃចូលឆ្នាំថ្មីប្រពៃណីចិន។
បើតាម Channel News Asia, រូបភាពនៃពួកប៉ូលិសមកពីអង្គភាព ៤ នៃប៉ូលិសរដ្ឋធានីបាងកក ដែលតម្រង់ជួរទទួលប្រាក់តៃអៀរពីម្ចាស់កាស៊ីណូម្នាក់ ត្រូវបានបង្ហោះឡើង និងរាលដាលពេញបណ្តាញសង្គមនាថ្ងៃទី ១៦កុម្ភៈកន្លងមក។
ឧត្តមសេនីយ៍ត្រី Boonyakit Rodma មេបញ្ជការប៉ូលិសបាងកក បានកោះហៅមេអង្គភាពប៉ូលិស Taling Chan, Thamma Sala, Bang Yikhan និង Bang Saothong, ដែលជាអង្គភាពប៉ូលិសពាក់ព័ន្ធដល់រឿងអាស្រូវខាងលើ។ អង្គភាពទាំង៤នេះ ត្រូវរាយការណ៍លទ្ធភាពស៊ើបអង្កេតដល់ថ្នាក់បញ្ជាការបាងកកក្នុងរង្វង់មួយសប្តាហ៍។
កាលពីសប្តាហ៍មុនឧត្តមសេនីយ៍ឆា បញ្ជាការរងប៉ូលិសជាតិថៃ បានចេញបទបញ្ជាសំណូមពរដល់មេបញ្ជាការប៉ូលិសគ្រប់ស្ថាប័នពុំត្រូវអនុញ្ញាតឲ្យថ្នាក់ក្រោមខ្លួនទទួលប្រាក់តៃអៀរពួកពាណិជ្ជករចិន នាឱកាសដើមឆ្នាំថ្មីរបស់ពួកគេ។
លោកឧត្តមសេនីយ៍ Sriworakhan ក៏បានព្រមានពីទោសទ័ណ្ឌដ៏ធ្ងន់ធ្ងរ និងត្រូវបានយកមកអនុវត្តប្រសិនបើប៉ូលិសណាបំពានលើបទបញ្ជាខាងលើ។ រឿងរ៉ាវដើមឆ្នាំថ្មីប្រពៃណីចិន គឺជារឿងអាស្រូវថ្មីបំផុតរបស់ប៉ូលិសថៃ។ មុននោះអតីតមេដឹកនាំប៉ូលិសថៃ Somyot Pumpanmuang បានសារភាពថា ធ្លាប់បានខ្ចីប្រាក់ ៩,៥លានដុល្លារ ពីសំណាក់ផ្ទះបនមួយ ដែលបច្ចុប្បន្នមនុស្សនេះក៏ត្រូវបានគេរកចាប់ខ្លួនក្នុងករណីជួញដូរមនុស្ស និងប្រើប្រាស់ពលករអនីតិជន សមត្ថកិច្ចកំពុងស៊ើបអង្កេតរឿងរ៉ាវរបស់ Pumpanmuang។
គួររំលឹកថា អំឡុងពេលច្រើនខែមកនេះ រឿងអាស្រូវទាក់ទងនឹងអំពើពុករលួយបានបំផ្លាញយ៉ាងធ្ងន់ធ្ងរលើកិត្តិយសរបស់រដ្ឋការយោធាថៃ ហើយកម្លាំងប៉ូលិសត្រូវបានចាត់ទុកថា ជាស្ថាប័នពុករលួយអាក្រក់បំផុត៕ ចន្ទ្រា