កំពង់ចាម ៖ នេះគឺជាខណៈពេលដ៏មហារន្ធត់ខ្លាំងណាស់ ខណៈដែលរថយន្តដឹកទំនិញធុនធំ១គ្រឿង បានចុះពីលើស្ពានគីហ្សូណាចូលក្រុងកំពង់ចាម ស្រាប់តែដាច់ហ្វ្រាំងបុករះម៉ូតូ និងរថយន្តយ៉ាងសាហាវ។
បើតាមព័ត៌មានបឋម បានឲ្យដឹងថា នៅវេលាម៉ោង ១០ និង ៤៧នាទី ព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ នេះ មានករណីរថយន្ដដឹកទំនិញធុនធំ១គ្រឿង ខណៈចុះពីលើស្ពានគីហ្សូណា បានដាច់ហ្វ្រាំង ហើយក៏បានបុករះរថយន្ដ និងម៉ូតូជាច្រើនគ្រឿង។
ប្រភពបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ដដឹកទំនិញធុនធំមួយគ្រឿង បានបើកចុះពីលើស្ពានទិសដៅចូលក្រុងកំពង់ចាម លុះមកជិតដល់គល់ស្ពានទំនងជាដាច់ហ្វ្រាំង ក៏បានបុករះម៉ូតូជាច្រើនគ្រឿង និងរថយន្ត១គ្រឿង ហើយបន្ដបុកផ្ទប់ចូលផ្ទះប្រជាពលរដ្ឋទៅមុខលែងរួច ដែលធ្វើឲ្យប្រជាពលរដ្ឋភ័យលោះព្រលឹងគ្រប់ៗគ្នា។
នៅក្នុងហេតុការណ៍នេះ ក៏បានបណ្ដាលឲ្យមានមនុស្សរងរបួសផងដែរ ប៉ុន្ដែមិនមានអ្នកណាម្នាក់រងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។
សូមបញ្ជាក់ថា នេះអាចជាករណីឡានធំដាច់ហ្វ្រាំង ចុះពីស្ពានគីហ្សូណា ជាលើកទី២ហើយ ដែលគេនៅចាំបានថា កាលពីអំឡុងខែឧសភា ឆ្នាំ២០១៨ គឺមានរថយន្តដាច់ហ្វ្រាំងពីស្ពានគីហ្សូណា បុករះរង្វង់មូលខេត្តកំពង់ចាម ដែលបណ្តាលឲ្យមនុស្សរងរបួសធ្ងន់២នាក់ផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង