ភ្នំពេញ៖ នារីរូបស្រស់ស្អាតម្នាក់ បានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំង កាលពីវេលាម៉ោងជាង ២ យប់រំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ ខណៈនាងបានមកស្រែកទ្រហោយំ នៅប៉ុស្តិ៍ទន្លេបាសាក់ និងស្រែកទួញរៀបរាប់ប្រាប់ថា នាងមិនសោកស្តាយលុយទេ តែសោកស្តាយដែលខំមានចិត្តប៉ាវគេញ៉ាំស៊ុប តែចុងក្រោយមិននឹកស្មាន បែរជាប៉ះចំមនុស្សបោកបន្លំលួចលុយជាង២ពាន់ដុល្លារទៅវិញ។
នារីរងគ្រោះបានរៀបរាប់ប្រាប់អ្នកសារព័ត៌មាន ឲ្យដឹងថា នៅក្នុងថ្ងៃខួបកំណើតរបស់ខ្លួន នាងបានហៅនារី២នាក់ ដែលបានស្គាល់គ្នាចាត់ទុកដូចមិត្តភក្តិ ទៅញ៉ាំស៊ុបនៅហាងមួយកន្លែង ហើយបន្ទាប់មក ក៏បានបន្តទៅផឹកនៅហាងសាច់អាំងផាំឃីន PK ទីក្រុងកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់។ លុះពេលផឹកចប់ នារី២នាក់នោះក៏បានហៅកង់បី (PassApp) គ្រានាងឡើងជិះចេញទៅទៅផ្ទះវិញ ទាំងមានសភាពស្រវឹងទន់ខ្លាំង។ ប៉ុន្តែ ដល់ពេលរាងស្វាងភ្ញាក់ខ្លួននៅលើកង់បី ស្ថិតតាមបណ្តោយផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាងស្រាប់តែស្រឡាំងកាំងស្វាងចែសតែម្តង ព្រោះបាត់ទូរស័ព្ទ iPhone 11Pro ស៊េរីភ្នែក៣មួយគ្រឿង និងលុយជាង ២ ពាន់ដុល្លារ ហើយនៅសល់ក្នុងកាបូបតែជាង ៧០០ ដុល្លារ ប៉ុណ្ណោះ។
ក្រោយពីបានដឹងថា បាត់បង់របស់ទ្រព្យបែបនេះ នាងក៏បានឲ្យកង់បីឥណ្ឌា ជូននាងត្រឡប់មកហាងស៊ុបក្នុងហាង «ផាំឃីន PK» ខាងលើវិញ ដេីម្បីសួរនាំអ្នកធ្វេីការទីនោះ ដែលក៏បានប្រាប់ថា គឺពិតជាមានារី២នាក់មកញ៉ាំស៊ុបជាមួយនាងមែន។ ប៉ុន្តែ ពួកគេពុំបានដឹងថា នាងបានបាត់របស់ទ្រព្យដូចបានរៀបរាប់ខាងលើនៅកន្លែងណា ឬដោយរបៀបណានោះទេ។
ដោយមិនអស់ចិត្ត នាងក៏ឡេីងកង់បីបន្តដំណេីរទៅស្នាក់ការប៉ុស្តិ៍ទន្លេបាសាក់ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍។ នៅក្នុងប៉ុស្តិ៍ប៉ូលិស នាងបានស្រែកទ្រហោយំថា ស្ដាយទឹកចិត្តណាស់ដែលខំចំណាយលុយ ប៉ាវគេចូលហូស៊ុបក្នុងឱកាសថ្ងៃខួបកំណេីតខ្លួន តែបែរជាជួបមនុស្សបោកប្រាស់បញ្ច្រកស្រារហូតនាងសន្លប់តែឯង ហេីយលួចយកទូរស័ព្ទ និងលុយរបស់នាងបែបនេះទៅវិញ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង