ភ្នំពេញ៖ នេះជារឿងដ៏ហួសចិត្តខ្លាំងបំផុតមួយ ខណៈដែលបុរសជាពលករម្នាក់ មិនដឹងមានមូលហេតុអ្វី ស្រាប់តែបានលោតចេញពីអគារធ្វើចត្តាឡីស័ក បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០។
បុរសរូបនេះមានឈ្មោះ សួន វាសនា អាយុ ២៣ ឆ្នាំ ទើបវិលត្រឡប់មកពីប្រទេសម៉ាឡេស៊ី ហើយក៏ត្រូវបានក្រសួងសុខាភិបាលតម្រូវឲ្យធ្វើចត្តាឡីស័កស្នាក់នៅក្នុងបន្ទប់៥១១ នៃសណ្ឋាគារ ឡង លីវ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ ស្ថិតតាមផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ប៉ុន្តែ មិនដឹងជាមានរឿងហេតុអ្វី ស្រាប់តែបុរសរូបនេះបានលោតពីអគារដែលខ្លួនស្នាក់នៅ ធ្លាក់ចុះក្រោមបណ្តាលឲ្យធ្លាយដំបូលសាលារៀនសុធារស បណ្តាលឲ្យរងរបួសយ៉ាងដំណំតែម្តង។ ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យខ្មែរ-សូវៀត។
បើតាមលោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានឱ្យដឹងថា បុរសដែលធ្វើចត្តាឡីស័កនៅសណ្ឋាគារ ឡុង លីវ ហើយធ្លាក់ពីជាន់ទី ៥ កំពុងត្រូវបានសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហើយនៅពេលនេះ រូបគេបានដឹងខ្លួន និងអាចនិយាយបានខ្លះៗហើយ តែស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរនៅឡើយទេ។
លោកជំទាវក៏បានឲ្យដឹងដែរថា បើតាមការសួរនាំមូលហេតុនៅក្នុងមន្ទីរពេទ្យ បុររសនេះបាននិយាយថា រូបគេបានរអិលជើងធ្លាក់ចុះមក ដោយសារតែភាពរវើរវាយនៃឥទ្ធិពលប្រើប្រាស់គ្រឿងញៀន និងគិតច្រើនពីការជំពាក់បំណុលគេ។ ហើយអ្វីកាន់តែច្បាស់នោះ គឺក្រោយធ្វើតេស្តពិនិត្យទឹកនោម លទ្ធផលបង្ហាញថា មានសារធាតុញៀនប្រភេទអំហ្វេតាមីន។ ហេតុដូច្នេះ នេះជារឿងផ្ទាល់ខ្លួនរបស់គាត់ប៉ុណ្ណោះ មិនមែនជាប់ពាក់ព័ន្ធនឹងការមិនពេញចិត្តតម្រូវឲ្យឃុំខ្លួនដោយសារកូវីដ១៩ នោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង