នេះជាខណៈពេលដ៏គួរឲ្យស្លុតរន្ធត់មួយ ដែលរហូតដល់អ្នកខ្លះឆ្ងល់ក៏បានលើកឡើងថា តើនេះជាជើងកបឬ? ខណៈពេលដែលឃើញម៉ូតូ ៣ គ្រឿង នៅក្នុងវីដេអូ គឺសុទ្ធតែបានដួលនៅនឹងកន្លែងតែមួយបែបនេះ។
តែយ៉ាងណា ទន្ទឹមនឹងចម្ងល់នេះផងដែរ តាមរយៈគណនីហ្វេសប៊ុកឈ្មោះ Chhoeurng Kel បានបង្ហោះវីដេអូពីកាមេរ៉ាសុវត្ថិភាព និងភ្ជាប់សារក្នុងបំណងល្អឲ្យបងប្អូន អ្នកធ្វើដំណើរមានការប្រុងប្រយ័ត្នយ៉ាងដូច្នេះថា៖ «ខ្លោងទ្វារវត្តរលំជ្រៃ អតីតកាលផ្លូវដីខ្សាច់ បច្ចុប្បន្នផ្លូវកៅស៊ូ ខ្ញុំសូមអនុញាតបង្ហោះវីដេអូនេះ ដើម្បីផ្សព្វផ្សាយជូន ដល់អ្នកធ្វើដំណើរដោយម៉ូតូឡាន សូមកុំបើកបរក្នុងល្បឿនលឿន ផ្លូវកោងចេញពីភូមិកាប់ចោរ ដល់ភូមិគោកស្វាយ ឆ្ពោះទៅភូមិរលំជ្រៃ ត្រង់ខ្លោងទ្វារវត្តច្រកចូលខាងជើង ប្រយ័ត្នដូចវីដេអូនេះ។
គណនីខាងលើ ក៏បានបញ្ជាក់ឲ្យដឹងបន្ថែមថា «វត្តរលំជ្រៃ ស្ថិតនៅឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ពីខ្ញុំ អតីតក្មេងឃ្វាលគោនៅក្បែរវត្តនេះ ក្នុងទសវត្សរ៍១៩៨០ជាង។ សូមអរគុណ»។
ក្រោយពីបានឃើញបែបនេះ ក៏មានអ្នកប្រើប្រាស់បណ្តាញសង្គម បានចូលខមិនឆ្លើយតបទៅនឹងចម្ងល់ ថាតើនេះជាជើងកបឬ? ទាំងហួសចិត្តថា៖ «ចេះតែឆ្ងល់ទៅរួច ជើងកបខ្មោចសេះស្អី ផ្លូវកោង ហើយថ្មហ្មត់ទៀត បើកលឿនម្លឹងៗ បើមិនរអិលដួលទើបវាចម្លែក, ជើងកបស្អីវា ពួកអាក្មេងជិះលឿនមិនដឹងអី ផ្លូវកោងច្បាប់ណាឱ្យអ្នកបើកបរបើកហួសល្បឿនកំណត់? ហើយផ្លូវក្រួសខៀវទៀត មិនដួលទើបចម្លែក ។ ខុសខ្លួនឯង ចេះតែបន្ទោសខ្មោច, ឱមនុស្សអើយមនុស្ស អញស្លាប់បាត់ហើយនៅមករករឿងអញទៀត? ផ្លូវបត់វាជិះលឿនខ្លួនឯងសោះមកចោទតែអញអ៊ីចឹង? ហែងមើលបងៗផ្សេងៗមើលគាត់មិនបានដួលឯណា?»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង