នេះប្រហែលជាចោរគួរឲ្យអាសូរបំផុតប្រចាំឆ្នាំនៅចិនហើយ ព្រោះទោះបីជា “ច្រឡំ” យកទូរស័ព្ទអ្នកដទៃភ្លេចលើតុ គាត់នឹកស្មានថា រឿងកំប៉ិកកំប៉ុក ប៉ូលិសពុំចាប់អារម្មណ៍ទេ ទើបគាត់បានដើរចូលប៉ុស្តិ៍ប៉ូលិសដើម្បីសុំទូរស័ព្ទ ប្រាប់ក្រុមគ្រួសារថា ៖ “ចូលឆ្នាំថ្មីនេះពុំបាននៅផ្ទះជួបជុំគ្រួសារទេ”។
តាមនោះគឺ ៖ លោក Wang ត្រូវបានជាប់សង្ស័យថា បានលួចទូរស័ព្ទ ចល័តមួយនៅ គួងយ៉ាង ប្រទេសចិន។ គាត់បានទៅខ្ចីទូរស័ព្ទប៉ុស្តិ៍ប៉ូលិស ដើម្បីប្រាប់គ្រួសារថា ពុំបានត្រឡប់ទៅស្រុកចូលឆ្នាំទេ។
ប៉ូលិសបានពិនិត្យឃើញថា គាត់គឺជាអ្នកលួចទូរស័ព្ទ កំពុងត្រូវបានពួកគេរុករកចាប់ខ្លួន ហេតុនេះពិតជា “រកអុសប្រទះឈើងាប់” ខណៈពេលលោក Wang ប្រហែលជាគិតតាមសុភាសិតបុរាណចិនថា ៖ “កន្លែងគ្រោះថ្នាក់បំផុត គឺសុវត្ថិភាពបំផុត” ទើប “ច្រឡំធំ” យ៉ាងនេះនោះ។
គួររំលឹកថា នៅថ្ងៃទី ៣ កុម្ភៈ ទូរស័ព្ទចល័ត១ បានភ្លេចលើតុកាហ្វេមួយ នៅ Guryang។ តាមរយៈកាមេរ៉ាសុវត្ថិភាព គេបំពាក់បានអត្តសញ្ញាណអ្នក “ច្រឡំដៃ” យកគឺលោក Wang។
ឥឡូវគាត់ជាប់ខ្នោះហើយ ហើយគេត្រូវរង់ចាំកំណត់ថ្លៃទូរស័ព្ទ ទើបអាចកំណត់ទោសទ័ណ្ឌរបស់គាត់តាម…ច្បាប់បាន។
មិនដឹងថា គួរហៅគាត់ (លោក Wang បែបណាទេ! ទុកជូនប្រិយមិត្តរកពាក្យពណ៌នាពីគាត់ផងចុះ!)៕ ចន្ទ្រា