ភ្នំពេញ៖ រថយន្តកុងតឺន័រដឹកក្រណាត់មួយគ្រឿង បានក្រឡាប់ផ្ងារជើងទាំងព្រឹក ខណៈដែលបើកបរក្នុងល្បឿងយ៉ាងលឿន តាមបណ្តោយផ្លូវជាតិលេខ ១ ក្នុងទិសដៅពីកើតទៅលិចចូលមកភ្នំពេញ លុះដល់ផ្លូវរោងចក្រស្រាបៀរថៃហ្គ័រក៏បួងចង្កូតបត់ ក្រឡាប់ផ្ងារជើងចង្គ្រៀងៗតែម្តង តែសំណាងល្អមិនបង្កឲ្យមានមនុស្សណាម្នាក់រងគ្រោះថ្នាក់។
ហេតុការណ៍នេះ បានកើតឡើងកាលវេលាម៉ោង ៦ និង៣៥ នាទីព្រឹក ថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០២០ នៅ ត្រង់ចំណុចផ្លូវជាតិលេខ ១ កែងផ្លូវទៅរោងចក្រស្រាបៀរថៃហ្គ័រ ភូមិទួលតាចាន់ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តដឹកទូរកុងតឺន័រមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ៣E-៨៩៥៩ មួយគ្រឿងបាន បោះពួយក្នុងល្បឿនយ៉ាងលឿន តាមបណ្តោយផ្លូវជាតិលេខ ១ ក្នុងទិសដៅពីកើតទៅលិចចូលមកភ្នំពេញ លុះមកដល់ចំណុចកើតហេតុខាងលើ ទំនងជាបើកបរក្នុងល្បឿនលឿនពេកនោះ ក៏បានបួងចង្កូតបត់ឆ្វេង ក្នុងបំណងចូលទៅតាម ផ្លូវរោងចក្រស្រាបៀរថៃហ្គ័រក៏ក្រឡាប់ផ្ងារជើង ហើយភ្លាមនោះ គេក៏បានឃើញបុរសជាអ្នកបើកបរ និងស្រ្តីម្នាក់បាននាំគ្នាលូនចេញ ពីរថយន្តហើយក៏បានឡើងជិះម៉ូតូឌុបទៅបាត់ ស្រមោលអស់ទៅ។
ក្រោយពេលកើតហេតុ កម្លាំងមានសមត្ថកិច្ចមូលដ្ឋាន ក៏បានចុះមកដល់កន្លែង រថយន្តកុងតឺន័រដឹកក្រណាត់ក្រឡាប់ខាងលើ ដោយមិនបានបង្កឲ្យអ្នកណាម្នាក់ រងគ្រោះថ្នាក់ និងធ្វើឲ្យរងការខូចខាតដល់ទ្រព្យសម្បត្តិសាធារណៈនោះ ក៏ទុកឲ្យខាងក្រុមមហ៊ុន មកស្ទូចយករថយន្តដឹកទូរកុងតឺន័រនោះ យកទៅវិញផងដែរ៕រក្សាសិទ្ធិដោយ៖ ផាន់ណា+មីដា