ភ្នំពេញ ÷ យុវជនពីរនាក់ ក្នុងនោះ បានបាត់បង់ជីវិតម្នាក់និងម្នាក់ទៀតរងរបួសធ្ងន់បន្ទាប់ពីរជិះម៉ូតូជួបគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង ជ្រុលទៅបុកខឿនផ្លូវពេញទំហឹងបណ្ដាលឲ្យដួលអូសម៉ូតូទៅមុខជាច្រើនម៉ែត្រ ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១២ និង ២០ នាទីយប់ឈានចូលថ្ងៃចន្ទទី១៤ ខែធ្នូ ឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យទី ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សពជនរងគ្រោះ ឈ្មោះ ប៉ុន ដាវីត ភេទប្រុស អាយុជាង ២០ ឆ្នាំ មុខរបរអ្ន កដឹកញ្ជូន មានទីលំនៅក្នុងភូមិរក្សជ័យ ឃុំ រក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ចំណែកឯអ្នករួមដំណើរវិញនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។
បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុខាងលើបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនពីរនាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេ ១២៥ ដែលពាក់ផ្លាកលេខភ្នំពេញ 1GY 1527 ធ្វើដំណើក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនខណៈពេលមកដល់ចំណុចកើតហេតុផ្លូវកោងបទចង្កូតមិនទាន់ក៏ជ្រុលទៅបុកខឿនផ្លូវដួលម៉ូតូអូសទៅមុខជាច្រើនម៉ែត្រ បណ្តាលឲ្យស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការគ្នាជាមួយនឹងជំនាញចុះមកដល់រួចក៏ធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌមានជ័យ និងធ្វើកំណត់ហេតុប្រគល់សពឲ្យរថយន្តសាមុយយកទៅតម្កល់ទុកនៅវត្តទឹកថ្លារង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ៖ សា មេត