បុរសម្នាក់បានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈឡើងលើស្លាបយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Alaska Airlines មុនពេលបុរសនោះបានធ្លាក់ទៅលើដី ក្រោមសម្រែកយ៉ាងខ្លាំងពីអ្នកដំណើរ។ ហេតុការណ៍ដ៏ញាក់សាច់នេះបានកើតឡើងនៅព្រលានយន្ត McCarran ក្នុងទីក្រុង Las Vegas សហរដ្ឋអាមេរិក នៅពេលដែលបុរសម្នាក់បានឡើងលើស្លាបយន្តហោះ
នៅក្នុងវីដេអូឃ្លីបដែលថតដោយភីឡុតឈ្មោះ Brooke Knight កាលពីថ្ងៃសៅរ៍ ទី១២ ខែធ្នូ ឆ្នាំ២០២០ បុរសនោះត្រូវបានឃើញដើរ និងលុតជង្គង់ ស្ថិតក្នុងកាយវិការហាក់ក្នុងក្តីស្រមើលស្រមៃដ៏មហាធំធេង នៅលើស្លាបខាងស្តាំយន្តហោះ។ បុរសដ៏ចម្លែកនេះបន្ទាប់មក សូម្បីបោះគ្រវែងស្បែកជើង និងស្រោមជើងទៅលើដី មុនពេលព្យាយាមឡើងទៅចុងកំពូលស្លាបយន្តហោះ។
បុរសនេះបានព្យាយាមខំប្រឹងទធាក់ជើងរបស់ខ្លួន ដើម្បីតោងឡើងទៅលើផ្នែកតូចនៃស្លាបយន្តហោះយ៉ាងខ្លាំង ប៉ុន្តែ នៅទីបំផុត បានរអិល និងរបូតដៃ ធ្លាក់ចុះលើដីកម្ពស់ ៣ ម៉ែត្រ ដែលធ្វើឲ្យអ្នកដំណើរស្រែកក្នុងភាពតតក់ស្លុតជាខ្លាំង។ តែទោះយ៉ាងណា បុរសនេះពុំមានការរងរបួសអ្វីធ្ងន់ធ្ងរនោះទេ ដោយគ្រាន់តែបែកមាត់បន្តិចបន្តួចប៉ុណ្ណោះ។
នៅក្នុងសេចក្តីថ្លែងការណ៍ ក្រុមហ៊ុនអាកាសចរណ៍ Alaska Airlines បាននិយាយថា ជើងហោះហើររបស់ខ្លួនលេខ ១៣៦៧ (ពី Las Vesgas ទៅកាន់ Porland, អាេមរិក) ជិតនឹងត្រូវធ្វើការហោះហើរទៅហើយ តែនៅពេលនោះអ្នកបើកយន្តហោះ ក៏ស្រាប់តែបានកត់សម្គាល់ឃើញបុរសម្នាក់ដើរមកជិត និងងឡើងយន្តហោះភ្លាមៗ នៅវេលាម៉ោង ២ រសៀល។
សេចក្តីថ្លៃងការណ៍នៅបានឲ្យដឹងទៀតថា «ភីឡុតបានជូនដំណឹងនេះទៅកាន់ប៉មសន្តិសុខ ហើយកម្លាំងពាក់ព័ន្ធក៏បានប្រញាប់ប្រញាល់ចុះមកទាន់ពេលវេលា ដើម្បីដោះស្រាយស្ថានការណ៍ និងបញ្ចូនបុរសនេះទៅឃុំខ្លួនផងដែរ។ អ្នកដំណើរ និងបុគ្គលិករបស់យើង មានសុវត្ថិភាព។ យើងកំពុងធ្វើការជាមួយការអនុវត្តច្បាប់។ យន្ដហោះបានវិលត្រលប់ទៅក្លោងទ្វារវិញ ដើម្បីធ្វើការត្រួតពិនិត្យ មុនពេលបន្តការហោះហើរឡើងវិញ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង