ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់មុខតំណែងព្រះអង្គម្ចាស់នរោត្តម ចក្រាវុឌ្ឍ ព្រះប្រធានស្តីទីគណបក្សហ្វ៊ុនស៊ិនប៉ិច ពីសមាសភាពឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់មានឋានៈស្មើទេសរដ្ឋមន្ត្រី។ លោកពេជ្រ សូជេថ្ថា ពីសមាសភាពឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់មានឋានៈស្មើរដ្ឋមន្ត្រី និងលោករស់ សាផន ពីមន្ត្រីតំណាងក្នុងកេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់មានឋានៈស្មើអនុរដ្ឋលេខាធិការ។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ ដែលទើបតែទទួលបាននៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ។
ជាមួយគ្នានេះ ព្រះមហាក្សត្របានតែងតាំងនិងផ្ដល់ឋានៈដល់សមាសភាពឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ចំនួនពីររូប និងមន្ត្រីតំណាងក្នុងលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ចំនួន ១រូប រួមមាន៖
១. លោក ហេង ចាន់ថា ជាសមាសភាពឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ មានឋានៈស្មើទេសរដ្ឋមន្ត្រី ។ ២. លោក អាំង សំបូរ ជាសមាសភាពឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ មានឋានៈស្មើរដ្ឋមន្ត្រី ។ ៣. លោក ឯមឃិន វរៈ មន្ត្រីតំណាងក្នុងលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ មានឋានៈស្មើអនុរដ្ឋលេខាធិការ។
ការបញ្ចប់តំណែងនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ បានធ្វើលិខិតទូលថ្វាយព្រះមហាក្សត្របញ្ចប់មុខតំណែងសមាសភាពគណបក្សហ្វ៊ុនស៊ិនប៉ិច ក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ចំនួនបីរូប និងតែងតាំងផ្តល់ឋានៈចំនួនបីរូបជំនួសវិញ។ ការស្នើបញ្ចប់តំណែងនេះ បានធ្វើឡើងតាមសំណើរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច។
សូមជម្រាបថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច បានតែងតាំងព្រះអង្គម្ចាស់នរោត្តម ចក្រាវុឌ្ឍ ព្រះប្រធានស្តីទីគណបក្សហ្វ៊ុនស៊ិនប៉ិច កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨។ ចំណែកលោកលោកពេជ្រ សូជេថ្ថា និងលោករស់ សាផន ត្រូវបានបញ្ចប់សមាជិកភាពពីគណបក្សហ្វ៊ុនស៊ិនប៉ិច កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នា២០១៩៕ រក្សាសិទ្ធិដោយ ៖ CEN