ភ្នំពេញ៖ ប្រិយមិត្តបានទទួលជ្រាបរួចហើយ ពីចំណងបែកបាក់ប្តីប្រពន្ធរវាងលោកឧកញ៉ា ដួង ឆាយ និងភរិយាលោកជំទាវ ម៉ា លីណា។ អ្វីដែលធ្វើឲ្យគ្រប់គ្នាកាន់ច្បាស់នោះ គឺក្រោយបង្ហោះសារលែងលះជាសាធារណៈ លោកជំទាវ ម៉ា លីណា ក៏បានបង្ហោះសារជាបន្តបង្ហាញពីអារម្មណ៍លាក់ទុកក្នុងចិត្តជាយូរឆ្នាំ ដែលបានបញ្ចេញឲ្យមហាជនបានដឹងកាលពីយប់មិញផងដែរ។
ក្នុងនោះ លោកជំទាវ ម៉ា លីណា បានសរសេររៀបរាប់ឲ្យដឹងថា៖ «ខ្ញុំមិនស្ដាយក្រោយនិងអតីតកាល ប៉ុន្តែខ្ញុំស្ដាយពេលវេលាដែលចំណាយទៅលើមនុស្សខុស អ្នកដទៃមើលមកអ្នកជាមនុស្សបែបណាមិនសំខាន់ទេ អ្វីដែលសំខាន់អ្នកធ្វើខ្លួនបែបណាឲ្យគេមើល,ពេលខ្លះហត់នឿយណាស់ តែមិនអាចឈប់បានទេ ព្រោះខ្លួនឯងគឺត្រូវពឹងខ្លួនឯង»។
យ៉ាងណាមិញ ក្រោយពីលោកជំទាវ ម៉ា លីណា បានបង្ហោះសារបែបនេះ ស្រាប់តែលោកឧកញ៉ា ដួង ឆាយ ដែលបាននិងកំពុងស្ងប់ស្ងាត់ជាច្រើនថ្ងៃមកហើយ ក៏បានបង្ហាញសញ្ញានឹងធ្វើការបកស្រាយឆ្លើយតបទៅវិញ ជុំវិញសារដែលលោកជំទាវ ម៉ា លីណា បានលើកឡើងហាក់មានន័យចង់ផ្តោតថា លោកឧកញ៉ា ដួង ឆាយ ធ្វើជាល្អចំពោះមុខមហាជន ប៉ុន្តែ សម្រាប់ក្នុងជីវិតគ្រួសារវិញគឺពោរពេញដោយភាពអាប់អួរ ដែលរហូតពោលពាក្យថា សោកស្តាយមិនគួរចំណាយពេលវេលាទៅលើមនុស្សខុសបែបនេះ។
ជាក់ស្តែង នៅមុននេះបន្តិច ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ លោកឧកញ៉ា ដួង ឆាយ បានបង្ហោះសារជាសញ្ញាបកស្រាយឆ្លើយតប នៅក្នុងថ្ងៃខួបកំណើតរបស់ខ្លួនឯងយ៉ាងដូច្នេះថា៖ «រីករាយថ្ងៃខួបកំណើតរបស់ខ្ញុំ, ពូមីងបងប្អូនមានពាក្យជូនពរខ្ញុំទេបាទ? សូមអរគុណពូមីងបងប្អូនទាំងអស់គ្នា ចំពោះការស្រលាញ់រាប់អានកន្លងរហូតមកណា Happy Birthday To Me ពេលវេលានឹងបកស្រាយអ្វីៗគ្រប់យ៉ាង ភាពអំណត់អត់ធ្មត់ស្ងប់ស្ងាត់គឺល្អបំផុត»។
ទន្ទឹមនឹងពាក្យជូនពរ ពីសំណាក់ហ្វេនៗជាច្រើន សូមឲ្យមានសុខភាពល្អ ក្នុងនោះក៏មានអ្នកខ្លះជូនពរឲ្យអ្នកទាំងពីរត្រូវរ៉ូវគ្នាវិញព្រោះអាណិតក្មេងៗថា៖ «សូមឲ្យឆាប់ត្រូវរូវគ្នាវិញ ធ្វើដំណើរជាមួយគ្នាឆ្ងាយណាស់ហើយ សូមកុំបោះបង់ចោលនៅត្រឹមនឹងអី ក្មេងៗត្រូវការទាំងប៉ាទាំងម៉ាក់នៅជួបជុំគ្នា»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង