ភ្នំពេញ÷រថយន្តសង្រ្គោះបន្ទាន់ប្រញាប់យកអ្នកជំងឺទៅសង្គ្រោះ ឆ្លងផ្លូវបញ្ច្រាស ជ្រុលទៅបុកនឹងម៉ូតូ pcx ចំពីមុខពេញទំហឹងបណ្ដាលឱ្យម្ចាស់ម៉ូតូរបួសធ្ងន់ បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាម។
ហេតុការណ៍នេះដែលកើតឡើងនៅវេលាម៉ោង ៥ និង ០០ នាទីល្ងាចថ្ងៃព្រហស្បតិ៍ទី ១៧ ខែធ្នូ ឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋលក់ដូរនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាក PCXមួយគ្រឿងពណ៌ខ្មៅពាក់ផ្លាកលេខ កំពង់ធំ 1N 48 39 ធ្វើដំណើរក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿន មកដល់ចំណុចកើតហេតុ ក៏ត្រូវបានរថយន្តសង្គ្រោះបន្ទាន់មួយគ្រឿងដែលពាក់ផ្លាកលេខ រដ្ឋ12 2- 06 55 ធ្វើដំណើរក្នុងទិសដៅបញ្រ្ចាសទិសពីជើងមកត្បូងក្នុងល្បឿនយ៉ាងលឿន ប្រញាប់ដឹកអ្នកជំងឺយកទៅសង្គ្រោះ ឆ្លងបញ្ច្រាសផ្លូវជ្រុលទៅបុកចំពីខាងមុខម៉ូតូPCX ពេញទំហឹងបណ្ដាលឱ្យម្ចាស់ម៉ូតូរងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាម។ ចំណែកឯតៃកុងរថយន្តវិញ ត្រូវសមត្ថកិច្ចឃាត់បាននៅកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចរាចរណ៍ ចុះមកដល់រួចក៏ប្រគល់តួនាទីទៅឱ្យខាងជំនាញចរាចរណ៍ក្រុង ចុះមកវាស់វែង និងនិងធ្វើកំណត់ហេតុ យកម៉ូតូនិងរថយន្ត ទៅរក្សាទុកនៅស្នងការក្រុង រង់ចាំដោះស្រាយនៅពេលក្រោយ៕រក្សាសិទ្ធិដោយ៖ សា មេត