ភ្នំពេញ÷បុរសម្នាក់បានបាត់បង់ជីវិតបន្ទាប់ពីជិះម៉ូតូលឿនត្រូវរថយន្តកុងតឺន័រកៀររួចកិនពីលើក្បាលបណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។ចំណែកឯជនបង្កបន្តបើកទៅមុខរត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះដែរកើតឡើងនៅវេលាម៉ោង៩ និង ១៥ នាទីយប់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០២០ នៅតាមបណ្តោយផ្លូវ ២៧១ ក្នុងសង្កាត់ចក្រអង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សពជនរងគ្រោះ ឈ្មោះ ប៉ាង បញ្ញា ភេទប្រុស មុខរបរផ្នែកកងឯកភាពវិទ្យា ស្ថានឯកភាពបច្ចេកទេសយោធាតេជោហ៊ុនសែន
មានស្រុកកំណើតនៅ ភូមិព្រែកធំ២ សង្កាត់ក្បាលកោះ ស្រុកគៀនស្វាយ ខេត្តកណ្តាល។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាក PCX ពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 1HI 99 36 ធ្វើដំណើរក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុក៏ត្រូវបានរថយន្តកុងតឺន័រមួយគ្រឿទៀតមិនចាំផ្លាកលេខបើកបរពីក្រោយក្នុងទិសដៅស្របទិសពីលិចមកកើតដូចគ្នារួចវ៉ាជេងជ្រុលទៅកៀរម៉ូតូឲ្យបណ្តាលឲ្យដួលរួចកិនពីលើបន្ថែមបណ្តាលឲ្យបែកក្បាលស្លាប់ក្នុងថ្លុកឈាម។ រួចបន្តបើកទៅមុខរត់គេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចុះមកដល់រួចធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកនិងធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ៖សាមេត