ភ្នំពេញ៖ ប្រិយមិត្តមួយចំនួនធំ ប្រាកដណាស់បានដឹងហើយ ពីបុរសម្នាក់មើលមួយភ្លែតស្រដៀងស្តេចប្រដាល់ថៃ ប៊ូខាយ ដែលល្បីល្បាញជាខ្លាំង ក្រោយពីបានចេញវីដេអូបង្ហាញសមត្ថភាពដ៏អស្ចារ្យរបស់ខ្លួន តាមរយៈការទាត់បំបាក់ដើមចេក និងកុងស្មងនឹងគល់ដូងមួយទំហឹងៗ។
តែយ៉ាងណា បុរសរូបនេះដែលមានឈ្មោះ លួច សុផល បានឲ្យដឹងថា តាមពិតទៅគាត់ហាត់បែបនេះ គឺហាត់ពីគ្រូផង និងមើលតាមវីដេអូពីក្បួនហាត់របស់ស្តេចប្រដាល់ថៃ ប៊ូខាវ ផង។ សុផល បានបង្ហើបឲ្យដឹងថា គាត់ស្រឡាញ់ក្បាច់គុនខ្មែរនេះតាំងពីវ័យក្មេងមកម្ល៉េះ និងក៏មានចិត្តចង់ចូលប្រឡូកក្នុងវិស័យប្រដាល់ផងដែរ តែឪពុកម្តាយមិនឲ្យទៅហាត់។ តែទោះយ៉ាងណា ដោយសារចាប់អាជីពរត់តាក់ស៊ី ហើយធ្លាប់ជួបឧបសគ្គត្រូវក្មេងពាលខូចៗចង់ធ្វើបាប គាត់ក៏ចាប់ផ្តើមហាត់ក្បាច់គុននេះ ដើម្បីការពារខ្លួន។
បុរសមានគ្រួសារ និងកូន៣នាក់ទៅហើយរូបនេះ ក៏បានប្រាប់ឲ្យដឹងផងដែរថា កាលពីមិនទាន់ហាត់ គាត់បានឡើងវ៉ៃចាញ់គេដល់ទៅ៣ដង។ ប៉ុន្តែ ដោយសារមានគេបង្អាប់ ក៏បានធ្វើឲ្យមានចិត្តខំប្រឹងហាត់ រហូតឡើងវ៉ៃនៅជាយដែនឈ្នះរហូត (សម្រាប់គីឡូតូចដូចគ្នា)។
តែយ៉ាងណា ការហាត់បែបនេះរបស់គាត់នៅមានកំរិត ដែលអ្នកចេះបានប្រាប់ថា ត្រូវព្យាយាមរត់ឲ្យបានទៀងទាត់ ទោះឆ្អឹងដូចដែករឹងមាំយ៉ាងណា ក៏មិនអាចទៅរួចនឹងអ្នកហាត់ត្រឹមត្រូវ ព្រោះចាញ់សុះគេ។
ដោយសារតែមានមហានជាច្រើនបានការជម្រុញទឹកចិត្ត និងចង់ឃើញលោកឡើងសង្វៀនប៉ុស្តិ៍ទូរទស្សន៍ ថ្មីៗនេះ លោក លួត សុផល បានសម្តេចចិត្តឡើងមកភ្នំពេញ ចូលហាត់នៅក្នុងក្លឹបរាជសីមានប្ញទ្ធិ របស់លោកគ្រូ សេន ប៊ុនថេន និងលោកគ្រូ បឺតខាំ។ បើតាម បឺតខាំ បានប្រាប់ឲ្យដឹងថា ប្រសិនបើកីឡាកររូបនេះហ្វឹកហាត់ដិតដល់ និងអាចឆ្លងកាត់កូនសិស្សជើងខ្លាំង៣រូបរបស់លោក ទទួលបានលទ្ធផលល្អ នោះរូបគេនឹងអាចឡើងសង្វៀនជាផ្លូវការនៅពេលខាងមុខនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង