ជឿជាក់ថា មនុស្សភាគច្រើនចូលចិត្តញ៉ាំពងត្រី ដូចជាសម្លម្ជូរពងត្រី ឬក៏ចំហុយពងត្រី ជាដើម។ ប៉ុន្តែ ទោះយ៉ាងណា មិនមែនអ្វីៗនៅក្នុងពងត្រី គឺសុទ្ធតែសុវត្ថិភាពសម្រាប់យកមកធ្វើម្ហូបនោះទេ។
ជាមួយការលើកឡើងខាងលើនេះ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ទំព័រហ្វេសប៊ុកមួយឈ្មោះ Pertanian Satu Perniagaan ចេញពីក្នុងប្រទេសម៉ាឡេស៊ី បានធ្វើការព្រមានដល់គ្រប់គ្នាឲ្យមានការប្រុងប្រយ័ត្ន ប្រសិនបើពួកគេឃើញសរសៃពណ៌ក្រហមនៅជុំវិញពងត្រី ព្រោះថា ទាំងនោះអាចជារបស់ផ្សេងក្រៅពីពងត្រី។
ទំព័រហ្វេសប៊ុកខាងលើ ក៏បានសរសេរបន្តថា៖ «សម្រាប់អ្នកដែលជាអ្នកចូលចិត្តពងត្រី ប្រសិនបើអ្នកឃើញអ្វីៗពណ៌ក្រហម នោះប្រាកដណាស់ហើយវ វាពិតជាព្រួនតែម្តង»។
ក្រោយការបង្ហោះនេះ ឃើញថាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកនិយមកលេងអ៊ិនធើរណិត ហើយរហូតមកទល់ពេលនេះ មានមតិយោបល់ជាង ១០០០។ ក្នុងនោះ មនុស្សជាច្រើនលាន់មាត់ថា ចប់ហ្មង តើវាជាការពិត ឬយ៉ាងណា ឃើញហើយគួរឲ្យខ្ពើមខ្លាំងណាស់ ចង់ក្អួត។ រីឯអ្នកខ្លះទៀតថា «ចៃដន្យអីហូបអត់ដែលប៉ះផង ហើយក៏ជាលើកទី១ដែរ ដែលបានឃើញឡើងអ៊ីចឹង ហេតុនេះយើងទាំងអស់គ្នាត្រូវប្រយ័ត្ន មុនពេលយកពងត្រីមកធ្វើម្ហូប»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង