ភ្នំពេញ៖ ប៉ុន្មានថ្ងៃមកនេះ ព័ត៌មានទាក់ទងនឹងបុរសអនាថាដែលមនុស្សភាគច្រើនគិតថាគាត់ហាក់មានសតិមិនប្រក្រតី តែទ្រីស្តីយល់ចឹងជ្រៅជ្រះដ៏មិនស្មាន ឃើញថាផ្ទុះការចាប់អារម្មណ៍ជាខ្លាំង នៅលើបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសនៅលើ Tik Tok ដែលមកទល់ពេលនេះ នៅតែកំពុងផ្ទះការគាំទ្រយ៉ាងច្រើន និងសូម្បីពួកគេផ្ទុះកំហឹងនឹងបុរសម្នាក់ផងដែរ ដែលបានចេញមករិះគន់បុរសអនាថារូបនេះភ្លាវៗតែឯង។
ជាការពិតណាស់ ដោយសារតែពេញចិត្តខ្លាំង នូវរាល់ពាក្យសម្តីរបស់បុរសរូបនេះដែលគេស្គាល់មានឈ្មោះ កែវ សុវណ្ណ ចេញមកមួយម៉ាត់ៗពោរពេញអត្ថន័យ និងចាក់ដោត ដោយយកច្បាប់ជាគោល ដើម្បីឲ្យមនុស្សគ្រប់គ្នាត្រូវចេះគោរពច្បាប់ គេក៏បានសង្កេតឃើញអ្នកលេង Tik Tok មួយចំនួនបង្ហាញអារម្មណ៍រំជួលចិត្តស្ទើរស្រក់ភ្នែក ក្រោយបានស្តាប់សម្តីទូន្មានដ៏ត្រឹមត្រូវរបស់គាត់រួច។
អ្វីដែលគួរឲ្យស្ងើចសរសើរជាខ្លាំងទៀតនោះ គឺកាលពីម្សិលមិញនេះថ្ងៃទី១៧ ខែធ្នូ ខណៈបងស្រីម្នាក់បានខំយកថវិកាសប្បុរសជនចំនួន ៣០០ ដុល្លារ មកឲ្យគ្រាន់ទុកចាយ ស្រាប់តែបុរសរូបនេះបាននិយាយថា គាត់អរគុណខ្លាំងណាស់ចំពោះទឹកចិត្តដ៏ធំធេងនេះ ប៉ុន្តែ គាត់សុំមិនទទួលយកទេ និងស្នើសុំបងបងស្រីចិត្តធម៌រូបនោះនាំយកលុយទាំងនេះ ទៅជូនដល់កុមារកំព្រាវិញទៅជាការប្រសើរជាង ព្រោះថាពួកគេខ្លះគ្មានឪពុកម្តាយជាទីពឹងនោះទេ។
នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Sovan Nim Aura Pearl បានបង្ហោះឲ្យដឹងថា «ថ្ងៃនេះនាំយកថវិកា300$ដែលបងប្អូនយើងបរិច្ចាគជូនប្អូនប្រុសសុវណ្ណ តែគាត់មិនបានទទួលយកទេ ថែមទាំងប្រាប់ថាយកលុយហ្នឹងទៅជូនដល់ក្មេងកំព្រាវិញចុះ ទឹកចិត្តគាត់ប្រពៃណាស់ ចឹងបានថាកុំមើមនុស្សតែសំបកក្រៅ»។
ដោយឡែកនៅថ្ងៃនេះទី១៨ ខែធ្នូ ឆ្នាំ២០២០ ផងដែរ ដើម្បីឆ្លើយតបតាមសំណូមពររបស់ សុវណ្ណ បងស្រីខាងលើក៏បានបង្ហោះឲ្យដឹងថា ពេលនេះគាត់នាំយកថវិកាចំនួន ៣០០ ដុល្លារ ដែលប្អូនប្រុស សុវណ្ណ បដិសេធយកៗ មកទិញនំចំណីដល់ក្មេងៗកំព្រាចំនួន ៣កន្លែង (សៀមរាម ប៉ោយប៉ែត និងនៅខាងស្រុកម៉ាឡៃ) និងនៅសល់ ១០០ ដុល្លារ ជូនទៅមន្ទីរពេទ្យគន្ធបុប្ផា។
បើតាមការផ្សាយព័ត៌មានលើផេកហ្វេសប៊ុក San Prum បានរៀបរាប់ថា “ខ្ញុំដឹងប្រវត្តិបុរសឈ្មោះ កែវ សុវណ្ណ នេះច្បាស់ជាងអ្នកផុស១ចំនួនតូចទៅទៀត បើអាណិត កែវ សុវណ្ណ គួរយកគាត់ទៅព្យាបាលបញ្ហាសសៃប្រសាទរបស់គាត់។ ប្រវត្តិខ្លីៗ : កែវ សុវណ្ណ ជាក្មេងកំព្រាហើយធ្លាប់បួសជាព្រះសង្ឃបាន៨វស្សា កាលនៅបួស កែវ សុវណ្ណ ជាសង្ឃដែលប្រឹងរៀនហួសហេតុអត់សឹង១យប់ទល់ភ្លឺក៏មាន ការពិបាកចិត្តក្នុងផ្លូវជីវិតបានធ្វើអោយសង្ឃ កែវ សុវណ្ណ ចូលចិត្តប្រើអារម្មណ៍រវើរវាយច្រើនរួមទាំងការប្រឹងរៀនខុសទំនងហួសកម្លាំង សង្ឃ កែវ សុវណ្ណ បានបែកកម្មដ្ឋាន (មានបញ្ហាខួក្បាល) រហូតសម្រេចចិត្តលាចាកជាសង្ឃចង់ដើរពនេតចរតាមដងផ្លូវ។ នៅឆ្នាំ២០១៧ កែវ សុវណ្ណ ស្លៀកខោជើងខ្លីអត់ពាក់អាវ ដៃកាន់បដា១ផ្ទាំងតូចរត់បំបោលចូលផ្ទះសម្ដេចតេជោ តែត្រូវអង្គរក្សឃាត់សួរនាំ កែវ សុវណ្ណ បានឆ្លើយថាចង់ជួបសម្ដេចតេជោពិភាក្សាការងារធំៗ ដោយមានការសង្ស័យជាមនុស្សអត់គ្រប់ទឹក អង្គរក្សយាមនៅផ្ទះសម្ដេចតេជោក៏បានឲ្យអាហារនិ ងទឹកហូប ហើយប្រគល់ឲ្យប៉ូលិសប៉ុស្តិ៍សួរនាំបន្ថែម ទើបដឹងច្បាស់ថាជាមនុស្សចូលចិត្តប្រើអារម្មណ៍រវើរវាយរបៀបសរសៃប្រសាទ ប៉ូលិសប៉ុស្តិ៍ក៏ដោះលែងឲ្យដើរតាមដងផ្លូវរហូតដល់បច្ចុប្បន្នភាព។ សេចក្ដីដូចបានក្រាបសំពះជំរាបជូននេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង