ភ្នំពេញៈ បុគ្គលិកបម្រើការងារនៅមន្ទីរពេទ្យបង្អែកព្រះស្តេច ខេត្តព្រៃវែង បានលាតត្រដាងរឿងអាស្រូវពុករលួយជាប្រព័ន្ធ និងបង្កើតបក្ខពួករបស់លោក យូ ស៊ីឡិ ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិព្រះស្តេច និងមន្ត្រីពាក់ព័ន្ធមួយចំនួន។
យោងតាមលិខិតរបស់បុគ្គលិកបម្រើការងារនៅមន្ទីរពេទ្យបង្អែកព្រះស្តេច ដាក់ជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រៃវែង កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ បានរៀបរាប់អំពីរឿងអាស្រូវរបស់លោក យូ ស៊ីឡិ ឃុបឃិតគ្នាជាមួយមន្ត្រីពាក់ព័ន្ធមួយចំនួនប្រព្រឹត្តអំពើពុលរលួយជាប្រព័ន្ធ និងបានស្នើសុំឲ្យសម្តេចក្រឡាហោម ស ខេង ចាត់វិធានការទៅលើមន្ត្រីដែលពាក់ព័ន្ធ។
នៅក្នុងលិខិតបានស្នើសុំសម្តេចក្រឡាហោម ស ខេង ជួយពិនិត្យ និងចាត់វិធានការចំពោះលោក យូ ស៊ីឡិ ដែលមានតួនាទីជាប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិព្រះស្តេច បានបង្កើតបក្ខពួកនិយមជាប្រពន្ធ័ ក្នុងមន្ទីរពេទ្យបង្អែកព្រះស្តេចរួមមាន ៖
១.លោក យូ ស៊ីឡិ ជាប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិព្រះស្តេច
២.លោក យូ ស៊ីណា ជាប្រធានមន្ទីរពេទ្យបង្អែកព្រះស្តេច (ត្រូវជាបងបង្កើតរបស់លោកយូ ស៊ីឡិ)
៣.លោក ហាស់ ចំរើន ជាអនុប្រធានមន្ទីរពេទ្យ (កិបកេងម៉ោងធ្វើការងាររដ្ឋរកស៊ីនៅផ្ទះ)
៤.លោក ឌៀប សាវរត្ន័ ជាគណនេយ្យមន្ទីរពេទ្យ (ជាអ្នកចូលរួមកិបកេងលុយជាប្រពន្ធ័ )
៥.លោក ជួប សេងវន្នី ទទួលបន្ទុកផ្នែកពត៌មានមន្ទីរពេទ្យ (ជាអ្នកធ្វើឯកសារ )
៦.លោក អៀង ចន្ទរិទ្ធិ ប្រធានរដ្ឋបាលមន្ទីរពេទ្យ
បុគ្គលទាំងអស់ខាងលើនេះ បានឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយនិងកេងប្រវញ្ចនៅក្នុងមន្ទីរពេទ្យរួមមាន ៖ លុយ បសស ដែលទូទាត់ថ្លៃសេវាព្យាបាល មន្ត្រីរាជការ កម្មករ កម្មការនី និយោជិក កងប្រដាប់អាវុធ ដែលជាសមាជិកបេឡាជាតិរបបសន្តិសុខសង្គម មិនដែលចែកអោយបុគ្គលិក ដែលខំថែទាំព្យាបាល និងផ្តល់សេវា សម្រាប់ពួកគាត់ ចាប់តាំងពីឆ្នាំ២០១៨មក។ ចំពោះលុយក្បាលកូន ដែល សម្តេចគតិព្រឹទិ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានឧបត្ថម្ភដល់ពេទ្យឆ្មប ក្នុងមួយករណី ៤០០០០រៀល តែជាក់ស្តែងទទួលបានតែ ១៦០០០រៀលប៉ុណ្ណោះ។ លុយដែលមន្ទីពេទ្យរកចំណូលបានពីការព្យាបាលជម្ងឺសម្រាកក្នុងមន្ទីរពេទ្យ (លុយហិរញ្ញប្បទាន) ១០០% ក្នុងនោះមាន ១% ត្រូវបង់ជូនរដ្ឋ ៣៩% សម្រាប់ដំណើរការផ្គត់ផ្គង់សម្ភារៈប្រើប្រាស់ក្នុងមន្ទីរពេទ្យ និង៦០% សម្រាប់បែងចែកដល់បុគ្គលិកមន្ទីរពេទ្យ ប៉ុន្តែពួកគេមិនបានបែងចែកដល់បុគ្គលិកគ្រប់៦០%នោះទេ ។ លុយវាយតម្លៃប្រចាំត្រីមាស ១០០% ដែលមន្ទីរពេទ្យទទួលបាន ត្រូវបែងចែកដល់បុគ្គលិក ៨០% និង ២០% សម្រាប់ដំណើរការផ្គត់ផ្គង់ដល់មន្ទីរពេទ្យ ប៉ុន្តែពួកគេមិនបានបែងចែកតាមការកំណត់របស់ក្រសួងសុខាភិបា លឡើយគឺពួកគេបានធ្វើតារាងថវិកាជាពីរច្បាប់ គឺមួយច្បាប់សម្រាប់ទុកអោយមន្ទីរសុខាភិបាលខេត្តត្រួតពិនិត្យ និងមួយច្បាប់ទៀតទុកសម្រាប់បែងចែកដល់បុគ្គលិក ដែលទាំងពីរច្បាប់នេះមានតួរលេខខុសគ្នា។
ចំពោះលុយដំណើរការរបស់មន្ទីរពេទ្យ (៦២០២៨) ២៥០លានរៀលក្នុងមួយឆ្នាំៗដែលក្រសួងផ្តល់អោយដើម្បីអភិវឌ្ឍន៍នៅក្នុងមន្ទីរពេទ្យ ពួកអស់លោកទាំងនោះមិនបានយកលុយទាំងនោះមកអភិវឌ្ឍន៍ឡើយ គឺពួកគេបានឃុបឃិតគ្នាធ្វើវិក័យបត្រក្លែងក្លាយដើម្បីកិបកេងយកលុយទាំងនោះទុកផ្ទាល់ខ្លួន ។ មិនដែលទិញសំភា រៈបរិក្ខាប្រើប្រាស់ក្នុងមន្ទីរពេទ្យ ដូចជា ឪសថ និងសំភារៈផ្សេងៗ ។
លោក យូ ស៊ីឡិ បានជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាដែលមានតែឈ្មោះ ( មន្ត្រីខ្មោច )តែមិនមកបំរើការងារន ក្នុងអង្គភាពមន្ទីរពេទ្យបង្អែកព្រះស្តេច ជាមន្ត្រីដែលជាប់កិច្ចសន្យា ដែលផ្តល់ដោយក្រសួងមុខងារសាធារណៈ ៖
១.លោកវេជ្ជបណ្ឌិត ឆៃ សុផល ភេទ ប្រុស តួនាទីគ្រូពេទ្យព្យាបាល
២. លោក ចិន ដាណេត ភេទ ប្រុស តួនាទីអ្នកបើកឡានពេទ្យ
៣. លោកស្រី ជុន សុផល ភេទ ស្រី តួនាទីបុគ្គលិកអនាម័យ
៤. លោក ព្រំ យ៉ុង ភេទ ប្រុស តួនាទី បុគ្គលិកអនាម័យ
អ្នកទាំងបួននាក់ខាងលើមិនដែលមកបម្រើការងារនៅក្នុងអង្គភាពទេ។ ដោយលោក យូ ស៊ីឡិ និង លោក យូ ស៊ីណា ធ្វើទង្វើទាំងអស់នោះផ្ទុយពីការណែនាំរបស់ក្រសួងសុខាភិបាល យោងតាមអនុក្រឹតលេខ ៥៦ អនក្រ-បក ចុះថ្ងៃទី០១ មេសា ឆ្នាំ ២០១៦ របស់រាជរដ្ឋាភិបាលស្តីពីការគ្រប់គ្រងវត្តមានមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា ។ ( មិនអនុញ្ញាតអោយប្រធានអង្គភាព ឬមន្ត្រីណាម្នាក់ កាត់ប្រាក់បៀវត្ស ប្រាក់ម៉ោងយាម ប្រាក់សំរាលកូន ប្រាក់ប៉ះពាល់សុខភាពរបស់បុគ្គលិក និងប្រាក់លាភសក្ការ:ផ្សេងៗ របស់មន្ត្រីរាជការបានឡើយ ។ ក្នុងករណីមានពាក្យបណ្តឹងណាមួយនៅពេលស្ថាប័នមានសមត្ថកិច្ចណាមួយរកឃើញប្រធានអង្គភាព ឬមន្ត្រីពាក់ព័ន្ធ ត្រូវទទួលខុសត្រូវដោយបុគ្គលនោះផ្ទាល់ ចំពោះមុខច្បាប់ជាធរមាន ) ។
ក្រោមការដឹកនាំរបស់ប្រធានមន្ទីរពេទ្យលោក យូ ស៊ីណា បានធ្វើអោយប្រជាពលរដ្ឋក្នុងសហគម៍បាត់បង់ភាពជឿជាក់លើវិស័យសុខាភិបាលស្រុកព្រះស្តេច ដែលធ្វើអោយមានការមិនពេញចិត្ត មិនមកទទួលសេវាព្យាបាល សុខភាពក្នុងមន្ទីរពេទ្យបង្អែកព្រះស្តេច ក៏ដូចជាបាត់បង់ជំនឿទុកចិត្តលើ គណបក្សប្រជាជន ក្នុងស្រុកព្រះស្តេចជាដើម។
លោក យូ ស៊ីណា បានប្រព្រឹត្តិខុសពីគោលការណ៍របស់ បសស និង អ្នកជំងឺមានប័ណ្ណក្រីក្រ ដោយវះកាត់យកលុយពីអ្នកជម្ងឺក្នុងមន្ទីរពេទ្យរដ្ឋស្រេចតែចិត្ត និងដឹកអ្នកជំងឺយកទៅគ្លីនិកឯកជន រួចហើយយកមកសម្រាកនៅមន្ទីរពេទ្យបង្អែកព្រះស្តេចវិញ ។
លោក យូ ស៊ីណា និង លោក យូ ស៊ីឡិ បានរួមគំនិតគ្នាបង្ខំអោយបុគ្គលិកមន្ទីរពេទ្យនិងមណ្ឌលសុខភាពធ្វើអត្ថបទក្លែងក្លាយយកលេខបណ្ណ័ក្រីក្រអ្នកជំងឺក្នុងមួយថ្ងៃរាប់រយនាក់កាលពីឆ្នាំ២០១៨ ដើម្បីកិបកេងលុយរដ្ឋ ទោះបីដឹងថាជាអំពើរខុសច្បាប់ក៏នៅតែប្រព្រឹត្តិអោយតែបានលុយសំរាប់ខ្លួន ។
លោក យូ ស៊ីឡិ មិនខ្វល់ជាមួយសុខភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកព្រះស្តេចឡើយ មិនខ្វល់ថាមានជំងឺ ឬមិនមានជំងឺមកសម្រាកពេទ្យ សំខាន់អោយតែមានអត្រាការប្រើប្រាស់គ្រែនិងទិន្នន័យដើម្បីបានរបាយការណ៍ បញ្ជូនទៅថ្នាក់លើ ។
បុគ្គលិកបម្រើការងារនៅមន្ទីរពេទ្យបង្អែកព្រះស្តេច ខេត្តព្រៃវែង សូមសំណូមពរសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួយពិនិត្យមន្ត្រី ៦ រូបខាងលើនេះផង ។
ទាក់ទងករណីនេះ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត ខៀវ សុភ័គ នាយកខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃបានថ្លែងថា លោកបានទទួលព័ត៌មានខាងលើនេះហើយ និងបានសុំយោបល់សម្តេចក្រឡាហោម ស ខេង ដើម្បីឲ្យខាងខេត្តដោះស្រាយ និងរាយការណ៍ជូនមកសម្តេចវិញ។
ចំណែកលោក យូ ស៊ីឡិ ជាប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិព្រះស្តេច មិនអាចសុំការបំភ្លឺបានទេ ដោយអ្នកលើកទូរស័ព្ទនិយាយថា លោក យូ ស៊ីឡិ ជាប់ប្រជុំ៕រក្សាសិទ្ធិដោយ៖CEN