បុរសសញ្ជាតិចិនម្នាក់បានត្រូវចាប់ឃុំខ្លួនក្រោយពីបង្ហោះអួតទិដ្ឋភាពកំពុងព្រលះសាច់សត្វកម្រ ដែលប្រឈមនឹងការផុតពូជជាអាទិ៍៖ ក្រពើ ត្រីឆ្លាម ខ្លាឃ្មុំ ពង្រូល។ល។ សម្រាប់អប អរឆ្នាំថ្មី។
រូបភាពបង្អួតការជប់លៀងសាច់សត្វកម្រអបអរឆ្នាំថ្មី តាម SCMP បុរសសញ្ជាតិចិនម្នាក់បានចាប់ឃុំខ្លួន៥ថ្ងៃ បន្ទាប់ពីបុរសនេះបង្ហោះផ្សាយនូវរូបភាពគួរឲ្យព្រឺព្រួចក្នុងការពន្លះសាច់ ពពួកសត្វកម្រ។ រូបភាពទាំងនេះត្រូវបានបង្ហោះឡើងបណ្តាញ Internet នៅថ្ងៃទី ១៥ កុម្ភៈ ដោយត្រៀមឆ្លងឆ្នាំអមដោយសំណេរថា “ពិធីជួបជុំនៅផ្ទះអ្នកណានោះ”។
ភ្លាមៗនោះព័ត៌មាននេះបានរីករាលដាលក្នុងល្បឿន “វិលមុខ” លើបណ្តាញសង្គម ហើយក៏ធ្លាក់ចូលក្នុងក្រសែភ្នែករបស់ស្ថាប័នមានសមត្ថកិច្ច ប៉ូលិសបានធ្វើការរុករក ហើយអញ្ជើញមុខសញ្ញាមកធ្វើការសាកសួរ។ ជនដៃដល់ គឺត្រកូល Rao រស់នៅខេត្តហួណាន ប្រទេសចិន នៅចំពោះមុខសមត្ថកិច្ច លោក Rao បានចចេសនិយាយដដែលៗថា លោកបង្ហោះរូបទាំងនេះ ប្រៀបដូចជាការកម្សាន្ត ហើយលោកនិងគ្រួសារពុំបានបរិភោគ ឬសម្លាប់តាមរូបភាពនេះទេ។
តាមលោកបញ្ជាក់ថា រូបភាពត្រូវបានយកចេញពីបណ្តាញអ៊ិនធើ រួចហ្វូតូ លោកមានបំណងទាក់ទាញចំណាប់អារម្មណ៍អ្នកលេងបណ្តាញសង្គមប៉ុណ្ណោះ។
អាជ្ញាធរ បានសម្រេចឃុំខ្លួនរយៈពេល ៥ថ្ងៃ ពីបទឃោសនាព័ត៌មានខុសពីការពិត។
ពាក្យចាស់ពោលពុំខុសមែន ៖ សុខៗទៅយកជ័រភ្នៅមកត្បៀតក្លៀក៕ ចន្ទ្រា