ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពអាកាសធាតុ ដោយមានវិសម្ពាធ ( Tropical Depression) ដែលបាននិងកំពុងស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង បានបង្កើនឥទ្ធិពលរបស់ខ្លួនទៅជាកូនព្យុះទី ២៣ ឈ្មោះ ក្រវាញ (KROVANH) នឹងធ្វើឲ្យផ្ទៃមេឃមានពពកច្រើន សីតុណ្ហភាពអប្បបរមា នឹងធ្លាក់ចុះមកនៅក្នុងរង្វង់ពី ១៧°Cទៅ ២០°C ។
ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថា តាមរយៈការតាមដាន និងការវិវត្តជាក់ស្តែង នៃស្ថានភាពអាកាសធាតុបង្ហាញឲ្យឃើញថា វិសម្ពាធ ( Tropical Depression) ដែលបាននិងកំពុងស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង បានបង្កើនឥទ្ធិពលរបស់ខ្លួនទៅជាកូនព្យុះទី ២៣ ឈ្មោះ ក្រវាញ (KROVANH) ។ តាមការព្យាករ ព្យុះនេះនឹងធ្វើដំណើរឆ្ពោះមកទិសខាងលិច ចូលកៀកចុងជ្រោយឥណ្ឌូចិនខាងត្បូងប្រទេសវៀតណាម នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២០ ហើយនឹងថមថយឥទ្ធិពលទៅជាវីសម្ពាធ (Tropical Depression) នៅពេលចូលមកដល់ទីក្រុងកាន់ធើ និងខេត្តចូដុក ភាគខាងត្បូងប្រទេសវៀតណាម នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២០ រួចបន្តដំណើរចូលមកខេត្តកំពត និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា ។ នៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២០ វិសម្ពាធនេះ បានថយឥទ្ធិពលទៅជាសម្ពាធទាប (Low Pressure) ដើរចូលទៅសមុទ្រប្រទេសកម្ពុជា និងឈូងសមុទ្រថៃ រួចបន្តឆ្ពោះទៅខេត្តស៊ូរ៉ាត់ថានី ប្រទេសថៃ ។
លក្ខណៈបែបនេះ នឹងធ្វើឲ្យធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២០ មានស្ថានភាពដូចខាងក្រោម ៖
-បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន ផ្ទៃមេឃមានពពកច្រើន សីតុណ្ហភាពអប្បបរមា នឹងធ្លាក់ចុះមកនៅក្នុងរង្វង់ពី ១៧°Cទៅ ២០°C ។
– បណ្តាខេត្តនៅតំបន់វាលទំនាប ផ្ទៃមេឃមានពពកច្រើន សីតុណ្ហភាពអប្បបរមាក្នុង រង្វង់ពី ១៨°C ទៅ ២១°C នឹងអាចមានភ្លៀងធ្លាក់កម្រិតពី យទៅមធ្យម ។
– បណ្តាខេត្តនៅតំបន់មាត់សមុទ្រ ពិសេសខេត្តកំពត និងខេត្តព្រះសីហនុ ផ្ទៃមេឃមានពពកច្រើនមីដេរដាស សីតុណ្ហភាពអប្បបរមាក្នុងរង្វង់ពី ២០°C ទៅ ២៣°C នឹងអាចមានភ្លៀងធ្លាក់កម្រិតពីខ្សោយទៅបង្គួរ មានខ្យល់បក់បោកខ្លាំង លាយឡំជាមួយនឹងរលកសមុទ្រមានកម្ពស់ខ្ពស់ៗ ។
យោងលើស្ថានភាពអាកាសធាតុ ដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជា ព័ត៌មានពិសេស បងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ។
ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើ បាតុភូតធម្មជាតិនេះ ហើយនឹងជម្រាបជូនព័ត៌មានជាបន្តបន្ទាប់ទៀត ក្នុងករណ៍អាកាសធាតុមានការប្រែប្រួល៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ