ភ្នំពេញ៖បុរសម្នាក់បើករថយន្តដឹកដីមួយគ្រឿង ជ្រុលទៅបុកម៉ូតូពីខាងក្រោយពេញទំហឹង បណ្ដាលឲ្យម្ចាស់ម៉ូតូស្លាប់យ៉ាងអាណោចអាធ័ម ចំណែកឯតៃកុងរថយន្តត្រូវសមត្ថកិច្ចឃាត់បាន។
ហេតុការណ៍នេះដែលកើតឡើងនៅវេលាម៉ោង ១២ និង ៥០ នាទីថ្ងៃពុធទី ២៣ ខែធ្នូ ឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិទួលលាភ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។
សពមានជនរងគ្រោះ ឈ្មោះរស់ ចាន់ណារ៉េត ភេទប្រុស អាយុ ៣៦ ឆ្នាំ មុខរបរកម្មករសំណង់ បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុខាងលើ មានប្រពន្ធ និងកូន៤នាក់ មានទីលំនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋលក់ដូរនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ ជិះម៉ូតូម៉ាកគុបអត់ផ្លាកលេខមួយគ្រឿង ធ្វើដំណើរក្នុងទិសដៅពីលិចមកកើត ខណៈពេលមកដល់ចំណុចកើតហេតុ ក៏ត្រូវរថយន្តដឹកដីមួយគ្រឿងទៀត ដែលពាក់ផ្លាកលេខ ចង្កូតស្តាំ PP-14 57 ធ្វើដំណើរស្របគ្នាទិសដៅពីលិចមកកើត ជ្រុលមកបុកពីខាងក្រោយ ម៉ូតូពេញទំហឹងបណ្ដាលឲ្យម្ចាស់ម៉ូតូបាក់កស្លាប់ នៅលើម៉ូតូយ៉ាងអាណោចអាធ័ម ចំណែកឯតែកុងរថយន្ត ត្រូវកម្លាំងសមត្ថកិច្ចឃាត់បាន យកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្នោរ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការ ជាមួយនឹងជំនាញចរាចរណ៍ ប្រគល់តួនាទីនេះទៅឲ្យខាងចរាចរណ៍ជំនាញក្រុង ចុះមកធ្វើការវាស់វែងយកម៉ូតូ និងរថយន្តទៅរក្សាទុក នៅចរាចរណ៍ផ្លូវគោក និងធ្វើកំណត់ហេតុប្រគល់សព ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕រក្សាសិទ្ធិដោយ៖ សា មេត