ប្រទេសកូរ៉េខាងជើង នៅថ្ងៃច័ន្ទម្សិលមិញ បានព្រមានអាមេរិចជុំវិញការបន្តធ្វើសមយុទ្ធរួមគ្នាជានឹងកូរ៉េខាងត្បូង និងបានទម្លាក់កំហុសដាក់អាមេរិច បើធ្វើឲ្យការផ្សះផ្សាររវាងកូរ៉េទាំងពីរមានភាពដុនដាប។
ការព្រមាននៃកើតឡើង ក្រោយពេលអាមេរិច និងកូរ៉េខាងត្បូងប្រកាសថា នឹងចាប់ផ្តើមធ្វើសមយុទ្ធរួមគ្នាវិញ ក្រោយពេលចប់ព្រឹត្តិការណ៏អូឡាំពិចរដូវរងានៅក្នុងកូរ៉េខាងត្បូង។
កាសែតដ៏សំខាន់របស់កូរ៉េខាងជើងឈ្មោះ Rodong Sinmun បានថ្លែងនៅក្នុងបទអត្ថាធិប្បាយរបស់ខ្លួនថា ទីក្រុងវ៉ាស៊ីនតោនបានជះ ទឹកត្រជាក់លើសញ្ញានៃការរីកចម្រើនទំនាក់ទំនងរវាងកូរ៉េទាំងពីរ។
ការសែតដដែលនិយាយថា “អាមេរិចមានគោលបំណងរំលាយទំនាក់ទំនងរវាងកូរ៉េទាំងពីរភ្លាមៗ ក្រោយពេលចប់កីឡាអូឡាំពិច។ អាមេរិចកំពុងបង្កើតសម្លេងដើម្បីបន្តធ្វើសមយុទ្ធយោធារួមគ្នាជាមួយនឹងទីក្រុងសេអ៊ូល ក្រោយចប់ការប្រកួតកីឡាអូឡាំពិច”។
សូមបញ្ជាក់ថា បច្ចុប្បន្ន កូរ៉េខាងត្បូង កំពុងធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអូឡាំពិចរដូវរងារ ហើយព្រឹត្តិការណ៏កីឡានេះនឹងត្រូវបញ្ចប់នៅថ្ងៃទី ២៥ខែនេះ៕ សុភ័ក្ត្រ