ភ្នំពេញ៖ ជាការកត់សម្គាល់ឃើញជាក់ស្តែង នោះនៅតាមផ្ទះ ពិសេសប្លុកដឿងហែម និងស្ទើរតែគ្រប់ផ្សារនៅក្នុងទីក្រុង ឬទូទាំងប្រទេស គេតែងបានឃើញស្ត្រីជាមេផ្ទះ និងក៏ដូចជាអាជីវករលក់ដូរ នាំគ្នាលេងល្បែងបៀស៊ីគូថៃ ឬ កន្ទុយលេខ យ៉ាងគគ្រឹកគគ្រេងដែលជាទម្លាប់ទៅហើយ ដោយពុំបង្កការរំខានដល់សមត្ថកិច្ចនោះទេ។
តែយ៉ាងណា ថ្មីៗនេះ ឯកឧត្តម ឃួង ស្រេង បានធ្វើការព្រមានថា ប្រសិនផ្សារណាអនុញ្ញាតឲ្យមានការលេងល្បែង ឬ កត់កន្ទុយលេខក្នុងផ្សារ នោះប្រធានផ្សារហ្នឹងនឹងត្រូវដកចោលភ្លាម។ ឯកឧត្តមនៅបានសង្កត់ធ្ងន់ថា ទោះមន្ត្រីនោះខ្សែធំប៉ុណ្ណាក៏ដោយ ឲ្យតែពុករលួយកាងពួកល្បែងខុសច្បាប់ និងគ្រឿងញៀន នឹងត្រូវប្រើអភិក្រមរបស់សម្ដេច វះកាត់ អត់ទុកស្អែកនោះទេ។
ក្រោយពីទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់នេះភ្លាមៗ លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក ក៏បានដាក់បញ្ជា ឱ្យកម្លាំងគណៈ បញ្ជាការឯកភាពចុះបង្ក្រាបជាក់ស្ដែងតែម្ដង ដោយឃាត់ខ្លួនមនុស្ស ៣ នាក់ និងដកហូតទូរទស្សន៍ចំនួន ៣ គ្រឿង កំព្យូទ័រ១ គ្រឿង ម៉ាស៊ីនព្រីនបុងចាក់ ១ គ្រឿង។
គួរបញ្ជាក់ថា ប្រតិបត្តិការក្តៅៗនេះ ត្រូវបានធ្វើឡើងកាលពីវេលម៉ោង ៣ រសៀល ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ នៅទីតាំងផ្ទះ លេខ៦៤ ផ្លូវ លេខ១៨៦ កែងនឹងផ្លូវលេខ ២៥៧ មូលដ្ឋានសង្កាត់ទឹកល្អក់ទី ៣ ខណ្ឌទួលគោក រាជធានី ភ្នំពេញ។
តែយ៉ាងណាមិញ ទន្ទឹមនឹងមហាជនជាច្រើនគាំទ្រចំពោះចំណាត់នេះយ៉ាងពេញទំហឹង តែក្នុងនោះប្រជាពលរដ្ឋមួយចំនួនបានខមិនលើកឡើងថា សូមឯកឧត្តមអនុវត្តឲ្យមានប្រសិទ្ធភាព៕ រក្សាសិទ្ធិដោយ៖ លឹម ហុង