បាត់ដំបង៖ រូបនិមិត្តសញ្ញាសម្គាល់អត្តសញ្ញាណរបស់ស្រុក-ក្រុងឃុំ-សង្កាត់ ដែលចំណុះឲ្យរដ្ឋបាលខេត្តបាត់ដំបង តាមរយៈការដាក់ឆ្លងគំនូរពង្រាង ដើម្បីសុំធ្វើការដាក់ឆ្លងយោបល់កែលម្អ ដើម្បីឈានទៅសម្រេចជាផ្លូវការ។
ការប្រជុំអំពីអត្តសញ្ញាណឬ(សញ្ញាឡូហ្គោ) ស្រុកក្រុងទាំង១៤និងឃុំ-សង្កាតទាំ់ង១០២ របស់ខេត្តបាត់ដំបងនេះ បានប្រព្រឹត្តទៅកាលពីល្ងាចថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ក្រោមអធិបតី ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងវត្តមានឯកអភិបាលរងខេត្តទទួលបន្ទុក អស់លោកប្រធាននិងអនុប្រធានមន្ទីរពាក់ព័ន្ធមួយចំនួន ព្រមទាំងលោកអភិបាល ភិបាលរងស្រុក ក្រុងទាំង១៤និងមន្ក្រីស្រុក-ក្រុងពាក់ព័ន្ធ មួយចំនួនផងដែរ។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍កោតសរសើរដល់អាជ្ញាធររដ្ឋបាលស្រុក ក្រុងឃុំសង្កាត់ទាំងអស់ ដែលបានខិតខំប្រឹងប្រែងលះបង់ពេលវេលា ដើម្បីចុះធ្វើការសិក្សាស្រាវជ្រាវពីលក្ខណៈភូមិសាស្ត្រ ប្រវត្តិទឹកដីលក្ខណៈសម្បត្តិធម្មជាតិ ពាក់ព័ន្ធទឹកដីរបស់ខ្លួន ហើយស្រុកឃុំខ្លះទៀត ក៏ជាប់ទាក់ទិនទៅនិងប្រវត្តិសាស្ត្រ ប្រវត្តិនៃរឿងព្រេងបុរាណ ដែលទាំងអស់នេះ ត្រូវបានធ្វើការសិក្សាលម្អិត ដើម្បីរិះរកធាតុផ្សំ ប្រមូលផ្តុំនូវទស្សនៈជាច្រើន មតិជាច្រើននិងការចងចាំរបស់ចាស់ព្រឹទ្ធាចារ្យ ដែលចងចាំពីសាវតារ និងប្រវត្តិកាលនៃសម័យកាលភូមិឋាននីមួយៗរបស់ខ្លួន ដើម្បីយកមករំលេចចេញជានិមិត្តសញ្ញា នៃអត្តសញ្ញាណតំបន់រដ្ឋបាលដែនដីរបស់ខ្លួន ដែលទាំងនេះវាមិនត្រឹមតែស្រាវជ្រាវប្រវត្តិទឹកដីរបស់ខ្លួនប៉ុណ្ណោះទេ។ តែវាក៏ជាលក្ខខណ្ឌកំណត់ដោយជាក់លាក់ នៃប្រវត្តិកាលដ៏យូរលង់របស់រដ្ឋបាលនីមួយៗ ដើម្បីរក្សាទុកជាប្រវត្តិសាស្ត្រយូរអង្វែង សម្រាប់មនុស្សនិងកូនចៅយើងជំនាន់ក្រោយៗទៀត។ ជាពិសេសទៀត វាក៏ជាអត្តសញ្ញាណសម្គាល់ដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលបានមកទស្សនាក្នុងខេត្ត ក្នុងស្រុក-ក្រុងនិងឃុំ-សង្កាត់ របស់ បងប្អូនផងដែរ។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានផ្តល់នូវទស្សនៈគន្លឹះបន្ថែម ដើម្បីរិះរកគំនិតរួមមតិរួម ក្នុងការឆ្លុះបញ្ចាំងនិងបង្ហាញពីសក្តានុពលសេដ្ឋកិច្ច ក្នុងមូលដ្ឋាននីមួយៗ។ ពិសេស ត្រូវបង្ហាញពីអត្តសញ្ញាណ និងរក្សាពីតម្លៃវប្បធម៌ប្រពៃណីខ្មែរយើង ដើម្បីធ្វើឲ្យនិមិត្តសញ្ញានៃអត្តសញ្ញាណទឹកដីរដ្ឋបាលស្រុក-ក្រុង ឃុំ-សង្កាត់ របស់ខ្លួនស័ក្តិសមទៅនិងភូមិសាស្ត្រជាក់ស្តែង។
ឯកឧត្តម ងួន រតនៈ បានធ្វើការណែរនាំដល់រដ្ឋបាលក្រុង ស្រុក ត្រូវធ្វើការកែរលម្អនិងរំលេចឡើងវិញ ពីការឯកភាពគ្នា ក្នុងការកំណត់អត្តសញ្ញាណរបស់ស្រុក-ក្រុង ត្រូវមានអក្សរឈ្មោះខេត្តពីខាងលើ។ នៅក្នុងអត្តសញ្ញាណ របស់ ឃុំ-សង្កាត់ ត្រូវមានឈ្មោះស្រុក-ក្រុងខាងលើ ដូចខេត្តដែរ។
ឯកឧត្តមអភិបាលខេត្តបាត់ដំបង បានសង្កត់ធ្ងន់ទៀតថា ហាមការប្រើប្រាស់អត្តសញ្ញាណរូបភាព ជាបុគ្គលណាមួយជាក់លាក់ ត្រូវជំនួសនូវរូបគំនូរជាជំនួសបុគ្គលនោះវិញ។ ក្រោយពីការប្រជុំនិងកែលម្អអត្តសញ្ញាណនៃនិមិត្តសញ្ញាសម្គាល់ រួចរាល់ស្រេចបាច់ហើយនោះ រដ្ឋបាលខេត្តបាត់ដំបងនិងដាក់ឆ្លងជូនទៅក្រសួងមហាផ្ទៃ ដើម្បីសុំការពិនិត្យនិងសម្រេចពីក្រសួងជាមុន មុនពេលយកមកប្រើប្រាស់ជាផ្លូវការ៕ រក្សាសិទ្ធិដោយ៖អ៊ុងសារុំ