យោងតាម BBC ចុះផ្សាយនៅថ្ងៃទី២០ កុម្ភៈ ឲ្យដឹងថា តុលាការក្រុងបាងកក ថ្មីៗនេះ បានផ្តល់ «សិទ្ធិជាឪពុក» ដល់បុរសជនជាតិជប៉ុនម្នាក់ ចំពោះកូនៗរបស់គាត់ចំនួន ១៣ នាក់ ដែលគាត់ក្លាយជាឪពុករបស់ពួកគេ តាមរយៈ«ម្តាយ»ជនជាតិថៃជាច្រើននាក់ ដែលស៊ីឈ្នូល «ពពោះ» ឲ្យគាត់ ។
សេចក្តីសម្រេចរបស់តុលាការបានអនុញ្ញាតឲ្យលោក Mitsutoki Shigeta អាយុ ២៨ ឆ្នាំ បានបន្តឃុំគ្រងកូនៗទាំងនោះរបស់គាត់ ។
បុរសជាកូនមហាសេដ្ឋីផ្នែកជំនួញជនជាតិជប៉ុនរូបនេះ បានបង្កភាពចម្រូងចម្រាសកាលពីឆ្នាំ ២០១៤ នៅពេលដែលគាត់ត្រូវបានគេបញ្ចេញឲ្យដឹងថា គាត់ជាឪពុកនៃទារកយ៉ាងតិច ១៦ នាក់ តាមរយៈ «សេវាពពោះជំនួស» នេះនៅក្នុងប្រទេសថៃ ។
ករណី «រោងចក្រទារក» ដ៏ល្បីល្បាញរបស់គាត់ និងមួយចំនួនទៀត បាននាំប្រទេសថៃធ្វើការហាមឃាត់ដល់ស្ត្រីទាំងឡាយរកស៊ី «ពពោះជំនួសឲ្យគេ» សម្រាប់ជនបរទេសផងដែរ ។
លោក Shigeta ដែលពុំបង្ហាញវត្តមាននៅក្នុងតុលាការ ត្រូវបានផ្តល់សិទ្ធិ «ជាឪពុកតែម្នាក់គត់» បន្ទាប់ពីស្ត្រីជនជាតិថៃស៊ីឈ្នួលពពោះទាំងនោះ បានបោះបង់សិទ្ធិមើលថែរបស់ពួកគេ ។
តុលាការយុត្តិធម៌កណ្ដាលក្រុងបាងកក បាននិយាយថា៖ «សម្រាប់សុភមង្គល និងឱកាសដែលកូនទាំង ១៣ នាក់នោះ នឹងទទួលយកពីឪពុកជីវសាស្ត្ររបស់ពួកគេ ដែលពុំមានប្រវត្តិប្រព្រឹត្តនូវទង្វើអាក្រក់នោះ, ហេតុនេះតុលាការបានសម្រេចថា កូនៗទាំង១៣នាក់ ដែលបានកើតចេញពីម្តាយស៊ីឈ្នួលពពោះឱ្យគេ គឺជាកូនៗស្របច្បាប់របស់ដើមបណ្តឹង» ។
លោក Shigeta ក៏ត្រូវបានផ្តល់សិទ្ធិឃុំគ្រងកូនៗរបស់គាត់ ៣ នាក់ ផ្សេងទៀត នៅក្នុងឆ្នាំ២០១៥ ។
នៅក្នុងឆ្នាំ ២០១៤ គាត់ត្រូវបានស៊ើបអង្កេតដោយប៉ូលីស Interpol សម្រាប់ករណីជួញដូរមនុស្ស បន្ទាប់ពីរឿងរ៉ាវបានបែកធ្លាយ ដែលគាត់បានធ្វើជាឪពុកនៃកូនៗពពោះ ១៦ នាក់ នៅក្នុងប្រទេសថៃ ។
ផ្ទះរបស់គាត់នៅក្នុងទីក្រុងបាងកក ត្រូវបានប៉ូលីសឆ្មក់ចូល ហើយពួកគេបានរកឃើញទារកពពោះ ៩ នាក់, ស្ត្រីអ្នកបម្រើ និងម្តាយស៊ីឈ្នួលពពោះ ដែលកំពុងមានផ្ទៃពោះម្នាក់ផងដែរ ។
គាត់បានចាកចេញពីប្រទេសថៃភ្លាមៗ បន្ទាប់រឿងនេះផ្ទុះឡើង ប៉ុន្តែ ក្រោយមក គាត់បានប្តឹងទៅក្រសួងអភិវឌ្ឍន៍សង្គម និងសន្តិសុខមនុស្ស ដើម្បីទទួលបានសិទ្ធិឃុំគ្រងកូនៗរបស់គាត់ ។
តាម Telegraph ប៉ូលីសនិយាយថា បុរសរូបនេះបានបង់ថ្លៃឈ្នួលដល់ស្រ្តីពពោះទាំងនោះក្នុងម្នាក់ៗចន្លោះពី ៩,៣០០ ដុល្លារ ទៅ ១២,៥០០ ដុល្លារ ៕ ចន្ទី