ភ្នំពេញ៖ សត្វអណ្តើក និងកន្ធាយជាប្រភេទសត្វល្មូនដែលមានវត្តមាននៅលើភពផែនដី ជាង២៥០លានឆ្នាំមុនមកម្ល៉េះ។ ពួកវាតំណាងឲ្យសត្វដែលមានអាយុវែងជាងគេក្នុងបណ្តាសត្វទាំងឡាយ។ បើតាមការផ្សាយរបស់អង្គការ Wonders of the Mekong។
យោងតាមអ្នកស្រីបណ្ឌិត ចិន ផេសយ៉ុក (Dr. Chen Pelf Nyok) សហស្ថាបនិក និងជានាយកប្រតិបត្តិនៃអង្គការអភិរក្សសត្វអណ្តើកនៃប្រទេសម៉ាឡេស៊ីបានលើកឡើងថា អាយុកាលរបស់សត្វអណ្តើកគឺអាស្រ័យតាមប្រភេទ និងអម្បូរ។ អណ្តើកដែលទទួលបានការមើលថែទាំល្អ អាចរស់នៅបានចន្លោះពី១០ ទៅ១០០ឆ្នាំ។ ប្រភេទអណ្តើកយក្សខ្លះអាចរស់នៅលើសពី១៥០ឆ្នាំ ។ ស្របពេលជាមួយគ្នានេះ សត្វអណ្តើក និងកន្ធាយក៏មានសារៈសំខាន់យ៉ាងខ្លាំងផងដែរនៅក្នុងជំនឿវប្បធម៌ខ្មែរ ដោយយើងឃើញដូនតាខ្មែរបានឆ្លាក់រូបអណ្តើកជាច្រើននៅតាមជញ្ជាំងប្រាសាទអង្គរវត្ត ឬកប់រូបអណ្តើកធ្វើពីថ្មនៅបាតខាងក្រោមប្រាសាទមុនពេលសាងសង់ប្រាសាទជាដើម។ ជំនឿលើសត្វអណ្តើក និងកន្ធាយមិនត្រឹមតែអនុវត្តនៅក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែវាត្រូវបានគេគោរពបូជានៅបណ្តាប្រទេសជាច្រើនផ្សេងទៀត ជាយូរយារណាស់មកហើយ។
ជាអកុសល សត្វអណ្តើក និងកន្ធាយនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងសកលលោកបានកំពុងរងការគំរាមកំហែងយ៉ាងខ្លាំង ដោយកត្តាមនុស្សមកលើជម្រកធម្មជាតិរបស់ពួកវា រួមមាន៖ ការបូមខ្សាច់ ការកាប់ឆ្ការព្រៃលិចទឹក ការបំពុល សកម្មភាពនេសាទខុសច្បាប់ ការប្រមាញ់ហួសកម្រិតសម្រាប់ទុកជាអាហារ ទុកជាសត្វចិញ្ចឹម និងថ្នាំបុរាណ។
យោងតាមអនុក្រឹត្យលេខ១២៣អនក្រ.បក. ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ ស្តីពីប្រភេទធនធានជលផលដែលកំពុងរងគ្រោះថ្នាក់របស់ប្រទេសកម្ពុជា មានប្រភេទសត្វអណ្តើក-កន្ធាយទឹកសាបមួយចំនួន បានចាត់ចូលជាប្រភេទសត្វដែលកំពុងរងគ្រោះថ្នាក់ និងឈានដល់ការជិតផុតពូជ ដែលទាមទារការយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារ និងអភិរក្ស។ ប្រភេទសត្វអណ្តើក-កន្ធាយទឹកសាបទាំងនោះរួមមាន៖ អណ្តើកហ្លួង ឬ អណ្តើកសរសៃ (Batagur affinis) អណ្តើកសង្កល់ (Heosemys annandalii) អណ្តើកក្អែក (Siebenrockiella crassicollis) អណ្តើកសោម (Heosemys grandis) អណ្តើកក្បាលធំ/អណ្តើកស្រែ (Malayemys subtrijuga) កន្ធាយអាស៊ី (Amyda cartilaginea) និងកន្ធាយក្បាលកង្កែប (Pelochelys cantorii) ។
អង្គការ Wonders of the Mekong បានឲ្យដឹងថា មានអង្គការអភិរក្សមួយចំនួន មានដូចជាអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា បានសហការជាមួយរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងកិច្ចការពារ និងអភិរក្សអណ្តើកកន្ធាយ នៅប្រទេសកម្ពុជា ដោយមានការចូលរួមពីសំណាក់សហគមន៍មូលដ្ឋាននានា។ ដើម្បីឆ្លើយតបនឹងការការពារ និងអភិរក្សសត្វអណ្តើក និងកន្ធាយទាំងនេះឱ្យបានគង់វង្ស មានកិច្ចការជាច្រើនដែលត្រូវអនុវត្តមានជាអាទិ៍ ការស្រាវជ្រាវ និងការត្រួតពិនិត្យ រួមជាមួយនឹងការការពារសំបុកសត្វអណ្តើក និងកន្ធាយដោយផ្ទាល់ពីសំណាក់ប្រជាជនមូលដ្ឋាន។ បន្ថែមពីលើនេះទៀត កិច្ចការអភិរក្សក៏ទាមទារនូវការលើកកម្ពស់ជីវភាពសហគមន៍ ការអប់រំផ្សព្វផ្សាយតាមសាលារៀន និងសហគមន៍ និងការរឹតបន្តឹងការអនុវត្តច្បាប់ដើម្បីការគ្រប់គ្រងតំបន់ការពារ។ កិច្ចខិតខំព្យាយាមទាំងនេះ គឺដើម្បីជម្រុញប្រជាជនទូទៅចូលរួមទាំងអស់គ្នាក្នុងការងារអភិរក្សអណ្តើក និងកន្ធាយ ក្នុងន័យធ្វើឱ្យពួកវាអាចរស់រានមានជីវិត និងសាយភាពកូនចៅនៅក្នុងធម្មជាតិ។
ដោយឡែក នៅក្នុងជំនឿវប្បធម៌ខ្មែរ សត្វអណ្តើកតំណាងឲ្យអាយុយឺនយូរ និង/ឬជីវិតអមតៈ។ ហេតុនេះហើយបានជាឋានៈរបស់សត្វអណ្តើក ក្នុងជំនឿសាសនា ត្រូវគេចាត់ទុកថាជាសត្វមានបុណ្យបារមី គួរជាទីគោរពសក្ការៈ។ វាក៏ត្រូវបានគេចាត់ទុកជាតំណាងឲ្យស្ថេរភាពនៃភពផែនដី ដោយសារសត្វល្មូននេះ អាចរស់នៅបានទាំងក្នុងទឹក និងនៅលើគោក។ ប្រជាជនខ្មែរមានជំនឿថា ការលែងសត្វអណ្តើក-កន្ធាយចូលក្នុង ស្រះ ទន្លេ បឹងបួរគឺនាំមកនូវបុណ្យកុសល និងមានអាយុវែង។ ដូច្នេះ ជារឿយៗ យើងប្រាកដជាធ្លាប់ប្រទះឃើញនៅតាមស្រះវត្តអារាមមួយចំនួន មានវត្តមានសត្វអណ្តើក និងកន្ធាយដែលប្រជាជនបានយកទៅលែង ហើយបួងសួងសុំសេចក្តីសុខសប្បាយ។
ទោះជាយ៉ាងណាក៏ដោយ លោក សោម ស៊ីថា មន្ត្រីគ្រប់គ្រងគម្រោងផ្នែកអភិរក្សអណ្តើក នៅអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា(WCS) ប្រចាំនៅតំបន់មេគង្គ និងស្រែអំបិល បានពន្យល់ថា «ការព្រលែងសត្វអណ្តើក ឬកន្ធាយទៅក្នុងស្រះវត្ត គឺមិនត្រូវបានលើកទឹកចិត្តដល់ប្រជាជនឲ្យធ្វើបែបនេះទេ ដោយសារស្រះវត្ត មិនមែនជាជម្រកសមស្របតាមមជ្ឈដ្ឋានរស់នៅរបស់សត្វអណ្តើក និងកន្ធាយឡើយ។ នៅតាមស្រះវត្ត មិនមានចំណីធម្មជាតិគ្រប់គ្រាន់ មិនមានទីតាំងសម្រាប់ពង-កូន គុណភាពទឹកមិនល្អដែលងាយធ្វើឲ្យអណ្តើក និងកន្ធាយកើតជំងឺ និងឆ្លងប៉ារាស៊ីត»។ ដូចនេះ ជាអនុសាសន៍សម្រាប់ប្រជាជនទាំងឡាយ លោកអ្នកមិនគួរគប្បីព្រលែងសត្វអណ្តើក និងកន្ធាយទៅក្នុងស្រះវត្តឡើយ ប៉ុន្តែជំនួសមកវិញគឺលោកអ្នកគប្បីស្វែងរកស្រះទឹកធម្មជាតិណាមួយ ដែលអាចព្រលែងសត្វអណ្តើក និងកន្ធាយទាំងអស់នេះវិញ ឬទំនាក់ទំនងមកអ្នកជំនាញផ្នែកអណ្តើក និងកន្ធាយដើម្បីប្រឹក្សាយោបល់បន្ថែម។
យោងតាមភស្តុតាងផ្នែកខាងបុរាណវិទ្យា ក្នុងសម័យអង្គរ គឺមានចម្លាក់អណ្តើកជាច្រើននៅតាម ជញ្ជាំងប្រាសាទនានា និងមានការកប់រូបសំណាកសត្វអណ្តើកធ្វើពីថ្មភក់ នៅបាតក្រោមប្រាសាទផងដែរ។ នេះសបញ្ជាក់ថា ទឹកដីរុងរឿងមួយនេះមានវត្តមានរបស់សត្វអណ្តើក ហើយស្ថិតក្នុងអំណាច នៃការការពាររបស់សត្វអច្ឆរិយៈនេះជារៀងរហូត។
យោងតាមលោកបណ្ឌិត ជា សុជាតិ បុរាណវិទូរបស់នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា និងជាអ្នកដឹកនាំកិច្ចការកំណាយស្រាវជ្រាវផ្ទាល់ នៅលើទួលប្រាសាទកណ្តាលស្រះស្រង់ចន្លោះខែមេសា និងខែមិថុនា ឆ្នាំ២០២០ បានបង្ហាញថា កំណាយនេះបានប្រទះឃើញរូបអណ្តើកធ្វើពីថ្មភក់ មានគម្របបិទជិតចំនួន២។ រូបសំណាកអណ្ដើកមួយធំ និងមួយទៀតតូច ត្រូវបានគេបញ្ចុះមុននឹងចាប់ផ្តើមសាងសង់ប្រាសាទ។
លោកបានរៀបរាប់ថា គេតែងតែដាក់គ្រឿងរណ្តាប់ផ្សេងៗនៅក្នុងស្នូកអណ្តើក ប៉ុន្តែនៅក្នុងស្នូកអណ្តើកទាំងពីរនេះ មិនមានគ្រឿងរណ្តាប់សម្រាប់ដាក់បញ្ចុះទេ។ គ្រឿងរណ្តាប់ទាំងអស់នេះ ទំនងជាត្រូវបានគេយកចេញនៅក្នុងដំណាក់កាលរុះរើ និងកែប្រែសំណង់ប្រាសាទកណ្តាលស្រះស្រង់ (មិនទាន់អាចកំណត់ពេលវេលាជាក់លាក់)។ រូបសត្វអណ្ដើកត្រូវបានគេបញ្ចុះជាទូទៅ នៅកណ្ដាលបាតប្រាង្គប្រាសាទធំ ជួនកាលនៅទិសខាងកើតប្រាសាទ។ លោកលើកឡើងបន្ថែមទៀតថា រូបសត្វអណ្តើកនេះធ្វើឡើងនៅចុងសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ (គ.ស.១១៨១ ដល់១២១៨)។ មិនខុសពីការបង្ហាញខាងលើ អណ្តើកគឺជាសត្វពិសិដ្ឋ ដែលត្រូវបានគេបញ្ចុះនៅមុនការសាងសង់ប្រាសាទ ដើម្បីធ្វើជាទម្រប្រាសាទ។
ក្នុងន័យធ្វើឲ្យប្រាសាទដែលនឹងសាងសង់ឡើងនេះ ស្ថិតនៅឈត្រង់ និងស្ថិតនៅគង់វង្សបានយូរអង្វែង ។
បន្ថែមពីលើរូបសត្វអណ្តើកធ្វើពីថ្មភក់ទាំងពីរខាងលើនេះ ក្រុមការងារកំណាយបានរកឃើញសំណល់បុរាណវិទ្យាជាច្រើនប្រភេទ ដែលមានដូចជា៖ គ្រាប់ខ្វាត ឧបករណ៍ដែលធ្វើពីលោហៈ (ត្រីសូល៍ និងបញ្ចសូល៍) រូបសត្វនាគធ្វើពីថ្មភក់ បំណែកក្បាលគ្រុឌ បំណែកថ្មភក់តូចៗជាច្រើន ធ្នឹមឈើ បង្គោលសសរឈើ និងធ្យូង។
ក្រោយបញ្ចប់កំណាយបាតក្រោមប្រាសាទកណ្តាលស្រះស្រង់នេះ ក្រុមការងារនឹងរៀបចំផ្គុំសំណង់ប្រាសាទស្រះស្រង់នេះឡើងវិញ អោយស្របទៅតាមកំណត់ហេតុដែលសរសេរដោយដៃរបស់អ្នកអភិរក្សបារាំងឈ្មោះ ហង់រី ម៉ាហ្សាល់ (Henri Marchal) មានចំណងជើងថា Journal de fouilles ក្នុងអំឡុងនៃការស្រាវជ្រាវរបស់គាត់នៅចន្លោះឆ្នាំ១៩១៨ និង១៩៣២។
សូមបញ្ជាក់ផងដែរថា ក្រោយបញ្ចប់ការដ្ឋានកំណាយនៅចុងខែមិថុនា ឆ្នាំ២០២០ សត្វអណ្តើកទាំងពីរនេះ និងរបស់របរមួយចំនួនទៀត បានយកទៅរក្សាទុកនៅក្នុងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ស្ថិតក្នុងខេត្តសៀមរាប ដើម្បីទុកតាំងបង្ហាញដល់សាធារណជន ភ្ញៀវជាតិ និងអន្តរជាតិដែលមានបំណងស្វែងយល់ពីវត្ថុបុរាណ សាសនា វត្ថុសិល្បៈ កុលាលភាជន៍ដែលកំណាយស្រាវជ្រាវ បានពីប្រាសាទនានាក្នុងតំបន់អង្គរ។
ដោយសារតែអណ្តើកថ្មភក់ទាំង២ ត្រូវបានប្រជាជនទូទៅគោរពបូជាចំពោះបារមី នៅក្នុងប្រាសាទកណ្តាលស្រះស្រង់នេះ ដូច្នេះអាជ្ញាធរជាតិអប្សរា បានឱ្យជាងធ្វើអណ្តើកថ្មីដោយចម្លងគម្រូពីអណ្តើកចាស់ ហើយយកមកបញ្ចុះនៅកន្លែងដើមជំនួសវិញ ដើម្បីឱ្យទីតាំងនេះនៅតែស័ក្តិសិទ្ធិដដែល។
ក្នុងមួយសប្តាហ៍កន្លងមកនេះ យើងបានផ្សាយចេញនូវអត្ថបទស្តីពីសារសំខាន់នៃសត្វអណ្តើក និងកន្ធាយចំពោះជំនឿវប្បធម៌ខ្មែរ។ យើងសូមបូកសរុបរឿងរ៉ាវឡើងមកវិញដោយសង្ខេបថា មិនថាក្នុងការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រ ឬ ភស្តុតាងកំណាយស្រាវជ្រាវបុរាណវិទ្យា សត្វអណ្តើក-កន្ធាយ គឺជាប្រភេទសត្វល្មូនដែលមានអាយុវែង សត្វដែលនាំសំណាង សត្វអច្ឆរិយៈ ដែលយើងទាំងអស់គ្នាគួរចូលរួមគោរព ថែរក្សា ការពារសត្វអណ្តើក-កន្ធាយទាំងអស់នេះអោយរស់នៅគង់វង្សក្នុងធម្មជាតិ។ ចូលរួមការពារប្រភេទសត្វអណ្តើក-កន្ធាយដែលងាយរងគ្រោះ ស្មើនឹងការលើកតម្កើងវប្បធម៌ជាតិខ្មែរ។
សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានបំណងព្រលែងសត្វអណ្តើក និងកន្ធាយ ដើម្បីចូលរួមចំណែកក្នុងការងារអភិរក្សក្តី និង/ឬ បួងសួងសូមសេចក្តីសុខក្តី សូមមេត្តាលែងពួកវា ទៅក្នុងជម្រកធម្មជាតិដូចជាទន្លេ បឹងបួរ ត្រពាំង ដើម្បីពួកវាអាចរស់នៅ បង្កកំណើតកូនចៅ បន្តវដ្តជីវិតរបស់ពួកវាអោយស្ថិតស្ថេរក្នុងដែនជម្រកធម្មជាតិ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ