ភ្នំពេញ÷ បុរសម្នាក់បានបាត់បង់ជីវិតបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូទៅបុកចំពាក់កណ្តាលរថយន្តដឹកទំនិញពេញទំហឹងបណ្ដាលឲ្យបោកក្បាលនឹងផ្លូវស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។ ចំណែកឯតៃកុងរថយន្តត្រូវសមត្ថកិច្ចឃាត់បាន។
ហេតុការណ៍នេះដែរបានកើតឡើងនៅវេលាម៉ោង ០០ និង ៣០ នាទីឈានចូលថ្ងៃអង្គារទី ២៩ ខែធ្នូឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ ២៧១ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
សពជនរងគ្រោះ មានឈ្មោះ សារីសុភាព មុខរបរខាងផ្នែកព័ត៌មាន គណបក្សខ្មែរកម្ពុជាក្រោម មានទៅលំនៅក្នុងស្រុកបាទីខេត្តតាកែវ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តដឹកទំនិញមួយគ្រឿងបើកបរដោយបុរសម្នាក់ដែលពាក់ផ្លាកលេខតាកែវ 3A 0702 ធ្វើដំណើចេញពីផ្លូវ ១៩៩រួចបត់ឡើងផ្លូវ ២៧១ក្នុងទិសដៅពីលិចមកកើត ខណៈពេលមកដល់ចំណុចកើតហេតុស្រាប់តែមានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក អ៊ាប្លែក ពាក់ផ្លាកលេខ 1HY 7617 ធ្វើដំណើរចេញពីមុខពេទ្យរុស្សុីក្នុងល្បឿនយ៉ាងលឿនមកបុកចំពាក់កណ្តាលរថយន្តដឹកទំនិញពេញទំហឹងបណ្តាលឲ្យដួលបោកនឹងថ្នល់ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចរាចរណ៍ចុះមកដល់រួចក៏ប្រគល់តួនាទីនេះទៅឲ្យខាងចរាចរណ៍ជំនាញក្រុងចុះមកវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុករួចធ្វើកំណត់ហេតុប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៖រក្សាសិទ្ធិដោយ៖ សា មេត