បាត់ដំបង៖សាខាកក្រកខេត្តបាត់ដំបង បាននាំអំណោយមនុស្សធម៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា ទៅចូលរួមរំលែកទុក្ខគ្រួសារសព៨នាក់និងរបួសធន់ស្រាល៣នាក់ក្នុងរណីគ្រោះថ្នាក់ចរាចរណ៍ស្រុកថ្មគោល។
ការនាំអំណោយមនុស្សធម៌ទៅចូលរួមរំលែកទុក្ខនេះ បានប្រព្រឹត្តធ្វើឡើងកាលពីថ្ងៃទី២៨ខែធ្នូ ឆ្នាំ២០២០ ដែលកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានបានចាត់តាំងប្រតិភូតំណាងដឹកនាំដោយឯកឧត្តម អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា អមដំណើរដោយឯកឧត្តម សួស សុភក្ក្រ ហេរញិកគណៈកម្មាធិការសាខាកាកបាតក្រហមកម្ពុជាខេត្តបាត់ដំបង តំណាងឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខានិងសហការីអញ្ជើញចូលរួមរំលែកទុក្ខនិងសោកស្តាយបំផុត ចំពោះគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យមានមនុស្សស្លាប់ចំនួន ៨នាក់និងរបួសធ្ងន់ស្រាល៣នាក់ នៅភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីវេលាម៉ោង២១និង២០នាទីថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០២០។
ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម សួស សុភក្ក្រ ហេរញិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមរំលែកទុក្ខនិងចូលរួមសម្តែងការសោកស្តាយយ៉ាងក្រៃលែងជាមួយក្រុមគ្រួសារសព ២គ្រួសារ (ស្លាប់២នាក់)និងរងរបួស១នាក់រួមមាន ១. លោក ឡេង សុភ័ក្រ អាយុ២៨ឆ្នាំ (ស្លាប់) (ជាអ្នកបើកបររថយន្តដឹកទឹកកក) នៅស្រុកបាណន់ខេត្តបាត់ដំបង។ទី២. លោក ហួរ ហាន អាយុ១៨ឆ្នាំ (រងរបួស) ជាបុគ្គលិករោងចក្រទឹកកក នៅស្រុកបាណន់ ខេត្តបាត់ដំបង។ទី៣. លោកស្រី ឃុត គឹមសាន អាយុ ៣៩ឆ្នាំ (ស្លាប់) ជាអ្នករួមដំណើរក្នុងរថយន្តតាក់ស៊ីនៅស្រុកមោងឯឫស្សី ខេត្តបាត់ដំបង ដែលបានបន្សល់កូនបួននាក់ ហើយត្រូវបងប្អូនយកកូនទៅចិញ្ចឹម។
ក្នុងមរណទុកដ៏សែនក្រៀមក្រំនេះ កាកបាទក្រហមកម្ពុជា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យនិងវត្ថុស័ក្កិសិទ្ធិទាំងអស់ក្នុងលោក សូមប្រោសព្រំដួងវិញ្ញាណក្ខន្ធ អ្នកដែលបានទទួលមរណភាពក្នុងឧបទ្ទវហេតុនេះ បានចាប់បដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថាគ្រួសារសពទទួលបានអំណោយនោះរួមមានអង្ករ ១០០គីឡូក្រាម មី៥កេស ត្រីខ ៥០កំប៉ុង ទឹកក្រូច ៥កេស និងថវិកា២លានរៀល។ដោយឡែកអ្នករងរបួសទទួលបាន ថវិកា២លានរៀល។កាកបាទក្រហមកម្ពុជានឹងបន្តចុះសួរសុខទុក្ខអ្នករងរបួសម្នាក់ទៀតនិងចូលរំលែកទុក្ខអ្នកដែលបានស្លាប់៦នាក់ទៀតនៅខេត្តពោធិ៍សាត់ នៅថ្ងៃទី២៩ខែធ្នូ ឆ្នាំ២០២០ បន្តទៀត៕រក្សាសិទ្ធិដោយ៖អ៊ុងសារុំ