ភ្នំពេញ៖ ស្ត្រីខ្មែរឥស្លាមម្នាក់ ដែលកំពុងស្ថិតនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត បានអំពាវនាវទៅដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងអង្គការសិទ្ធិមនុស្ស និងក៏ដូចអង្កការជួញដូរមនុស្ស មេត្តាជួយអន្តរាគមន៍ឲ្យរូបនាងបានវិលត្រឡប់មកមាតុភូមិវិញផង។
ស្ត្រីរងគ្រោះដែលមានគណនីហ្វេសប៊ុកឈ្មោះ Rohimah Binti Mohamad Aly បានចេញវីដេអូអំពាវនាវខាងលើនេះកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញ ដោយភ្ជាប់សារសរសេររៀបរាប់ឲ្យដឹងថា «នាងខ្ញុំឈ្មោះ លីរ៉ហីម៉ាស់ អាយុ ២៦ ឆ្នាំ សូមគោរពដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងអង្គការសិទ្ធមនុស្ស និងអង្គការជួញដូរមនុស្ស មេត្ដាជួយនាងខ្ញុំដែលកំពុងរងគ្រោះដោយការចាញ់បោកមេខ្យល់ ដែលយកខ្ញុំមកលក់នៅប្រទេសអារ៉ាប់ប៊ីសាអូឌីត តាំងពីឆ្នាំ 2017 រហូតមកដល់ឥឡូវ»។
ក្រោយពីបានឮបែបនេះ គេក៏បានឃើញគណនីហ្វេសប៊ុកឈ្មោះ «កម្ពុជា នៅអេហ្ស៊ីប» ដែលជាមន្ត្រីធ្វើការនៅស្ថានទូតកម្ពុជាប្រចាំនៅប្រទេសអេហ្ស៊ីប ពិតជាមានការភ្ញាក់ផ្អើល និងបានចេញមកបញ្ជាក់ថា «ស្ថានទូតកម្ពុជានៅអេហ្ស៊ីប បានជួយប្អូនស្រីរូបនេះតាំងពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ដោយបានចេញលិខិតបើកផ្លូវបណ្តោះអាសន្ន ជំនួសឲ្យលិខិតឆ្លងដែនដែលបានបាត់ តាមការស្នើសុំរបស់ប្អូនស្រី ហើយប្អូនស្រីបានប្រាប់ស្ថានទូតវិញថា ម្ចាស់ផ្ទះនឹងទិញសំបុត្រយន្តហោះជូន ឲ្យតែមានលិខិតបើកផ្លូវ។ ចាប់តាំងពីស្ថានទូតបានផ្ញើលិខិតបើកផ្លូវតាមប្រៃសនីយ៍ បានដល់ដៃប្អូនស្រីហើយ ក៏មិនបានទទួលព័ត៌មានអ្វីបន្ថែមទៀតពីរូបគាត់ ហើយស្ថានទូត គិតថាប្អូនស្រីបានត្រឡប់ទៅដល់ស្រុកកំណើតវិញហើយ។ សូមប្អូនស្រីទាក់ទងមកស្ថានទូតម្តងទៀត ដើម្បីដោះស្រាយបញ្ហានេះសារជាថ្មី។ សូមអរគុណ»។
ជាមួយគ្នានោះផងដែរ ស្ត្រីរងគ្រោះខាងលើក៏បានឆ្លើយតបថា «ខ្ញុំទៅទិញសំបុត្រហើយ ប៉ុន្ដែគេមិនអនុញ្ញាតឲ្យនាងខ្ញុំទិញទេ»។ និងក៏ដូចឆ្លើយតបទៅនឹងសំណួរសួរបន្តថា «ហេតុដូចម្តេចប្អូនស្រីមិនទាក់ទងមកស្ថានទូតបន្តទៀត?» នាងក៏បានបញ្ជាក់ថា «ដោយសារគេដកហូតយកទូរស័ព្ទបាត់ការទាក់ទងទៅលោកពូ»។
តែយ៉ាងណា តាមរយៈការជួយអន្តរាគមន៍របស់ស្ថានទូតកម្ពុជាប្រចាំ នៅប្រទេសអេហ្ស៊ីប ជាថ្មីម្តងទៀតនេះ សង្ឃឹមថា ស្ត្រីរងគ្រោះនឹងអាចវិលត្រឡប់មកបាតុភូមិវិញ ក្នុងពេលឆាប់ៗខាងមុខ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង