Tuesday, November 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរជាតិអប្សរាដាក់ឱ្យដំណើរការនូវប្រព័ន្ធស្រោចស្រពស្មៅនៅបរិវេណប្រាសាទអង្គរវត្ត

សៀមរាប៖ អាជ្ញាធរជាតិអប្សរា បានដាក់ឱ្យដំណើរការនូវប្រព័ន្ធស្រោចស្រពស្មៅ នៅបរិវេណប្រាសាទអង្គរវត្ត ដែលប្រព័ន្ធនេះ នឹងធ្វើឱ្យវាលស្មៅទាំងអស់ មានភាពបៃតងខួបប្រាំងខួបវស្សា។

នេះជាសមិទ្ធផលថ្មីមួយទៀតរបស់អាជ្ញាធរជាតិអប្សរានៅចុងឆ្នាំ២០២០នេះ បើទោះបីជាកម្ពុជាពើបប្រទះវិបត្តិជំងឺកូវីដ១៩ យ៉ាងណាក្ដី។

លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ថ្លែងឱ្យដឹងថា ក្រោយការរៀបចំ និងខិតខំប្រឹងប្រែងពីក្រុមអ្នកជំនាញទឹកនៃអាជ្ញាធរជាតិអប្សរារយៈពេលមួយឆ្នាំរួចមក ប្រព័ន្ធស្រោចស្រពស្មៅដើរដោយស្វ័យប្រវត្តិ បានដាក់ឱ្យដំណើរការជាផ្លូវការ ហើយចំណុចនេះ នឹងជួយឱ្យវាលស្មៅទាំងអស់ក្នុងបរិវេណប្រាសាទអង្គរវត្តដែលមានទំហំជាង១១ហិកតា នឹងមានភាពបៃតង ស្រស់ស្អាត ទាក់ទាញភ្ញៀវទេសចរថែមមួយកម្រិតទៀត។

លោក ហង់ ពៅ បន្តថា ការរៀបចំនេះ គឺបានទាញទឹកពីក្នុងកសិន្ធុអង្គរវត្ត ដែលមានការធានានូវនិរន្តរភាពសម្រាប់ការទាញទឹកមកប្រើប្រាស់ដោយមិនមានការបារម្ភពីការខ្វះទឹកឡើយ។

អគ្គនាយកអាជ្ញាធរជាតិអប្សរា និងជាអ្នកជំនាញទឹកមួយរូប លោក ហង់ ពៅ ពន្យល់បន្ថែមថា មុននឹងឈានដល់ការអនុវត្តគម្រោងនេះ គឺក្រុមអ្នកជំនាញបានសិក្សានិងគុណគូររួចជាមុន អំពីបរិមាណទឹកក្នុងកសិន្ធុ ហើយការទាញទឹកពីប្រព័ន្ធបុរាណនេះ អាចធានាការស្រោចស្រពទាំងមូលបាន ពិសេសនារដូវប្រាំងនេះ។
ជាមួយគ្នានេះដែរ តាមការបញ្ជាក់ពីឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា ការកំណត់ទឹកដើរដោយប្រព័ន្ធស្វ័យប្រវត្តិនេះ ក៏មិនមានផលប៉ះពាល់ដល់ថ្មប្រាសាទនោះដែរ។ ផ្ទុយទៅវិញ ទឹកនេះនឹងជួយដល់ភាពរឹងមាំប្រាសាទទៅវិញ៕រក្សាសិទ្ធិដោយ៖CEN

×