ភ្នំពេញ៖ លោកទេសរដ្ឋមន្រ្ដី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អនុញ្ញាតអោយលោក Rodney Frelinghuysen ប្រធានគណៈកម្មការគ្រប់គ្រង និងបែងចែកថវិកាជាតិ នៃរដ្ឋសភាសហរដ្ឋអាមេរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨នៅទីស្តីការក្រសួង។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្រោយជំនួបនេះ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានអះអាងថា ក្នុងជំនួបនោះ លោក Rodney Frelinghuysen បានស្នើឱ្យរដ្ឋាភិបាលកម្ពុជា បន្តកិច្ចសហប្រតិបត្តិការរុករកអដ្ឋិធាតុទាហានអាមេរិក ដែលបាត់ខ្លួននៅកម្ពុជាឡើងវិញ ។
លោកទេសរដ្ឋមន្រ្តី ក៏បានបញ្ជាក់ច្បាស់អំពីជំហរកម្ពុជាថា នឹងដំណើរការឡើងវិញ នូវកិច្ចសហប្រតិបត្តិការ ប្រទេសទាំងពីរ ក្នុងការស្វែងរកអដ្ឋិធាតុទាហានអាមេរិក ដែលបានបាត់ខ្លួននៅកម្ពុជាភ្លាមៗ បន្ទាប់ពីមានការសម្រេចរបស់សហរដ្ឋអាមេរិក ដកទៅវិញនូវការរឹតត្បិតទិដ្ឋាការមកលើមន្រ្តីជាន់ខ្ពស់របស់ក្រសួងការបរទេស៕ ដោយ ៖ បញ្ញាស័ក្តិ