Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហគមន៍​ខ្មែរក្រោម​ខេត្ត​ត្រា​វិញ « ភូមិ​មួយ​ពហុ​ផលិតផល​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យ​ជក់ចិត្ត »

​សម្លឹងមើល​ឱ្យបាន​យូរ​ទៅ អារម្មណ៍​របស់​យើង​អាច​យល់ថា តំបន់​ទេសចរណ៍​មួយចំនួន​ក្នុង​ខេត្ត​ត្រា​វិញ ភាគខាងត្បូង​នៃ​ប្រទេស​វៀតណាម ដែលជា​បណ្ដុំ​បងប្អូន​ខ្មែរក្រោម​រស់នៅ​នោះ គឺ​គេ​បាន​បង្កើតជា​ភូមិ​មួយ​ពហុ​ផលិតផល ទាក់ទាញ​ភ្ញៀវទេសចរ ជាពិសេស ការកែច្នៃ​វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ កេរដំណែល ឱ្យទៅជា​ផ្ទាំងទស្សនីយភាព​ទេសចរណ៍​ច្រើន​រូបភាព និង​ធ្វើឱ្យ​យើង​ប្លែក​អារម្មណ៍ រំភើប សប្បាយ ប្រសិនបើ​យើង​លៃលក​ពេលវេលា​ធ្វើដំណើរ​ទៅកាន់​ទីនោះ​ឱ្យ​ត្រូវ​រដូវ​កាល​របស់​វា​។

​ក្រឡេក​ទៅ​មើល​ភូមិ​វប្បធម៌​ទេសចរណ៍​លក្ខណៈ​ខ្មែរ ដែល​ខ្មែរក្រោម​ក្នុង​ខេត្ត​ត្រា​វិញ បានរៀបចំ​ជា​របៀប​ខ្សែចង្វាក់​ទេសចរណ៍ មាន​ទីកន្លែង​ប្រវត្តិសាស្ត្រ អាវ​បា​អម ( ស្រះ​គូ ស្រះស្រី ) កេរដំណែល​វប្បធម៌ មាន​រចនា​សិល្បៈ​ដ៏​វិច​ត្រ នៅ​វត្ត​អង្គរ​រាជបុរី ( ហៅ​វត្ត​អង្គ ) សារមន្ទីរ​វប្បធម៌​លក្ខណៈ​ប្រពៃណី​ខ្មែរ ស្តាប់​តូរ្យតន្ត្រី​ប្រជាប្រិយ ចាប់ពី​ភ្លេងពិណពាទ្យ ចង្វាក់​ស្គរ​ឆៃយ៉ាំ ចង្វាក់​រាំវង់ និង​របាំ​ជនជាតិ​ផ្សេងៗ​ទៀត ដែល​នាដ​ការី​ដ៏​ប៉ិនប្រសប់​បាន​សម្ដែង​ទៅតាម​ពិធី​បុណ្យទាន នា​រដូវ​កាល​នីមួយៗ​។

​អូ​ហូ​… ប្រ​សិ​បើ​យើង​អញ្ជើញ​ទៅ​ទស្សនា នៅ​ភូមិ​របរ​សិប្បកម្ម​ចម្លាក់​ឈើ​វិញ យើង​អាច​នឹង​ស្វែងយល់​បន្ថែមទៀត​អំពី​ជីវភាព និង​ការរស់នៅ របស់​បងប្អូន​ខ្មែរក្រោម ដូចជា​សិប្បកម្ម​ធ្វើ​របាំងមុខ ដាល់អំបុក និង​ភ្លក់​រសជាតិ​នៃ​បណ្ដា​មុខម្ហូប ពិសេសៗ​ប្រចាំ​តំបន់​… អូ​ហូ​… ពិតជា​រំភើប សប្បាយ ភ្លេច​កង្វល់ និង​កា​នឿយហត់​អស់រលីង​។

​ងាក​មក​ពិធីបុណ្យ​អកអំបុក នៅក្នុង​ខេត្ត​ត្រា​វិញ វិញ​ម្ដង ឱកាស​នោះ តែងតែ​ទាក់ទាញ​ភ្ញៀវទេសចរ​អញ្ជើញ​មក​ទស្សនា​កម្សាន្ត ចូលរួម​រីករាយ​ជាមួយនឹង​ពិធីបុណ្យ​អ៊ឹ​ក​ធិ​ក អ៊ូអរ មិន​ថា វត្ត​អង្គរ​រាជបុរី ( ហៅ​វត្ត​អង្គ ) នោះទេ វត្ត​ខ្មែរ​នានា​ដទៃទៀត ត្រូវបាន​តុបតែង​ដោយ​ទង់ជាតិ និង​ផ្កា​ចម្រុះ​ពណ៌ ដើម្បី​ស្វាគមន៍ មាន​ពិធីបុណ្យ​ដង្ហែ​ផ្កា កឋិនទាន​កាល និង​ពិធី​សប្បាយភាព​ផ្សេងៗ ។

​ក្រៅពី​នៅតាម​បណ្ដា​វត្ត នៅ​បណ្តា​ភូមិ​ស្រុក​នានា ក៏មាន​សភាព​អ៊ូអរ​ជាមួយនឹង​សំឡេង​ដាល់អំបុក ជា​អាហារ​ពិសេស​មួយ​របស់​ជនជាតិ​ខ្មែរក្រោម​នៅ​ខេត្ត​ត្រា​វិញ​។ ពេលនោះ​ភ្ញៀវទេសចរ​នឹង​ជក់ចិត្ត​ជាមួយ​ការសាកល្បង​ចូលរួម​ដុត​ភ្លើង​លីង​អង្ករដំណើប រួចហើយ​រែង​អំបុក គឺ​យកតែ​សាច់​អំបុក​សុទ្ធ​លាយ​ជាមួយ ដូង ស្ករ រួចហើយ​នាំគ្នា​អកអំបុក​… អាហា៎​… រសជាតិ​ម្យ៉ាងដែរ ព្រោះថា អង្ករដំណើប​ថ្មី​មាន​ក្លិនក្រអូប​ឆ្អិតរ​មួ​ត​វេញ​ត្របាញ់​ចូលគ្នា មាន​ឆ្ងុយ​ដូង រសផ្អែម​នៃ​ស្ករ ធ្វើឱ្យ​ទាក់ទាញ​អារម្មណ៍​ភ្ញៀវទេសចរ​ខ្លាំងណាស់ ។

​នាយករង​សាលា​មធ្យមសិក្សា​បាលី​ខ្មែរ​-​ត្រា​វិញ លោកគ្រូ ស​-​រ៉​ន បាន​មានប្រសាសន៍​ឱ្យដឹងថា នេះ​ជា​គម្រោង​មួយ​ក្នុងចំណោម​គម្រោង​វប្បធម៌​ទេសចរណ៍​ជាច្រើន ប្រកបដោយ​លក្ខណៈ​សហ​គម​ន៍​របស់​ខេត្ត​ត្រា​វិញ ផ្តោតជាសំខាន់​ទៅលើ​ការ​ការអភិវឌ្ឍន៍​សមិទ្ធ​ផល​ផ្សេងៗ​ដើម្បី​ទាក់ទាញ​ទេសចរណ៍​។ យើង​អាច​ហៅថា « ពហុ​ផលិតផល​ភូមិ​វប្បធម៌​ទេសចរណ៍ » ដោយ​ប្រជាជន​ខ្មែរក្រោម បាន​ផ្សារភ្ជាប់​នឹង​ភាពស្រស់ស្អាត​នៃ​ភូមិឋាន​ទៅនឹង​មុខរបរ សមិទ្ធផល បង្កើត​ឱកាស​ជាក់ស្តែង​ជូន​ភ្ញៀវទេសចរ​ឱ្យ​ជាប់ចិត្ត​មកកាន់​ខេត្ត​ត្រា​វិញ ក៏ដូចជា​ការផ្លាស់ប្តូរ​វប្បធម៌​ជាមួយ​បងប្អូន​ជនជាតិ​ខ្មែរក្រោម​។

​លោកគ្រូ ស​-​រ៉​ន ឱ្យដឹងទៀតថា វត្ថុ​បុរាណ​រាប់រយ​ត្រូវបាន​រក្សាទុក​នៅ​សារមន្ទីរ​វប្បធម៌​ជនជាតិខ្មែរ​ក្រោម​ខេត្ត​ត្រា​វិញ នេះ​មិន​ត្រឹមតែ​ជា​មោទនភាព របស់​អ្នកស្រុក​ខេត្ត​ត្រា​វិញ​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​ជា​កន្លែង​ថែរក្សា និង​លើកតម្កើង​លក្ខណៈ​វប្បធម៌​ជាច្រើន​ជំនាន់​របស់​បងប្អូន​ជនជាតិខ្មែរ​ក្រោម​នៅ​វៀតណាម ជាង ១.៥ លាន​នាក់​ទៀតផង​។ លក្ខណៈ​វប្បធម៌​ដ៏​ល្អ​ឯក​របស់​បងប្អូន​ជនជាតិខ្មែរ​ក្រោម​នៅ​វៀតណាម​នេះ គឺជា​មូលដ្ឋានគ្រឹះ​ដ៏​ចម្បង​សម្រាប់​បង្កើត​ឡើងជា​ផលិតផល​ទេសចរណ៍​ដ៏​ទាក់ទាញ ដើម្បី​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចូល​ទស្សនា​៕​រក្សា​សិទ្ធិ​ដោយ​៖CEN​

×