ឧត្តរមានជ័យ ៖ បុរសម្នាក់ ក្នុងចំណោមបីនាក់ ដែលរកស៊ីឈ្នួលកាប់ចំការត្រូវបានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុដោយសារកាប់ឈើរលំត្រូវចំក្បាល នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ ។
ជនរងគ្រោះឈ្មោះ យាន់ ទ័រ អាយុ៣១ឆ្នាំ រស់នៅភូមិ កប់ថ្លុក ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ តាមការឆ្លើតបំភ្លឺឈ្មោះ ទុំ ហ៊ុន ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិជាមួយជនរងគ្រោះ បានបញ្ជាក់ប្រាប់ថា នៅព្រឹកថ្ងៃកើតហេតុ ពួកគេមានគ្នាបីនាក់ បានទៅស៊ីឈ្នួលកាប់ចំការ នៅចំណុចភូមិអូរគ្រញូង ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ឲ្យឈ្មោះ នួន លីន ក្នុងតំលៃ៥០ម៉ឺនរៀល។ ពួកគេទាំង ៣នាក់នាំគ្នាកាប់ដើមឈើ ស្រាប់តែនៅពេលឈើរលំចំដើមឈើងាប់ ហើយមែកឈើងាប់វាត់ត្រូវក្បាលជនរងគ្រោះស្លាប់ភ្លាមៗ តែម្តងនៅកន្លែងកើតហេតុ៕ ដោយ ៖ បញ្ញាស័ក្តិ