Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយករង​អន្តោប្រវេសន៍ ចាត់​ឲ្យ​កម្លាំង​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត និង​ច្រក​ផ្សេងៗ អនុវត្ត​ខ្ជាប់ខ្ជួន​នូវ​បទបញ្ជា​សម្ដេច​តេ​ជោ​

​នគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បាន​បន្ថែម​ការប្រុងប្រយ័ត្ន និង​វិធានការ​រឹតបន្តឹង​ការចេញ​-​ចូល របស់​ជនបរទេស និង​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​វិលត្រឡប់​មកពី​ប្រទេស​ថៃ​ចូល​កម្ពុជា​វិញ ដោយ​កម្លាំង​សមត្ថកិច្ច និង​មន្ត្រី​សុខាភិបាល ធ្វើការ​ត្រួតពិនិត្យ វិភាគ​រកមើល​វីរុស​កូ​វីត​-១៩ យ៉ាង​ខ្ជាប់ខ្ជួន និង​ប្រសិទ្ធភាព បន្ទាប់ពី​ទទួលបាន​បទបញ្ជា​ពីស​ម្ដេច​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី បញ្ជា​ឲ្យ​មានការ​ប្រុងប្រយ័ត្ន និង​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​ចង់​វិលត្រឡប់​មកពី​ប្រទេស​ថៃ ចូល​កម្ពុជា​វិញ សូមកុំ​ទាន់​អាល​ចេញ​-​ចូល ខណៈ​អាជ្ញាធរ​ថៃ​ដាក់​បម្រាម បន្ទាប់ពី​មានការ​ផ្ទុះ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ នៅ​ខេត្ត​សាមុត​សា​ខន ប្រទេស​ថៃ ។

​មន្ត្រី​ផ្នែក​អន្តោប្រវេសន៍​ប្រចាំ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត បាន​ឲ្យ CEN ដឹង​នៅ​រសៀល​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០២១ ថា នាយ​ឧត្ដមសេនីយ៍ ឃុន សំបូរ អគ្គនាយករង​អន្តោប្រវេសន៍ បានរៀបចំ​ពិធី​សំណេះសំណាល​ជាមួយ​នាយប៉ុស្តិ៍​នាយ​នគរបាល​ច្រកទ្វា​អន្តរជាតិ​ប៉ោយប៉ែត ដើម្បី​ដាក់ចេញ​បទបញ្ជា​ណែនាំ​បន្ថែម​ដល់​កម្លាំង​នគរបាល សំដៅ​ពង្រឹង​ការទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​-១៩​នេះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ដោយ​ក្នុងនោះ ពង្រឹង​ការងារ​សន្តិសុខ កិច្ចសហការ​ល្អៗ​រវាង​នគរបាល​អន្តោប្រវេសន៍​កម្ពុជា និង​ភាគី​ថៃ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាតត្បាត​នៃ​កូ​វីដ​-១៩ តាម​ការណែនាំ​របស់​រា​ជ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​។​

​បើតាម លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៉ី ចំរើន នាយប៉ុស្តិ៍​នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត បាន​ប្រាប់​អំពី​ស្ថានភាព​ទូទៅ ដែល​បាន​អនុវត្ត​ក្នុង​រយៈពេល​កន្លងមក នៅ​ក្រុង​ប៉ោយប៉ែត​ថា ទំនាក់ទំនង​រវាង​សមត្ថកិច្ច​កម្ពុជា និង​សមត្ថកិច្ច​ថៃ​មាន​ភាពល្អប្រសើរ ដោយ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​វិលត្រឡប់​ពី​ប្រទេស​ថៃ​ចូលមក​កម្ពុជា​តាម​ច្រករបៀង​ផ្សេងៗ គឺ​មន្ត្រី​ជំនាញ​ត្រួតពិនិត្យ​វាស់​កម្ដៅ រួច​បញ្ជូនទៅ​មន្ទីរពេទ្យក្រុង​ប៉ោយប៉ែត ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល ១៤ ថ្ងៃ​។ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឲ្យ​ដឹង​ទៀតថា ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ចេញពី​ទឹកដី​ថៃ ក្រោយ​ពិនិត្យ​រួច ត្រូវបាន​បញ្ជូនទៅ​កន្លែង​ពិនិត្យ​សំណាក និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន ៤ ទីតាំង ដែល​អាជ្ញាធរខេត្ត​-​ក្រុង​បានរៀបចំ​រួចជាស្រេច រួមមាន ៖ ១- នៅ​មន្ទីរពេទ្យបង្អែក​ប៉ោយប៉ែត (​ដី​ថ្មី​) , ២- មណ្ឌល​សុខភាព​ប៉ោយប៉ែត​១ , ៣- សាលា​ព្រហ្ម​និម្មិត , ៤- វិទ្យាល័យ​និម្មិត​ថ្មី ។​

​ដោយឡែក លោក​អគ្គនាយករង​អន្តោប្រវេសន៍ នាយ​ឧត្ដមសេនីយ៍ ឃុន សំបូរ ឲ្យ​ដឹងផង​ដែរ​ថា ពលរដ្ឋ​ដែល​ចេញ​មកពី​ទឹកដី​ថៃ​រយ​:​ពេលកន្លងមក ក៏ដូចជា​ពេលនេះ គឺ​ភាគច្រើន ជួប​បញ្ហា​ដោយសារ​ដាច់​ប៉ាស្ព័រ អត់​មាន​ការងារ​ធ្វើ និង​មានធុរៈ​ក្នុង​គ្រួសារ​ចាំបាច់ ។ ទោះជា​យ៉ាងណា លោក​អគ្គនាយករង​អន្តោប្រវេសន៍ បាន​ជំរុញ​ឲ្យ​កម្លាំង​ជំនាញ​របស់លោក ត្រូវ​សហការ​ជាមួយ​ប្រទេសជិតខាង​បន្ថែមទៀត ដើម្បី​ឲ្យ​មាន​ភាពស្និទ្ធស្នាល ក្នុងការ​អនុវត្ត​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព ជាពិសេស ទប់ស្កាត់​បទល្មើស​ឆ្លងដែន​ខុសច្បាប់ និង​ចូលរួម​អនុវត្ត​វិធានការ​របស់​រាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងសុខាភិបាល ឲ្យ​បាន​តឹងរ៉ឹង ៕ រក្សា​សិទ្ធិ​ដោយ ៖​ពិសិដ្ឋ CEN​

×