ភ្នំពេញ៖ យោងតាមលិខិត ទីស្ដីការគណៈរដ្ឋមន្ត្រីដែលអង្គភាពព័ត៌មាន CEN ទទួលបាននៅ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចសាងសង់អាកាសយានដ្ឋានថ្មី ខ្នាតតំបន់មួយនៅក្នុងខេត្តមណ្ឌលគិរី ជាខេត្តមានសក្ដាពុលលើវិស័យទេសចរណ៍ កសិកម្ម ដោយអនុញ្ញាតឱ្យក្រុមហ៊ុន Powerchina International Group ជាអ្នកសាងសង់។
លិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី មានខ្លឹមសារទៀតថា យោងតាមចំណារដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ អនុញ្ញាតឲ្យ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដឹកនាំរៀបចំកិច្ចព្រមព្រៀងក្របខ័ណ្ឌ ( Framework Agreement ) ជាមួយក្រុមហ៊ុន Powerchina international Group ) តាមនីតិវិធីជាធរមាន ដូចបានអនុវត្តកន្លងមក សម្រាប់គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ – ខេត្តព្រះសីហនុ និងគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ – ក្រុងបាវិត ។
ការសម្រេចនេះ ត្រូវបានបង្ហាញ ក៏ដូចជំរាប ផ្ញើជូន ឧបនាយករដ្ឋមន្ត្រី អូនព័ន្ធ មុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, លោក ម៉ៅ ហាវណ្ណាល រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងអភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអៀង។
រាជរដ្ឋាភិបាល ធ្លាប់បានកំណត់ខេត្តមណ្ឌលគិរី ភូមិភាគឦសាន ជាប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា ព្រោះតែខេត្តនេះ មានសក្តានុពលខ្ពស់លើផ្នែកទេសចរណ៍ និងកសិកម្ម ៕ រក្សាសិទ្ធិដោយ៖ ពិសិដ្ឋ CEN