ភ្នំពេញ៖ គិតត្រឹមពេលផ្សារបិទនៅរសៀលថ្ងៃសុក្រម្សិលមិញនេះ សន្ទស្សន៍ទីផ្សារមូលបត្រ បានងើបឡើងមកវិញ០,៣០% មកដល់៦៤០,១៧ ពិន្ទុ ជាមួយនឹងទំហំជួញដូរភាគហ៊ុនសរុបចំនួន២១៦,៤៥លានរៀល។
ភាគហ៊ុនអេស៊ីលីដា (ABC) បានងើបឡើងវិញ ចំនួន៦០រៀល មកដល់១៦.៨៦០រៀល។ ស្របពេលជាមួយគ្នានេះ ភាគហ៊ុនរដ្ឋាករទឹកស្វយ័តភ្នំពេញ (PWSA) និងកំពង់ផែស្វយ័តភ្នំពេញ (PPAP) ក៏បានកើនឡើងដល់ ៦.១០០រៀល និង១១.៧៨០រៀល រៀងគ្នា ដោយមានចន្លោះកំណើនពី២០រៀល ទៅ៨០រៀល។
ដោយឡែក ភាគហ៊ុនផេសថិក (PEPC) បានបិទនៅថ្លៃពិសេស គឺ២.៧៧០រៀល ដែលមានកំណើនខ្ពស់ជាងថ្លៃមូលដ្ឋាន២០រៀល។ ផ្ទុយទៅវិញ ភាគហ៊ុន ហ្គ្រេនធ្វីន (GTI) និងភាគហ៊ុនតំបន់សេដ្ឋកិច្ច ពិសេសភ្នំពេញ (PPSP) បានធ្លាក់ចុះមកត្រឹម៣.២៩០រៀល និង១.១៦០រៀល ដោយមានការធ្លាក់ចុះ១០រៀល និង២០រៀលរៀងគ្នា។ ភាគហ៊ុនកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) បានរក្សាថ្លៃថេរដដែលត្រឹម១៤,១០០រៀល៕
រក្សាសិទ្ធិដោយ៖CEN