ភ្នំពេញ៖បុរសម្នាក់ដែលគេស្គាល់ថាជាមន្ត្រីកងរាជអាវុតហត្ថ បានទាញកាំភ្លើងខ្លីបាញ់ទៅលើប្រពន្ធ ដោយសារតែភ្លើងប្រច័ណ្ឌ រួចបានបាញ់សម្លាប់ខ្លួនឯងតាមក្រោយស្លាប់ ក្នុងថ្លុកឈាមទាំងពីរនាក់ បន្សល់ទុកកូនស្រីម្នាក់ឲ្យនៅកំព្រា។
ហេតុការណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ០០ និង១០ នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃអាទិត្យទី១០ ខែមករា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវបេតុងSOS ត្រង់ចំណុចបន្ទប់ជួលមួយកន្លែង ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សពស្ត្រីរងគ្រោះមានឈ្មោះ ជួប សារឿន ភេទស្រីអាយុ៣០ឆ្នាំ មុខរបរលក់ផលិតផលតាមអនឡាញ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ។ ចំណែកប្ដីមានឈ្មោះ សេង គឹមសាន ហៅសុត ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរមន្ត្រីកងរាជអាវុធហត្ថ ឋានន្តរស័ក្តិ បួនកន្លះ ស្នាក់នៅជាមួយគ្នា។
បើយោងតាមប្រភពពីបងស្រីម្នាក់ត្រូវជាបងថ្លៃ បានប្រាប់មកអង្គភាព CEN ថា មុនពេលកើតហេតុ គាត់ឭសំឡេងឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង នៅក្នុងបន្ទប់ ហើយស្រាប់តែមួយសន្ទុះក្រោយមក គាត់ក៏បានឭស្នូគ្រាប់កាំភ្លើងផ្ទុះ ចេញពីក្នុងបន្ទប់ជនរងគ្រោះចំនួន៤គ្រាប់ មានការភ្ញាក់ផ្អើលរត់ស្លន់ស្លោទៅមើល នៅក្នុងបន្ទប់ឃើញប្ដីដេកស្លាប់ នៅក្នុងថ្លុកឈាម រួចក្រឡេកទៅឃើញប្រពន្ធអង្គុយផ្កាប់មុខស្លាប់ នៅខាងមុខបង្គន់រួចបានរាយការណ៍ទៅសមត្ថកិច្ចចុះមកជួយអន្តរាគមន៍ភ្លាមៗ។
ក្រោយកើតហេតុខាងលើ សម្លាំងនគរបាលខណ្ឌសែនសុខ សហការជាមួយនិងកម្លាំងកងរាជអាវុតហត្ថ បានចុះមកកន្លែងកើតហេតុ និងហ៊ុមព័ទ្ធខ្សែជុំវិញបន្ទប់ផ្ទះជួលខាងលើ ទុកឲ្យសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យ ចុះមកពិនិត្យឃើញថា ស្លាប់ដោយសារតែគ្រាប់កាំភ្លើង។ រួចបានធ្វើកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ៖ សា មេត