តាកែវ៖ ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានណែនាំដល់មន្ត្រីនគរបាល ត្រូវថែរក្សាសណ្ដាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋ និងធ្វើការបង្ការ ទប់ស្កាត់ នឹងបង្ក្រាប រាល់បទល្មើសទាំងឡាយដែលបានកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ហើយនគរបាលជំនាញត្រូវតែក្តាប់សភាពការណ៍ និងកំណត់មុខសញ្ញាគ្រប់ប្រភេទឲ្យបានហើយរាយការណ៍ជូនថ្នាក់លើឲ្យទាន់ពេលវេលា ដើម្បីងាយស្រួលដល់កិច្ចសហប្រត្តិការ ជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋបានទាន់ពេលវេលា។
លោកថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញចូលរួមបើកកិច្ចប្រជុំបូក សរុបសភាពការណ៍លទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គមប្រចាំខែធ្នូ ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តបន្តខែមករាឆ្នាំ ២០២១ និងប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្កិមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅសាលប្រជុំស្នងការនគរបាលខេត្ត កាលពីចុងសប្តាហ៍ ខែមករា ឆ្នាំ២០២១នេះ។
លោកស្នងការនគរបាលខេត្តបានមានប្រសាសន៍បន្តទៀតថា ដើម្បីធានាឲ្យបាននូវប្រសិទ្ធិភាពការអនុវត្តការងារបាន យើងត្រួវតែពង្រឹងសមត្ថភាព ចំណេះដឹងរបស់ខ្លួនអោយបានល្អ និងគោរពវិន័យរបស់អង្គភាព ពិសេសត្រូវរងចាំអនុវត្តច្បាប់គោលការណ៍បទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់ពេលវេលា និងត្រូវប្រចាំការ២៤ម៉ោងលើ២៤ម៉ោង នៅស្នងការដ្ឋាននគរបាលខេត្ត និងអធិការដ្ឋាននគរបាលក្រុង-ស្រុក ដើម្បីបម្រើឲ្យកិច្ចអន្តរាគមន៍ ដល់ប្រជាពលរដ្ឋ ស្ថិតក្នុងហេតុការណ៍ លំបាកណាមួយ រងចាំកម្លាំងសមត្ថកិច្ចជួយសង្គ្រោះ។
ជាមួយគ្នានេះដែរលោកឧត្តមសេនីយ៍ទោ សុខ សំណាង បានបញ្ជក់ទៀតថា សម្រាប់បទល្មើសខុសច្បាប់គ្រប់ប្រភេទ ក្មេងទំនើង បញ្ហាគ្រឿងញៀន និងភាពអសកម្មផ្សេងៗ ដែលកើតមានក្នុងមូលដ្ឋានខេត្តរបស់យើងត្រូវតែបន្តចុះបង្ក្រាបដូចជាភ្លៀងរលឹមអញ្ជឹង សំដៅស្វែងរកភាពសុខដុមរម្យនាជូនប្រជាពលរដ្ឋ ក៏ដូចអនុវត្តតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដើម្បីរក្សាបានសុខសន្តិភាព និងភាពរីកចម្រើនក្នុងមូលដ្ឋានខេត្តរបស់យើងបន្ថែមទៀត ជាពិសេសត្រូវបង្កើននូវទំនុកចិត្តលើការជឿជាក់មកលើសមត្ថកិច្ចពីសំណាក់បងប្អូនប្រជាពលរដ្ឋ ៕រក្សាសិទ្ធិដោយ៖ តាកែវ