ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋាននៃរដ្ឋសភា បានប្រកាសឱ្យតំណាងរាស្ត្រទាំងអស់ ដែលស្ថិតនៅក្នុងអាណត្តិ ចាប់ផ្តើមចុះឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា សម្រាប់អាណត្តិទី៤ ដែលចាប់ផ្តើមពីថ្ងៃទី១៩ ខែតុលា រហូតដល់ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅសាលសន្និសីទបាយ័ននៃវិមានរដ្ឋសភា។
បើសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋាននៃរដ្ឋសភា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោកឡេង ប៉េងឡុងអគ្គលេខាធិការដ្ឋាននៃរដ្ឋសភា បានឲ្យដឹងថា ដោយយោងតាមការស្នើសុំផ្ទេរសមត្ថកិច្ចជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឲ្យបំពេញតួនាទីជាតំណាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងការចុះឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ខាងមុខនេះ ការិយាល័យចុះឈ្មោះបោះឆ្នោតមួយត្រូវបានបង្កើតឡើង នៅសាលសន្និសីទបាយ័ននៃវិមានរដ្ឋសភា ដើម្បីទទួលចុះឈ្មោះតំណាងរាស្ត្រក្នុងតំណែង ដើម្បីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ចាប់ពីថ្ងៃទី១៩ខែតុលាឆ្នាំ២០១៧ ដល់ថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០១៧ ។
លោកឡេង ប៉េងឡុង ក៏បានបញ្ជាក់បន្ថែមថា តំណាងរាស្ត្រក្នុងតំណែងមកចុះឈ្មោះបោះឆ្នោត ត្រូវភ្ជាប់មកជាមួយ នូវ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប័ណ្ណអភ័យឯកសិទ្ធិតំណាងរាស្ត្រ អាណត្តិទី៥ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើការឲ្យការបោះឆ្នោត ដែលចេញដោយស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ។ អ្នកសង្កេតការណ៍ និងតំណាងគណបក្សនយោបាយ ដែលមានការបញ្ជាក់ទទួលស្គាល់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អាចអញ្ជើញមកសង្កេតការណ៍ដំណើរការនៃការចុះឈ្មោះបោះឆ្នោតនេះ នៅការិយាល័យបោះឆ្នោត៕ ដោយ៖ជាលី