បាត់ដំបង៖ មន្ត្រីនៃមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបង បានចុះអន្តរាគមន៍នាំយកទឹកពីប្រភពអាងស្តុកទឹកធំៗខាងលើ មកសង្គ្រោះស្រូវឲ្យបានទាន់ពេលវេលានិងចុះពិនិត្យស្ថានភាពស្រូវ ស្រាលឬស្រូវប្រាំង កំពុងខ្វះខាតទឹកស្រោចស្រព នៅចំណុចភូមិអង្គ្រងនិងភូមិដូនទ្រីស្ថិតក្នុងឃុំជ្រៃស្រុកមោងឫស្សី។
ប្រជាពលរដ្ឋ បានលើកឡើងថាស្រូវរបស់ពួកគាត់ដែលកំពុងខ្វះទឹកនេះ គឺជាប្រភេទស្រូវសែនក្រអូប ស្រូវអូអឹមនិងស្រូវណាំបុងជាដើម ដោយស្រូវខ្លះមានអាយុកាលលើស១ខែ ខ្លះមូលដើមនិងខ្លះទៀតកំពុងផើម ខណៈស្រូវខ្លះក៏បានបែកចេញផ្កាផងដែរ ។ ស្រូវទាំងអស់នោះខ្លះមានទឹកនៅតិចៗនិងខ្លះទៀតគោកដីបែកក្រហែង តែមិនទាន់ក្រៀមស្វិតនោះទេ ដែលបញ្ហានេះធ្វើឲ្យពួកគាត់មានការព្រួយបារម្ភ ខ្លាចស្រូវស្វិតកាន់តែធ្វើឲ្យជីវភាពមានការលំបាក ខណៈស្រូវកាលពីធ្វើនៅដើមរដូវវស្សា ឆ្នាំ២០២០ ក៏ត្រូវទឹកជំនន់លិចរងការខូចខាតអស់ ដូច្នេះស្នើសុំអាជ្ញាធរខេត្ត ក៏ដូចជាមន្ត្រីជំនាញធនធានទឹក ជួយអន្តរាគមន៍នាំទឹកមកសង្គ្រោះជាបន្ទាន់ផង។
លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានមានប្រសាសន៍ក្នុងពេលចុះពិនិត្យស្ថានភាពស្រូវ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ថា សម្រាប់ស្រូវនៅចំណុចភូមិដូនទ្រី និងភូមិអង្គ្រងនេះ គឺជាស្រូវក្រៅផែនការរបស់ខេត្ត ក្នុងការស្ដារការដាំដុះឡើងវិញ ក្រោយពីទឹកជំនន់ស្រកទៅនេះ ខណៈស្រូវក្នុងផែនការ ត្រូវស្ដារឡើងវិញមានប្រមាណ ២ម៉ឺនហិកតា កំពុងមានទឹកដាក់គ្រប់គ្រាន់។ ប៉ុន្តែក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ប្រាប់ឲ្យមន្ទីរតាមខេត្ត ក៏ត្រូវតែគិតគូរខ្វល់ខ្វាយផងដែរ ក្នុងការជួយអន្តរាគមន៍ នូវស្រូវក្រៅផែនការនេះ ដោយត្រូវនាំទឹកពីប្រភពនានា ដើម្បីយកមកស្រោចស្រពតាមសំណូមពររបស់ពលរដ្ឋទៅតាមលទ្ធភាព។ មន្ទីរនឹងខិតខំនាំទឹកពីប្រភពទំនប់អាងបាសាក់ស្ថិតក្នុងស្រុករុក្ខគិរី មកជួយសង្គ្រោះស្រូវរបស់ពលរដ្ឋនៅក្នុងភូមិទាំងពីរនេះ ឲ្យអស់ពីលទ្ធភាពនិងឲ្យបានទាន់ពេលវេលា តាមការចង់បានរបស់ពលរដ្ឋ ដើម្បីជួយស្ដារជីវភាពរបស់ពួកគាត់ឡើងវិញ បន្ទាប់ពីបានរងការប៉ះពាល់ដោយទឹកជំនន់កាលពីឆ្នាំ២០២០នោះ៕ រក្សាសិទ្ធិដោយ៖អ៊ុងសារុំ