Wednesday, December 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បំណង​គៀរគរ​ប្រជាពលរដ្ឋ​ដើរ​ធ្វើបាតុកម្ម​ដោះលែង​ទណ្ឌិត​របស់​បក្សប្រឆាំង ខុស​នឹង​ច្បាប់ អាជ្ញាធរ​មិន​អនុគ្រោះ​ទេ​

​ភ្នំពេញ​៖ អភិបាល​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​បញ្ចប់​វេទិកាសាធារណៈ​កាលពី​ព្រឹក​ថ្ងៃទី​១៩​ខែតុលា​ឆ្នាំ​២០១៧ នៅ​មហោស្រព​ចេនឡា ខណ្ឌ​ទួល​គោល​ថា ការផ្តួលរំលំ​រាជរដ្ឋាភិបាល ពី​សំណាក់​លោក​សម រង្ស៊ី តើ​ចង់បាន​ន័យ​អ្វី ? ដូចជា លន់ នល់ សិរី​មតៈ ដែល​បានរួម​គំនិត​គ្នា​ផ្តួលរំលំ សម្តេច នរោត្តម សីហនុ បាន​នាំមក​នូវ​វិនាសកម្ម ក្នុង​របប​ប៉ុល ពត បណ្តាល​ឲ្យ​សង្គ្រាមរ៉ាំរ៉ៃ​ជាង​៤​ទសវត្សរ៍​នៅ​កម្ពុជា​។

​លោក​អភិបាល បាន​បន្ថែមថា យើង​ដឹង​ហើយ​ថា សង្គ្រាម​នាំមក​នូវ​វិនាស​ហិនហោច ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ ជាពិសេស​យើង​ត្រូវ​មើល​ប្រទេស​ស៊ី​រី ជា​ឧទាហរណ៍​ជាក់ស្តែង​។​

​លោក​បន្តថា ក្រោយ​ការផ្តួលរំលំ​សម្តេច​សីហនុ ប្រទេស​កម្ពុជា​កើតសង្គ្រាម ពី​ឆ្នាំ​៧០ ដល់​៧៩ ត្រូវ​ទទួល​នូវ​វិនាសកម្ម​យ៉ាង​ខ្លោចផ្សា ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​យើង​មានបទពិសោធន៍​ពេញលេញ ដែល​មិនអាច​ទទួលយកបាន នូវ​ការផ្តួលរំលំ​តាមរបៀប​ក្បត់ជាតិ​នេះ​ទៀត​ទេ​។​

ពាក់ព័ន្ធ​នឹង​សំណួរ​ថា ទៅ​ថ្ងៃមុខ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​រំលាយ ហើយ​សមាជិក​បក្សប្រឆាំង​បានរៀបចំ​ធ្វើ​បដិវត្តន៍​ពណ៌​ឬក៏​រៀបចំ​ធ្វើបាតុកម្ម​នៅ​រាជធានី​ភ្នំពេញ តើ​អាជ្ញាធរ​នឹង​រៀបចំ​សណ្តាប់ធ្នាប់​តាមរបៀប​ម៉េច​នោះ​? លើក​ករណីនេះ ត្រូវបាន​លោក​អភិបាល​រាជធានី​ភ្នំពេញ បញ្ជាក់ថា ប្រទេស​ខ្មែរ​មានច្បាប់ ហើយ​ប្រទេស​កម្ពុ​ជាមាន​បូរណភាព​ទឹកដី មានច្បាប់​របស់​កម្ពុជា មាន​រដ្ឋធម្មនុញ្ញ​ច្បាស់លាស់ ។ ដូច្នេះ​យើង​ត្រូវ​មើល​ច្បាប់ បើ​ធ្វើបាតុកម្ម​ប្រឆាំងនឹង​ច្បាប់ មិនមែនជា​ប្រជាធិបតេយ្យ​នោះទេ ហើយ​ប្រជាធិបតេយ្យ​គឺ​ស្ថិតនៅក្នុង​រង្វង់​ច្បាប់ ។ លោក​បញ្ជាក់ថា ប្រសិនបើ​ធ្វើ​អ្វីដែល​ចេញពី​រង្វង់​ច្បាប់ គឺ​អនាធិបតេយ្យ នៅពេលនោះ​រាជរដ្ឋាភិបាល​ក៏ដូចជា​អាជ្ញាធរ​មិន​អនុគ្រោះ​បាន​នោះទេ​ចំពោះ​បញ្ហា​នេះ​ទេ ពីព្រោះថា​ពួកយើងខ្ញុំ ក្នុងនាម​ជា​នីតិប្រតិបត្តិ ដូច្នេះ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវគោរព​ច្បាប់ ប៉ុន្តែ​បើ​ប្រជាពលរដ្ឋ​មិន​គោរព​ច្បាប់ យើង​ត្រូវ​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​គោរព​ច្បាប់​។​

​ទោះយ៉ាងណា ពាក់ព័ន្ធ​នឹង​គម្រោងការ​របស់​បក្ស​ប្រឆាំង​ដែលមាន​បំណង​គៀរគរ​ប្រជាពលរដ្ឋ​ដើរ​តាម​បក្សប្រឆាំង ក្នុង​ការតវ៉ា​បាតុកម្ម​នោះ ត្រូវបាន​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ផ្ញើ​សារ​ទៅ​ប្រជាពលរដ្ឋ​ថា “​អ្នក​ដែលមាន​គម្រោង​ចង់​ធ្វើបាតុកម្ម ដើម្បី​ទាមទារ​ដោះលែង​ទណ្ឌិត​នេះ ដោះលែង​ទណ្ឌិត​នោះ សូម​ឲ្យ​អស់លោក លោកស្រី​ទាំងអស់​ពិនិត្យឡើងវិញ ហើយ​មើល​ឲ្យ​បាន​ច្បាស់​អំពី​ច្បាប់​នៅ​ប្រទេស​កម្ពុជា ថា​តើ​អស់លោក​ធ្វើ​នេះ​ជា​សេរីភាព ក៏​ការបំពានច្បាប់ ប៉ុន្តែ​បើ​ការបំពានច្បាប់​គឺ​កំពុងតែ​ដើរ​ផ្លូវខុស​ហើយ ហើយ​សូម​វិលត្រឡប់​ចូលមក​ផ្លូវត្រូវ​វិញ គឺជា​ការគោរព​ច្បាប់​នៅ​កម្ពុជា ។ កម្ពុជា ជា​ប្រទេស​អធិបតេយ្យ មាន​បូរណភាព​ទឹកដី ច្បាស់លាស់ មានច្បាប់​ទម្លាប់​ត្រឹមត្រូវ ដូច្នេះ​សូម​ឲ្យ​គោរព​ច្បាប់ ។ មិនអាច​ប្រជា​ជនណាម្នាក់ មិន​គោរព​ច្បាប់​បាន​នោះទេ​”៕​ ដោយ​៖​កូ​ឡាប​

 

×