ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ ត្រូវបាន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កោតសរសើរ និងវាយតម្លៃខ្ពស់ក្នុងការចូលរួមចំណែកបំពេញភារកិច្ចអស់ ពីកម្លាំងកាយចិត្ត ប្រមូលចំណូលពន្ធ ឱ្យគ្រប់តាមផែនការច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២០ ។
បើតាមសេចក្តីប្រកាសសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធដារគ្រប់លំដាប់ថ្នាក់ ត្រូវប្រកាន់ខ្ជាប់នូវ បាវចនា-គោលការណ៍ រួមចំនួន៤ ក្នុងការបំពេញការងារប្រមូលពន្ធ រួមមាន ៖
១- កៀងគរប្រមូលឱ្យអ្នកជាប់ពន្ធ ចូលក្នុងប្រព័ន្ធរួមមួយ ។
២- ធ្វើឱ្យអ្នកជាប់ពន្ធងាយស្រួល ក្នុងការបង់ពន្ធ ។
៣- រៀបចំប្រព័ន្ធការងារឱ្យលំបាក សម្រាប់ការគេចវេះពន្ធ ។ និង
៤- ធានាឱ្យបាននូវការប្រកួតប្រជែង ដោយស្មើភាព សមធម៌ក្នុងការបង់ពន្ធ និងយុត្តិធម៌សង្គម ។
ការណែនាំរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ប្រមូលចំណូលពន្ធប្រចាំខែធ្នូ និងប្រចាំឆ្នាំ២០២០ ព្រមទាំងលទ្ធផលការងារសំខាន់ៗ សម្រេចបានក្នុងឆ្នាំ២០២០ និងវិធានការសំខាន់ៗសម្រាប់អនុវត្តបន្តក្នុងឆ្នាំ ២០២១ របស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។
សម្រាប់ឆ្នាំ ២០២១នេះ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគាំទ្រលើវិធានការ ដែលបានដាក់ចេញរបស់អគ្គនាយកដ្ឋានពន្ធដារ និងបានផ្តល់អនុសាសន៍សំខាន់ៗ ដូចជា ៖
– ត្រូវយកចិត្តទុកដាក់ ពិនិត្យ និងសិក្សាលើលទ្ធភាព នៃការប្រមូលចំណូលដែលមានសក្តានុពលផ្សេងទៀត ដោយគិតគូរទាំងទិដ្ឋភាពចំណូលសារពើពន្ធ និងមិនមែនសារពើពន្ធ ដើម្បីធានាបាននូវអនុលោមភាពសារពើពន្ធ និងការប្រមូលចំណូលឱ្យបានគ្រប់ជ្រុងជ្រោយ ក្នុងនោះប្រភពចំណូលពីវិស័យ E-Commerce, វិស័យប្រេងកាតដែលជាសក្តានុពលថ្មី, វិស័យធនធនរ៉ែ ព្រមទាំងវិស័យដែលមានសក្តានុពលមួយចំនួនទៀត ៕
រក្សាសិទ្ធិដោយ៖ ពិសិដ្ឋ CEN