ខេត្តកោះកុង៖ដើម្បីទប់ស្កាត់ការកាប់ទន្ទ្រាន និងសង់ខ្ទមយ៉ាងអនាធិបតេយ្យ នៅលើដីរដ្ឋតំបន់ឧទ្យានជាតិ គណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង បានចុះរុះរើខ្ទមជាច្រើន ក្រោយលួចសាងសង់ ស្ថិតនៅឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ស្ថិតក្នុងតំបន់ឧទ្យានជាតិ ស្រុកបូទុមសាគរ។
ថ្ងៃចន្ទ ទី១១ ខែមករា ឆ្នាំ២០២១ លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្តកោះកុង បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការសម្របសម្រួលពីលោក អេង ចាន់ភារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកោះកុង គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបូទុមសាគរ មន្ទីរបរិស្ថាន អាជ្ញាធរឃុំពាក់ព័ន្ធ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ចុះអនុវត្តវិធានការរដ្ឋបាល ចុះដកបង្គោលរបង រុះរើសំណង់ខ្ទមអនាធិបតេយ្យ និងដកហូតដើមឈើ ដែលបានដាំ បោះ និងសាងសង់ដោយខុសច្បាប់ក្នុងឧទ្យានជាតិបុទុមសាគរ ស្ថិតក្នុងស្រុកបូទុមសាគរ ខេត្តកោះកុង។
ជាលទ្ធផលសម្រេចបាន ក្រុមការងារបានអនុវត្តវិធានរុះរើបានចំនួន ១០ខ្ទម និងទ្រុងមាន់ចំនួន ០១ទ្រុង ក្នុងនោះរុះរើសំណង់ខ្ទមអនាធិបតេយ្យចំនួន ០៨ខ្ទម និងបានធ្វើកិច្ចសន្យាឲ្យម្ចាស់ផ្ទះរុះរើដោយខ្លួនឯងចំនួន ០២ខ្ទម (មានការស្នើសុំពីម្ចាស់ខ្ទម) និងបានដកហូតដើមឈើ និងបង្គោលរបងដែលបានដាំ និងបោះហ៊ុំព័ទ្ធដោយខុសច្បាប់ជាច្រើនដើម។
លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុងបានឱ្យដឹងថា រដ្ឋបាលខេត្ត បានទប់ស្កាត់មិនអនុញ្ញាតឱ្យការកាប់ទន្ទ្រាន និងសង់ខ្ទមលើដីរដ្ឋជាដីរបស់ឧទ្យានជាតិបន្តទៀតឡើយ ត្រូវតែអនុវត្តច្បាប់ជាបន្ទាន់ មិនឱ្យមានការរីករាលដាលបន្តទៀតឡើយ ពីព្រោះដីនៅតំបន់ហាមឃាត់នេះនេះជាដីរបស់ឧទ្យានជាតិ។ រដ្ឋបាលខេត្ត និងស្រុក មុនចុះរុះរើខ្ទមទាំង១១នេះ អាជ្ញាធរបានហាមឃាត់ជាច្រើនដងមកហើយ ប៉ុន្តែពួកគាត់នៅតែលួចកាប់ទន្ទ្រានសង់ខ្ទមជាបន្តបន្ទាប់ ទើបគណៈបញ្ជាការឯកភាពខេត្តមានចំណាត់ការនៅពេលនេះតែម្តង។ រដ្ឋបាលខេត្តស្រុក នឹងបន្តចុះត្រួតពិនិត្យជាប្រចាំ ទៅលើទីតាំងខាងលើនេះបើប្រជាពលរដ្ឋ។ ចំពោះប្រជាពលរដ្ឋទាំង១០គ្រួសារ មិនមានដីរស់នៅមែនសូមឱ្យពួកគាត់ដាក់សំណើរចូលមកសាលាឃុំ សាលាស្រុក ដើម្បីសុំចុះឈ្មោះសំណើសុំដីសម្បទាសង្គកិច្ចរបស់រដ្ឋរស់នៅស្រប់ច្បាប់។ បើប្រជាពលរដ្ឋទាំង១០គ្រួសារ មានដីហើយលក់អស់ គឺអាជ្ញាធរមិនអនុញ្ញាតឱ្យចុះឈ្មោះដាក់សំណើរឡើយ។ លោកសូមអំពាវរនាវដល់ប្រជាពលរដ្ឋ កុំជឿលើការញុះញុង់របស់ជនខិលខូចមួយចំនួន ដែលបង្កអសន្តិសុខដល់សង្គមកាប់ទន្ទ្រានដីរដ្ឋជាដីឧទ្យានជាតិនាំឱ្យប្រឈមមុខច្បាប់៕ រក្សាសិទ្ធិដោយ៖ បញ្ញាស័ក្តិ