តាកែវ ៖ ប្រជាពលរដ្ឋជាអ្នកស្ទូចត្រីរស់ក្នុងក្រុងដូនកែវ ខេត្តតាកែវ នាំគ្នានិយាយថា បឹងតាកែវចាប់ផ្តើមខ្សត់ត្រី ពោលគឺមិនមានត្រីច្រើនដូចមុននោះទេ ដោយសារមានអ្នកលួចធ្វើសកម្មភាពចេញឆក់ត្រីក្នុងបឹងតាមទូក នៅពាក់កណ្តាលអធ្រាត្រស្ទើររៀងរាល់ថ្ងៃ ក្នុងនោះប្រជាពលរដ្ឋដែលជាអ្នកស្ទូចត្រី (បបក់ត្រី) នៅក្នុងក្រុងដូនកែវ បានស្នើសុំឲ្យមន្ត្រីជំនាញជួយអន្តរាគមន៍ទប់ស្កាត់ជាបន្ទាន់ ដើម្បីរក្សាឲ្យបានចំពោះត្រីនៅក្នុងបឹងតាកែវ ដែលជាតំបន់អភិរក្សនេះ ។
ថ្លែងប្រាប់អ្នកសារព័ត៌មានតាមរយៈទូរស័ព្ទនៅព្រឹកថ្ងៃទី ១២ ខែមករា ឆ្នាំ២០២១នេះ លោក សៅ កុសល្យ នាយខ័ណ្ឌរដ្ឋបាលជលផលខេត្តតាកែវ បានឲ្យដឹងថា ក្រោយមានការលើកឡើងពីបងប្អូនប្រជាពលរដ្ឋថា មានសកម្មភាពលួចឆក់ត្រីក្នុងបឹងតាកែវ ដែលជាមូលហេតុធ្វើត្រីក្នុងបឹងកាន់តែបាត់បង់នោះ លោករួមជាមួយក្រុមមន្ត្រីជំនាញបានលួចឃ្លាំមើល ក៏ឃើញមានសកម្មភាពលួចឆក់ត្រីក្នុងបឹងពិតប្រាកដមែន ហើយក្នុងនោះមន្ត្រីជំនាញយើងបានធ្វើការឃាត់ខ្លួនបានជនល្មើសម្នាក់រួមជាមួយវត្ថុតាង ហើយបានរៀបចំបែបបញ្ជូនជនសង្ស័យខាងលើ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវរួចហើយ កាលពីដើមខែមករា ឆ្នាំ២០២១ ថ្មីៗនេះ ។
គួរបញ្ជាក់ផងដែរថា បឹងតាកែវមិនត្រឹមតែជាប្រភពទឹកដ៏សំខាន់សម្រាប់ផ្គត់ផ្គង់ទឹកស្អាត និងទឹកសម្រាប់ ផលដំណាំស្រែចំការរបស់បងប្អូនប្រជាពលរដ្ឋក្នុងក្រុងនោះទេ ថែមទាំងជាដែនជម្រកត្រីពងថែមទៀតផងដែរ ហើយបឹងនេះត្រូវបានដាក់ជាតំបន់អភិរក្ស មិនឲ្យមានសកម្មភាពឆក់ត្រី ឬនេសាទទ្រង់ទ្រាយធំនោះឡើយព្រោះល្មើសនឹងច្បាប់ ៕រក្សាសិទ្ធិដោយ៖ តាកែវ