ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបន្ថែមការឧបត្ថម្ភថវិកា ៥០០លានរៀល និងជំនួយគ្រឿងបរិភោគ-ឧបភោគ មួយចំនួនបន្ថែមទៀត ដល់ខេត្តបន្ទាយមានជ័យ ដើម្បីរៀបចំការធ្វើចត្តាឡីស័ក សម្រាប់ពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ ការពារ ទប់ស្កាត់ កុំឱ្យមានការរីករាលដាលនៃជំងឺកូវីដ-១៩ ខណ:ពលករខ្មែរជាង ១,២ម៉ឺននាក់ បានត្រឡប់ពីប្រទេសថៃ។
បើតាម លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឲ្យដឹងថា ក្រៅពីថវិកា៥០០លានរៀល សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភដូចជា ឃីត ៥ពាន់ឃីត មី៥ពាន់កេស និងទឹកសុទ្ធ ១ម៉ឺនកេស, ហើយថវិកា និងជំនួយទាំងនេះ ត្រូវបានក្រសួងសុខាភិបាល ចាត់ចែងដឹកជញ្ជូនទៅប្រគល់ឲ្យ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅយប់នៃថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ។
គួររំលឹកថា កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ កន្លងទៅ សម្តេចតេជោ ហ៊ុន សែន ទើបតែបន្ថែមថវិកាសរុប ៧០០លានរៀលទៀត ដល់ខេត្តជាប់ព្រំដែនចំនួន៤ ដើម្បីរៀបចំធ្វើចត្តាឡីស័ក សម្រាប់ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ។ ខេត្តជាប់ព្រំដែនចំនួន ៤នោះ មាន ខេត្តប៉ៃលិន ទទួលបានថវិកាបន្ថែម ២០០លានរៀល, ខេត្តបាត់ដំបង ទទួលបាន ២០០លានរៀល, ខេត្តបន្ទាយមានជ័យ ទទួលបាន ២០០លានរៀល និងខេត្តឧត្តរមានជ័យ ទទួលបានថវិកាបន្ថែម ១០០លានរៀល។
ជុំវិញអ្នកធ្វើចត្តាឡីស័ក បើតាមក្រសួងសុខាភិបាល ឲ្យដឹងថា រហូតដល់ពេលនេះ មានពលករជាង ១,២ម៉ឺននាក់ បានត្រឡប់ពីប្រទេសថៃ ហើយត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក នៅខេត្តជាប់ព្រំដែន ក្នុងប្រទេសកម្ពុជា បន្ទាប់ពីប្រទេសថៃ មានការផ្ទុះរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍យ៉ាងគំហុក នៅខេត្តសាមុតសាខន ហើយបន្តរាលដល់ខេត្តមួយចំនួនជាប់ព្រំដែន ៕ រក្សាសិទ្ធិ ដោយ ពិសិដ្ឋ CEN